អង្គការសង្គមស៊ីវិល និងអ្នកវិភាគ ៖ ការជក់បារីនៅកម្ពុជាមានផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និងសុខភាពប្រជាជន ដែលត្រូវអោយរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចាត់នូវវិធានការអោយបានតឹងរឹងដើម្បីទប់ស្កាត់ និងកាត់បន្ថែមការជក់បារី និងផ្សែងបារី អោយមានប្រសិទ្ធ
លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លើកឡើងថា នៅទូទាំងពិភពលោក ថ្នាំជក់បានសម្លាប់ជីវិតមនុស្សប្រមាណ ៦ លាននាក់ ក្នុងមួយឆ្នាំ ដែលគិតជាមធ្យមប្រមាណ ១៦ ៤៣៨នាក់ ជារៀងរាល់ថ្ងៃ ។ ក្នុងនោះអ្នកដែលស្រូបផ្សែងបារី ពីអ្នកជក់ដោយមិនដឹងខ្លួន មានចំនួន ៦ សែននាក់ ។
ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោក មុំ គង់ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា អត្រាអ្នកដែលស្រូបផ្សែងបារីនៅកម្ពុជា មានប្រមាណ ៧៦% នៅតាមអាហារដ្ឋាន និងភោជនីយដ្ឋាន និងជិត ៥០% នៅកន្លែងធ្វើការ។ យ៉ាងណាលោកបានលើកឡើងដែរ កន្លងទៅច្បាប់នៅកម្ពុជាមានទាក់ទិននឹងបារី ព្រមទាំងបានចេញអនុក្រឹត្យផាកពិន័យចំពោះការជក់បារីនៅទីសាធារណៈថែមទៀតផងដែរ តែយ៉ាងណាវិធានការនេះហាក់មិនមានប្រសិទ្ធភាពនោះឡើយ ។
[…បាទ ផ្សែងនៅប្រទេសកម្ពុជាយើងប៉ះពាល់យើងឃើញថាអឺយើងប្រជាពលរដ្ឋកម្ពុជាយើងរហូតដល់ ៧៦%បច្ចុប្បន្ននេះដែលកំពុងស្រូបផ្សែងបារីពីគេគឺនៅភោជនីយដ្ឋាន និងអាហារដ្ឋាន នេះបើតាមស្រាវជ្រាវរបស់ក្រសួងផែនការចឹងមានន័យថាក្នុងចំណោមប្រជាពលរដ្ឋ ១០០នាក់ គឺមាន ៧៦នាក់កំពុងស្រូបផ្សែងបារីពីគេនៅតាមភោជនីយដ្ឋានអាហារដ្ឋាន ក្នុងនោះក៏មានជិត ៥០% កំពុងតែស្រូបបារីពីគេនៅកន្លែងធ្វើការផងដែរ បើចឹងនៅពេលដែលគាត់ធ្វើអឺស្រូបផ្សែងបារីពីគេហ្នឹងធ្វើអោយគាត់មានការប៉ះពាល់ទៅដល់សុខភាពប្រហាក់ប្រហែលនឹងអ្នកជក់ដែរបាទ...]
