គណបក្សនយោបាយ ៖ ការបញ្ជូនក្រុមការងារអន្តរក្រសួងអោយចុះទៅដោះស្រាយបញ្ហាប្រឈមនៅខេត្តព្រះសីហនុ ពីសំណាក់រដ្ឋាភិបាល ហាក់ដូចជាការបញ្ជូនស្រមោលតែប៉ណ្ណោះ ខណៈក្រុមអ្នកវិភាគ ជំរុញអោយរដ្ឋាភិបាលត្រូវអនុវត្តច្បាប់ និងដោះស្រាយបញ្ហាប្រឈមទាំងអស់នោះអោយបានប្រសិទ្ធភាព
ក្រសួងទេសចរណ៍សម្រេចជញ្ជូនក្រុមការងាររបស់ក្រសួងចំនួន ៥ ក្រុម ចុះទៅខេត្តព្រះសីហនុ ដើម្បីធ្វើការដោះស្រាយនូវបញ្ហាប្រឈមនានាដែលកំពុងកើតមានឡើងនៅក្នុងខេត្តជាប់សមុទ្រ និងជាខេត្តទិសដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។
ទាក់ទិននឹងបញ្ហានេះ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានលើកឡើងថា ការបញ្ជូនក្រុមការងារនេះហាក់ដូចជាការបញ្ជូនស្រមោលតែប៉ុណ្ណោះ មិនមានប្រសិទ្ធភាពអ្វីនោះទេ។ លោកបានស្នើអោយរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃគួរតែមានវិធានការអោយបានតឹងរឹងចំពោះជនជាតិចិនដែលបង្កបទល្មើស បើមិនដូច្នេះទេក្រុងព្រះសីហនុនឹងក្លាយជាតំបន់អបគមន៍របស់ជនជាតិចិន។
[…ខ្ញុំកំណត់ឃើញតាំងពីដើមរហូតចំណាត់ការរបស់ថ្នាក់ជាតិ គឺមិនដែលឃើញមានអនុភាពណាមួយអោយវាស្ថិតស្ថេរក៏ដូចជាការព្យាបាលជម្ងឺសង្គមបានទេ ខ្ញុំមិនបានដឹងថាអនុភាពការងាររបស់ពួកគាត់យ៉ាងណាទេណា ជាក់ស្ដែងនៅក្រុងព្រះសីហនុឥឡូវស្ងាត់ស្ងៀមភ្ញៀវជាតិ អន្តរជាតិហើយនៅតែសម្រុកចិននេះឯង ហៃបើចំណាត់ការថ្នាក់ជាតិទៅមិនមានសុពលភាពមិនមានអំណាច ខ្ញុំគិតថាខេត្តព្រះសីហនុ ខេត្តព្រះសីហនុងាយនឹងបាត់បង់មែនទែននៅថ្ងៃអនាគត បាត់បង់របៀបមិចគឺលែងមានភ្ញៀវជាតិ និងអន្តរជាតិទៅលេង ហើយយូរៗទៅក្លាយជាកន្លែងអបគមន៍របស់ជនជាតិចិន...]
ជាមួយគ្នានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លើកឡើងថា ការបង្កើតក្រុមការងារអន្តរក្រសួងនេះ បានបង្ហាញពីភាពវិជ្ជមានមួយរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានៅក្រុងព្រះសីហនុ ក៏ប៉ុន្តែលោក បានជំរុញអោយរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយ និងទប់ស្កាត់បញ្ហាទាំងអស់នេះអោយមានប្រសិទ្ធភាពជាងមុន។
[…ទីក្រុងកន្លែងកំពង់សោមវាមិនមែនជាតំបន់ទេសចរណ៍ដែលដូចពូកគាត់គិតពីដើមហេ៎ បើខ្មែរពីដើមអោយតែដល់ថ្ងៃសម្រាកថ្ងៃអីបុណ្យធំៗអីហ្នឹងគឺមើលឃើញក្រុងព្រះសីហនុជាកន្លែងកំសាន្ត តែឥឡូវនេះវាបានក្លាយជាតំបន់មួយដែលពលរដ្ឋខ្មែរលែងចង់ទៅលែងចង់ឃើញបាទ..នេះជារឿងមួយដែលរដ្ឋាភិបាលត្រូវតែទទួលស្គាល់ ហើយការចាត់ក្រុមផ្សេងៗអឺ ឬក៏អឺ..អន្តរក្រសួងអីសម្រាប់យកទៅគ្រប់គ្រងស្ថានភាពនៅខេត្តព្រះសីហនុគឺជាការឆ្លើយតបជាវិជ្ជមានមួយហើយ ក៏ប៉ុន្តែរដ្ឋាភិបាលត្រូវតែធ្វើថែមទៀតដើម្បីបង្ហាញអំពីទំនុកចិត្តដល់ពលរដ្ឋឡើងវិញ...]
