អង្គការសង្គមស៊ីវិល លើកឡើងផ្ទុយពីគ្នា ចំពោះការបង្កើតក្រុមការងាររបស់រដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល ខណៈ អ្នកវិភាគ នឹងរង់ចាំមើលនូវយន្តការធ្វើការងារ និងការដោះស្រាយបញ្ហានានារបស់អង្គការសង្គមស៊ីវិលដែលកំពុងជួបប្រទះជាមុនសិន
ថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយដើម្បីដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាដៃគូរយ៉ាងសំខាន់ជាមួយរដ្ឋាភិបាលក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើនផងដែរ។
ជុំវិញបញ្ហានេះ លោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានប្រាប់វិទ្យុសំឡេងយុវជន វិអូវ៉ាយ នៅថ្ងៃទី ៧ ខែ វិច្ឆិកានេះថា ការបង្កើតក្រុមការងារនេះ គឺជាចំណុចវិជ្ជមានមួយរបស់រដ្ឋាភិបាលបានស្ដារឡើងវិញនូវភាពជាដៃគូរ និងកិច្ចសហការគ្នា រវាងរដ្ឋាភិបាល និងសង្គមស៊ីវិល តែអ្វីដែលសំខាន់នោះ គឺការអនុវត្តការងាររបស់ក្រុមការងារដែលទើបតែបង្កើតថ្មីថ្មោងនេះ មានឥទ្ធិពលយ៉ាងណា។
[…អឺតាមពិតវាល្អដែលអឺរដ្ឋាភិបាលបង្កើតគណកម្មការដោះស្រាយបញ្ហាអង្គការសង្គមស៊ីវិល ដែលមានក្រសួងមហាផ្ទៃ និងអង្គការសង្គមស៊ីវិលក្នុងការចូលរួមដោះស្រាយបញ្ហាទាំងអស់គ្នា ហើយចំនុចនេះជាចំនុចចាប់ផ្ដើមនៃការស្ដារភាពជាដៃគូររវាងក្រសួងមហាផ្ទៃ រដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិលក្នុងការធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍអឺ.....ដូចជាការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ហើយនឹងដំណើរការនូវការកសាងទំនុកចិត្តគ្នា ហើយជាមួយគ្នាក្នុងភាពជាដៃគូររវាងអង្គការសង្គមស៊ីវិល...]
លោកបានបញ្ជាក់ថា រដ្ឋាភិបាល ជាពិសេសក្រសូងមហាផ្ទៃត្រូវបង្កើនការពិភាក្សា និងមានការប្រជុំអោយបានជាប្រចាំជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។
[…សម្រាប់យន្តការខ្ញុំគិតថាយន្តការដែលបង្កើតគណកម្មការហ្នឹងគឺមានហើយ តែការអនុវត្តហ្នឹងដូចខ្ញុំលើកឡើងចឹងថាយើងត្រូវមានការជជែកពិភាក្សាបន្ថែមទៀត អឺដូចជាការរៀបវេទិការ ការរៀបចំកិច្ចប្រជុំនានារវាងអង្គការសង្គមស៊ីវិលជាមួយរដ្ឋាភិបាល ក្រសួងអោយបានជាប់លាប់តាមរយៈប្រចាំខែ ប្រចាំត្រីមាស ឬក៏ប្រចាំឆមាស ហើយការរៀបចំនឹង គួរតែធ្វោះឡើងចាប់ពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុកផងដែរ...]