ទាក់ទិននឹងបញ្ហានេះ លោក ហង្ស វិទូ អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានផ្ដល់នូវវិធានការមួយចំនួនដល់រដ្ឋាភិបាល ឬ ក្រសួងពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការជក់បារី ដែលបានធ្វើអោយមានផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាសុខភាពពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ។
[…ទី១ គាត់ត្រូវព្យាយាមក្នុងការធ្វើមិច ជក់ខ្លួនប៉ុន្តែគាត់បំពុលដល់គេដល់ឯងហា៎ យើងចេះរកកន្លែងណាជក់អោយសមស្របកុំអោយអាផ្សែងបារីនឹងភាយដល់គេដល់ឯងទៀតធ្វើអោយគេស្រូបទៅគេគ្រោះថ្នាក់ដែរទី១ ទី២ ដូចនៅក្នុងគ្រួសារយើងឃើញនៅក្នុងប្រទេសខ្មែរយើង ភាគច្រើនគាត់អត់សូវយល់ដឹងហេ៎ ប្រពន្ធកូនគាត់អត់ជក់ហេ៎ តែគាត់ជក់ក្នុងផ្ទះគាត់ គឹរាលដាលទាំងអស់បាទ កូនគាត់ក៏ហិត ប្រពន្ធគាត់ក៏ហិតកូនគាត់ក៏ហិត ហៃម៉ែឪគាត់ហិតទាំងអស់គ្នាចឹងទៅ វាស្មើម៉ាគ្រួសាររបស់គាត់គឺថាដូចជក់បារីទាំងអស់គ្នាចឹង ចឹងវានឹងទៅបង្កអោយកើតជាជម្ងឺផ្សេងៗបាន ជាពិសេសផ្សែងរុំសួតនឹងបង្កទៅជាសួតនឹងក្រិនជាដើមហើយកើតជម្ងឺច្រើនមែនទែន ទី៣ រដ្ឋាភិបាលគួរតែរឹតបន្តឹងច្បាប់អ្នកណាដែលជក់បារីតាមទីសាធារណៈយើងអាចអោយអ្នកប្រជាពលរដ្ឋអាចប្ដឹង ឫក៏អឺយកជនហ្នឹងមកព្រមាន ឬមួយមកដាស់តឿនបានចឹងហា៎...]
ជាមួយគ្នានេះ លោក ប៊ុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា លោកគាំទ្រនូវវិធានការរបស់រដ្ឋាភិបាល ឬ ក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ និងបង្ការការជក់បារីនៅតាមទីសាធារណៈ ដែលធ្វើអោយមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដោយការស្រូបនូវផ្សែងបារី ប៉ុន្តែលោកបានស្នើអោយក្រសួងពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរត្រូវតែអនុវត្តវិធានការ និងច្បាប់អោយមានប្រសិទ្ធភាព ដោយមិនមែនគ្រាន់តែនិយាយនោះទេ។
[…មិនមានអ្នកដែលក៏មានការចូលរួមពីប្រជាពលរដ្ឋដែរ បើមិនចឹងទេអាចឹងៗព្រោះថាអឺប្រជាពលរដ្ឋក៏ច្រើនការអឺអ្នកតាមដានការជក់បារីហ្នឹងក៏វាមានលក្ខណតិចតួចចឹងហា៎ ចឹងទាមទារអោយរដ្ឋាភិបាលនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ទាមទារអោយរដ្ឋាភិបាលនឹងអឺ...មានអ្នកដឹកនាំមួយតាមតំបន់ចឹងដើម្បីធ្វើមិចអ្នកធ្វើកិច្ចការហ្នឹង អ្នកណាដែលទទួលបន្ទុកផ្នែកហ្នឹង គឺយើងត្រូវធ្វើការស្រាវជ្រាវអោយច្បាស់លាស់ដើម្បីចាត់វិធានការភ្លាមៗអោយជាគំរូពលរដ្ឋដទៃ...]
សូមរំលឹកថា អត្រាអ្នកដែលស្លាប់ដោយការជក់បារីនៅប្រទេសកម្ពុជាមានចំនួនប្រមាណ ១ ម៉ឺននាក់ ខណៈអ្នកដែលស្លាប់ដោយការស្រូបផ្សែងបារីមានចំនួន ២ លាននាក់ ជារៀងរាល់ឆ្នាំ។ ហើយបើតាមច្បាប់ស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលចូលជាធរមាននៅឆ្នាំ២០១៥ បានហាមឃាត់ជាដាច់ខាតនូវការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នៅតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងណាក្ដី ក៏បច្ចុប្បន្ន នៅតែមានការឃោសនាផលិតផលថ្នាំជក់នៅតាម ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងសាធារណៈមូយចំនួន នៅមានដដែល៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!