លោក ហង្ស វិទូ អ្នកវិភាកបញ្ហានយោបាយ និងសង្គម បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា ការអនុវត្តច្បាប់នៅប្រទេសកម្ពុជានៅមានកម្រិតដោយមានអ្នកកាងនៅពីក្រោយបទល្មើស ដែលទាមទារអោយរដ្ឋាភិបាលត្រូវតែចាត់វិធានការតាមផ្លូវច្បាប់អោយមានប្រសិទ្ធភាពចំពោះបុគ្គលណាដែលល្មើសច្បាប់។
[…អ្វីដែលជាបញ្ហាសំខាន់បំផុតដែលអាជ្ញាធរធ្វើមិនបានគឺនៅខេត្តព្រះសីហនុហ្នឹង មានជើងកាងខ្លះគាត់កាងនៅហ្នឹងម៉ងចឹងហា៎ ចឹងធ្វើអោយអាជ្ញាធរខ្លះខ្លាចបុណ្យស័ក្កគាត់ខ្លាចអំណាចរបស់គាត់ចឹងហា៎ ចឹងធ្វើកិច្ចការងារនៅមានកម្រិតច្រើនបើយើងប្រៀបធៀបទៅនឹងការអនុវត្តច្បាប់ជាក់ស្ដែងហា៎ អឺចឹងដើម្បីអោយអឺប្រសិទ្ធភាពការងារនឹងបានសម្រេចវាលុះត្រាតែអាជ្ញាធរ ជាពិសេសលោកធំៗនៅខាងលើគាត់ត្រូវតែចុះសង្កេតការណ៍ដោយខ្លួនឯង ហើយមើលថាតើអ្នកណាខ្លះដែលមានឥទ្ធិពលមានអំណាចនៅកន្លែងហ្នឹងដែលច្បាប់មិនហ៊ានធ្វើអីគាត់ហា៎...]
វិទ្យុសំឡេងយុវជន វីអូវ៉ាយ មិនអាចសុំការបញ្ជាក់ពីលោក ទិត ចន្ថា អ្នកនាំពាក្យក្រសួងទេសចរណ៍បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
គួររំលឹកដែរថា កន្លងទៅថ្មីៗនេះ ក្រោយមានការកើតឡើងបញ្ហាប្រឈមជាច្រើននៅក្នុងខេត្តព្រះសីហនុ រួមមាន បញ្ហាបរិស្ថាន ចោរកម្ម ការជួញដូរគ្រឿងញៀន ឃាតកម្ម និងអំពើហឹង្សា ជាដើម ដែលបញ្ហាទាំងអស់នេះភាគច្រើនបង្កឡើងដោយជនជាតិចិន ក្រសួងមហាផ្ទៃក៏បានបញ្ជូនក្រុមការងារចំពោះកិច្ចមួយរបស់ក្រសួងចុះទៅពិនិត្យ និងតាមដានដោយផ្ទាល់ក្នុងខេត្តព្រះសីហនុ តែហាក់មិនមានប្រសិទ្ធភាពអ្វីនោះទេ ។
សូមបញ្ជាក់ថា តាមការបញ្ជាក់របស់លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឆ្នាំ ២០១៨ នេះ ជនជាតិចិនដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ២១ ម៉ឺននាក់ ក្នុងនោះមានជាង ៧ ម៉ឺននាក់ ដែលកំពុងតែស្នាក់នៅ និងរកស៊ី នៅខេត្តព្រះសីហនុ។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុដែលធ្លាប់ជាតំបន់ទេសចរណ៍ ដែលមានភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករទៅលេងនោះ ហាក់ថមថយខ្លាំង ហើយបង្វែរគោលដៅទេសចរណ៍ទៅកាន់បណ្តារខេត្តផ្សេងៗវិញ ដោយសារតែ ខេត្តព្រះសីហនុបច្ចុប្បន្នសំបូរដោយជនជាតិចិន ហើយក្នុងនោះ ជនជាតិចិនមួយចំនួន បានអុកឡុក វាយតប់ បាញ់បោះ បង្កភាពអនាធិបតេយ្យ ហើយងាកមកមើលហេដ្ឋារចនាសម្ព័ន្ធវិញ ផ្លូវខូចស្ទើរគ្រប់ទីកន្លែង សម្រាមគរគ្រប់តំបន់ ដោយហាក់មិនមានការអើពើរពីសំណាក់សមត្ថកិច្ចជំនាញនោះឡើយ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!