Commentary: ទំនាក់ទំនងចិននិងប្រេស៊ីល
ប្រទេសប្រេស៊ីលអាចនឹងត្រូវទទួលបានការលើកទឹកចិត្តផ្នែកវិនិយោគក្នុងទឹកប្រាក់ចំនួន 53,000 លានដុល្លាសហរដ្ឋអាមេរិក ពីប្រទេសចិន ។
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥
លោក នាយករដ្ឋមន្រ្តីចិន លី កឺឈៀង ជួបជាមួយលោក លូអ៊ីស ហ្វឺរណាន់តូ ពិសៅ អភិបាលរដ្ឋ រិអូ ឌឹ ចាណេរ៉ូ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ (Photo by Xinhua)
ក្រុមអ្នកវិភាគបានឱ្យដឹងថា ប្រទេសប្រេស៊ីលអាចនឹងត្រូវទទួលបានការលើកទឹកចិត្តផ្នែកវិនិយោគក្នុងទឹកប្រាក់ចំនួន 53,000 លានដុល្លាសហរដ្ឋអាមេរិក ពីប្រទេសចិន ប៉ុន្តែនឹងមិនមែនជាការឆ្លាតទាល់តែសោះ បើប្រទេសដ៏ធំនៅអាមេរិកខាងត្បូងមួយនេះ សម្លឹងឃើញការវិនិយោគពីប្រទេសមហាអំណាចនៅអាស៊ី ជាឳសថកែរោគមួយពាន់មុខ អាចព្យាបាលបញ្ហាសេដ្ឋកិច្ចប្រទេសបាននោះ។
លោក នាយករដ្ឋមន្រ្តី លី កឺឈៀង មេដឹកនាំចិន ទើបនឹងបញ្ចប់ការធ្វើទស្សនកិច្ចនៅប្រទេសប្រេស៊ីលចំនួន៣ថ្ងៃ កាលពីថ្ងៃពុធសប្តាហ៍មុននេះ ព្រមទាំងបានសាល្បងជិះរថភ្លើងក្រោមដីដែលផលិតនៅប្រទេសចិន ដែលនាំយកទៅប្រើក្នុងបណ្តាញរថភ្លើងក្រោមដីថ្មីក្នុងទីក្រុង រិអូ ឌឹ ចាណេរ៉ូ មុនការប្រកួតកីឡាអូឡាំពិក ។ លើសពីនេះទៀត ចិនបានសំរេចនូវកិច្ចព្រមព្រៀងជាច្រើនច្បាប់ ដែលប្រេស៊ីលសង្ឃឹមថា នឹងជួយប្រស់ជីវិតសេដ្ឋកិច្ចដែលដុនដាបរបស់ប្រទេស ដោយលោកប្រធានាធិបតី ឌីលម៉ា រ៉ូសេហ្វ មេដឹកនាំប្រទេសប្រេស៊ីល សំដែងនូវអំណរសាទរចំពោះការវិនិយោគដូចបានពោល ខណៈដែលមានការទស្សន៍ទាយយ៉ាងទូលំទូលាយថា សេដ្ឋកិច្ចប្រទេសប្រេស៊ីលនឹងធ្លាក់ចុះទៀតនៅក្នុងឆ្នាំនេះ ។
ស្រ្តីមេដឹកនាំប្រទេសប្រេស៊ីល សង្ឃឹមយ៉ាងមុតមាំថា ប្រាក់វិនិយោគដ៏មហាសាលពីប្រទេសចិននឹងជួយស្តារហេដ្ឋារចនាសម្ព័ន្ធដែលទ្រុតទ្រោម មុននឹងទីក្រុង រិអូ ឌឹ ចាណេរ៉ូ ក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ដែលនឹងប្រារព្ធឡើងនៅទ្វីបអាមេរិកខាងត្បូងជាលើកដំបូងក្នុងឆ្នាំ ២០១៦ខាងមុខនេះ ។
លោកនាយករដ្ឋមន្ត្រីចិនបានថ្លែងថា ប្រទេសចិនសង្ឃឹមថា នឹងសាងសង់រោងចក្រជាច្រើនកន្លែងនៅក្នុងប្រទេសប្រេស៊ីល ហើយនឹងទទួលបណ្តុះបណ្តាលមន្ត្រីមូលដ្ឋាននិងបង្វឹកកម្មករប្រេស៊ីល ។ ម៉្យាងទៀតចិនកំពុងសម្លឹងឆ្ពោះទៅមុខនូវផែនការដឹកជញ្ជូនភ្ជាប់ឆ្នេរសមុទ្រខាងកើតនៃប្រទេសប្រេស៊ីល ជាមួយឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសប៉េរូ ដោយឆ្លងកាត់ផ្លូវដែកឆ្លងទ្វីប ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន ចល័តទំនិញនាំចេញរបស់ប្រេស៊ីលទៅកាន់ប្រទេសចិន ដែលលោក អាម៉ាន់ដូ ម៉ុនតេរ៉ូ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មប្រទេសប្រេស៊ីល បានថ្លែងថា បណ្តាញផ្លូវរថភ្លើងនេះ នឹងត្រូវប្រើសាច់ប្រាក់វិនិយោគខ្ពស់ដល់ទៅ 30,000 លានដុល្លាសហរដ្ឋអាមេរិកឯណោះ ។