ជាមូយគ្នានេះ នាយកប្រតិបត្តិអង្គការ YRDP លោក ជាង សុខា បានបញ្ជាក់ថា នេះជាយន្តការមួយដែលរដ្ឋាភិបាលបានធ្វើជាយូរមកហើយ ក្នុងការដែលមានរដ្ឋាភិបាលបង្កើតនូវក្រុមការងារនេះ ក្រុមការងារនោះដើម្បីដោះស្រាយបញ្ហានានាដែលតែងកើតមានឡើងនៅក្នុងសង្គមកម្ពុជា តែហាក់មិនសូវមានប្រសិទ្ធភាពទេ ។
[…បាទអរគុណច្រើនអូននឹងហើយចេះទាក់ទងជាមួយរឿងការបង្កើតយន្តការដើម្បីដោះស្រាយបញ្ហាមិនថាឡើយសម្រាប់អង្គការសង្គមស៊ីវិលទោះបីបញ្ហារឿងដីធ្លី ឬក៏បញ្ហាផ្សេងហ្នឹងយើងឃើញថា នៅក្នុងសង្គមយើងនឹងមានយន្តការច្រើន ហៃគ្រាន់តែជាបទពិសោធន៍ ឬការសង្កេតឃើញថាយន្តការមិនសូវជាដើររលូនទេ ឬប្រសិទ្ធភាពទេដូចជាបញ្ហាករណីដីធ្លីជាដើមយើងឃើញឧទាហរណ៍ស្រាប់ ចឹងសម្រាប់ខ្ញុំគ្មានអីដែលប្លែកទេក្នុងការបង្កើតយន្តការផ្សេងៗដើម្បីឆ្លើយតបទៅនឹងបញ្ហា ឬក៏បង្កើតក្រុមការងារដើម្បីឆ្លើយតប ឬដោះស្រាយបញ្ហាដែលកើតមាននឹង...]
ដោយឡែក លោក ប៊ុង ដែត សមាជិកក្រុមអ្នកវិភាគវ័យក្មេង បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា លោកហាក់មិនទាន់ជឿជាក់លើក្រុមការងារមួយនេះនៅឡើយទេ ដោយលោកនឹងរង់ចាំមើលនូវយន្តការធ្វើការងារ និងការដោះស្រាយបញ្ហានានារបស់អង្គការសង្គមស៊ីវិលដែលកំពុងជួបប្រទះជាមុនសិន ថាតើរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធអនុវត្តបានកម្រិតណា។
[…ខ្ញុំឃើញតែហេ៎ការស្នើឡើងធ្វើការក្នុងក្រុមការងារបច្ចេកទេស ពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិលខ្ញុំមិនទាន់ជឿ១០០%ទេ ចាំមើលសិនពីព្រោះថា អឺវាមិនសូវជាមានចំណុចណាមួយដែលឃើញទៅដូចជាមើលទៅមានការរអាក់រអួរការពិភាក្សាអង្គការសង្គមស៊ីវិល និងរដ្ឋាភិបាលភាគច្រើនទេចឹងហា៎ តែយើងចាំមើលតទៅទៀតសិនខ្ញុំអត់ Comment (ខំមិន)លើរឿងហ្នឹងទេ ពីគ្រោះថាអ្វីដែលធ្វើហ្នឹង យើងចាំមើលថាតើរដ្ឋាភិបាលជាទម្លាប់របស់គាត់គឹ សន្យា ធ្វើ ព្រមាន …]
វិទ្យុសំឡេងយុវជន វីអូវ៉ាយ មិនអាចសុំការបញ្ជាក់ពី អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
គូររំលឹកដែរថា កន្លងទៅថ្មីៗនេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ធ្លាប់លើកឡើងដែរថា អង្គការសង្គមស៊ីវិលនៅកម្ពុជា គឺជាដៃគូរយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើន ដោយលោកបានបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ គ្រោងនឹងជួបប្រជុំជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សា និងដោះស្រាយសំណូមពររបស់សង្គមស៊ីវិលដែលកំពុងជួបប្រទះផងដែរ។
សូមបញ្ជក់ថា តាមការបញ្ជាក់ពីលោក ខៀវ សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសូងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្នមានអង្គការសង្គមស៊ីវិល និងសមាគមន៍ ប្រមាណ ៥០០០ ដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ដែលការបង្កើតនេះក៏មានអង្គការសង្គមស៊ិវិលខ្លះសាទរ និងខ្លះទៀតថាគ្រាន់តែបង្កើតឡើងជាការល្អមើលតែប៉ុណ្ណោះ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!