អ្នកវិភាគ និងសង្គមស៊ីវិល ជឿជាក់ថាការស្នើសុំដោះលែងលោក កឹម សុខា ពីសំណាក់អ្នករាយការណ៍ពិសេសរបស់ U.N អាចនឺងមានប្រសិទ្ធភាព ក៏ប៉ុន្តែក្នុងរយៈពេលណាមួយមិនទាន់ប្រាកដនោះឡើយ
ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ១១ ថ្ងៃ នៅក្នុងប្រទេសកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត បានស្នើសុំអោយរដ្ឋាភិបាលធ្វើការទម្លាក់ការចោទប្រកាន់ផ្សេងៗ និងដោះលែងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំខ្លូននៅក្នុងផ្ទះរបស់លោកផ្ទាល់ ។
ទាក់ទិនករណីនេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានលើកឡើងថា កញ្ញាជឿជាក់ថានឹងមានការដោះលែង លោក កឹម សុខា អោយមានសេរីភាពពិតប្រាកដ តែអំឡុងពេលសមស្របណាមួយកញ្ញាមិនទាន់ដឹងនោះទេ ។
[…ចំពោះបងមកដល់បើយើងថា អឺអន្តរជាតិវាមិនមានឥទ្ធិពលជារបស់យើងបងយល់ឃើញថាវាជារឿងមួយដែលយើងពិបាកបដិសេដ ចឹងតិច ឬច្រើនយើងត្រូវតែទទួលពីឥទ្ធិពលដែលអន្តរជាតិបានធ្វើកន្លងមកជាមួយកម្ពុជា ហើយចំឡែករឿងដែលយើងរំពឹងថាតើរដ្ឋាភិបាលគាត់មិនអាចមានលទ្ធភាពនៅក្នុងការអនុវត្តតាមលការស្នើសុំរបស់តំណាងអង្គការសហប្រជាជាតិដែរឬទេអាហ្នឹងអឺជាទស្សនៈបងបងមើលឃើញថា វានឹងមានការដោះលែងហើយ ប៉ុន្តែបងក៏មិនប្រាកដថាតើនៅក្នុងអំឡុងពេលឆាប់ខាងមុខ ឬក៏នៅក្នុងអំឡុងពេល ១២ខែនៃដំណើរការក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធហ្នឹងដែរ...]
ជាមួយគ្នានេះ លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា ការស្នើសុំដោះលែងលោក កឹម សុខា គឺជាលក្ខខណ្ឌមួយរបស់អន្តរជាតិជាមួយរដ្ឋាភិបាលកម្ពុជា តែការស្នើសុំនេះ មានឥទ្ធិពល ឬ មិនមានឥទ្ធិពល ជាសិទ្ធសម្រេចរបស់រដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។
[…អឺការវិវត្តនៃនយោបាយថ្មីៗនេះ ជាពិសេសខាងភាពល្អក់កករនៅពេលដែលអឺដែលក្រោយមានការរំលាយគណបក្សប្រឆាំងនឹងមកធ្វើអោយលក្ខខណ្ឌមួយចំនួនក៏ត្រូវមជ្ឈដ្ឋានអន្តរជាតិលើកឡើងហើយដាក់ជាលក្ខខណ្ឌដាក់ជាលក្ខខណ្ឌចឹងខ្ញុំយល់ថា នៅពេលដែលនោះជាលក្ខខណ្ឌក្នុងករណីដោះលែងលោក កឹម សុខា ករណីអឺស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ជាលក្ខខណ្ឌហើយអឺស្ថានភាព ឬទំនាក់ទំនងអឺល្អឡើងវិញរបស់រដ្ឋាភិបាលជាមួយបណ្ដាប្រទេសទាំងអស់នោះជាមួយអង្គការអន្តរជាតិទាំងអស់នោះវាអាចល្អឡើងវិញបើសិនជាលក្ខខណ្ឌរបស់ពួកគេត្រូវបានឆ្លើយតបបែបវិជ្ជមានពីរដ្ឋាភិបាល...]
លោកបានបញ្ជាក់ថា បញ្ហានយោបាយគួរតែអ្នកនយោបាយធ្វើការដោះស្រាយជាមួយគ្នាដើម្បីផលប្រយោជន៍រួម សម្រាប់ជាតិ និងប្រជាពលរដ្ឋ ។
[…គឺមានអីក្រៅពីពីការផ្សះផ្សារផ្នែកនយោបាយនឹងទេ ការផ្សះផ្សារនយោបាយអឺវាជាផ្នែកមួយដែរការដោះលែងលោក កឹម សុខា ក៏ជាផ្នែកនៃការផ្សះផ្សារនយោបាយនៅកម្ពុជាដែរ ចឹងជម្រើសមួយនេះបើតួអង្គពាក់ព័ន្ធគិតពីប្រយោជន៍រួមខ្ញុំគិតថាវាអាចមានដំណោះស្រាយ និងអាចមានការឆ្លើយតបជាវិជ្ជមានណាមួយទៅលើករណីស្នើសុំរបស់លោកស្រី រ៉ូណា ស្មីត ហ្នឹង...]
វិទ្យុសំឡេងយុវជន វីអូវ៉ាយ មិនអាចសុំការឆ្លើយតបពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តីបាននោះទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។
សូមរំលឹកថា លោកស្រី រ៉ូណា ស្មីត បានមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ១១ ថ្ងៃចាប់ពីថ្ងៃទី២៩ តុលា ដល់ថ្ងៃទី ៨ ខែវិច្ឆិកា។ ក្នុងទស្សនកិច្ចនេះលោកស្រី រ៉ូណា ស្មីត ក៏បានជួបមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តំណាងមន្ត្រីសង្គមស៊ីវិល និងអ្នកការទូតនៅកម្ពុជាជាដើម។ ក្នុងនោះដែរ លោកស្រី ក៏បានស្នើជួបលោក កឹម សុខា ផងដែរ ក៏ប៉ុន្តែត្រូវមន្ត្រីតុលាការក្រុងភ្នំពេញមិនអនុញ្ញាតអោយលោកស្រីចូលជួបនោះទេ។
សូមបញ្ជាក់ផងដែរ លោក កឹម សុខា ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីអំឡុងឆ្នាំ ២០១៧ ដោយចោទពីបទ ក្បត់ជាតិ ។ លោក កឹម សុខា ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ។ ក្នុងពេលថ្មីៗនេះ តុលាការក៏សម្រចយកលោក កឹម សុខា មកឃុំខ្លួននៅក្នុងផ្ទះរបស់លោកវិញ ដោយសារមានបញ្ហាសុខភាព តែត្រូវបានហាមឃាត់មិនចេញ និងជួបអ្នកណានោះទេបើគ្មានការអនុញ្ញាតពីតុលាការ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!