ប្រទេសប្រេស៊ីលត្រូវគ្រប់គ្រងចាត់ចែងយ៉ាងប្រុងប្រយ័ត្នភារៈបំណុលដែលកើតឡើង ហើយជឿថា នឹងត្រូវការថវិកាប្រមាណ 70,000 លានដុល្លាសហរដ្ឋអាមេរិកទៀតបន្ថែមពីលើការផ្តល់ជូនដោយប្រទេសចិន ដើម្បីចាត់ការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលគ្មានប្រសិទ្ធិភាព ។ លោក លុយ ខាសស្ត្រូ ណេបេស អតីតឯកអគ្គរដ្ឋទូតប្រទេសប្រេស៊ីលប្រចាំនៅទីក្រុងប៉េកាំង ហើយឥឡូវនេះទទួលតំណែងជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលដើម្បីទំនាក់ទំនងអន្តរជាតិនៃប្រទេសប្រេស៊ីល បានព្រមានថាផែនការរបស់ចិន "ត្រឹមជាការតាំងចិត្ត " ឲ្យមានលទ្ធផលវិជ្ជមានក្រោយការធ្វើដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី លី កឺឈៀងប៉ុណ្ណោះ តែប្រទេសប្រេស៊ីលក៏ត្រូវពិចារណាអ្វីទាំងអស់នេះដោយការប្រុងប្រយ័ត្ន ដោយសារគម្រោងជាច្រើនកាលពីអតីតកន្លងមក មិនដែលត្រូវបានអនុវត្តតាមផែនការពិតប្រាកដនោះឡើយ ។
កិច្ចព្រមព្រៀងសំខាន់ៗចំនួន ៣៥ច្បាប់ ជាកិច្ចព្រមព្រៀងផ្នែកហិរញ្ញវត្ថុនិងកិច្ចសហប្រតិបត្តិការ មានតម្លៃ 7,000 លានដុល្លាសហរដ្ឋអាមេរិក សម្រាប់សហគ្រាសប្រេងឥន្ទនៈប៉េត្រូប្រាស់ ក្រុមហ៊ុនប្រេងដ៏ធំរបស់រដ្ឋាភិបាលប្រេស៊ីល ។ កិច្ចព្រមព្រៀងមានតម្លៃ 1,300 លានដុល្លាសហរដ្ឋអាមេរិកដើម្បីលក់យន្តហោះពាណិជ្ជ អេមបើរអ៊ែរ៍របស់ប្រេស៊ីល ២២គ្រឿង ឲ្យទៅក្រុមហ៊ុនអាកាសចរណ៍ធៀនជីនអ៊ែរ៍របស់ចិន ។
ចំណែក វ៉ាឡេ ក្រុមហ៊ុនផលិតដែកថែបធំបំផុតលើពិភពលោករបស់ប្រេស៊ីល ក៏បានប្រកាសភាពជាដៃគូជាមួយប្រទេសចិន វិស័យការដឹកជញ្ជូនដែកតាមសមុទ្រ ដោយមានការលក់នាវាផ្ទុកដែកចំនួន៤គ្រឿង ឲ្យទៅក្រុមហ៊ុន China Merchants Energy Shipping ហើយនៅមានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន ដើម្បី ខ្ចីប្រាក់ វិនិយោគរហូតដល់ទៅ 4,000 លានដុល្លាសហរដ្ឋអាមេរិក ។ ក្រៅពីនេះ ចិនក៏បានទទួលពាក្យឈប់ហាមឃាត់ការនាំចូលសាច់គោពីប្រទេសប្រេស៊ីល ហើយបានចុះកិច្ចសន្យាសាងសង់ផ្លូវដែកពីកំពង់ផែសាន់តូស ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល តភ្ជាប់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកជាមួយប្រទេសជិតខាងមួយ ដែលជាចម្ងាយផ្លូវសរុបប្រវែងជាង 3,500 គីឡូម៉ែត្រ ។
កាលពីថ្ងៃពុធមុន មន្ត្រីរដ្ឋាភិបាលប្រទេសប្រេស៊ីលបានទទួលស្គាល់ថា បណ្តាញសាងសង់់ផ្លូវរថភ្លើងនេះនៅមិនទាន់ច្បាស់លាស់ គឺនៅឆ្ងាយពីការពិតណាស់ វាជាគម្រោងចាស់ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ហើយខណៈនេះត្រូវបាននាំយកមកបោសសំអាតធូលីជាថ្មីម្តងទៀត ដោយសារនៅមានបញ្ហាជាច្រើនយ៉ាងត្រូវជម្នះ ដូចជា បញ្ហាបរិស្ថាន និងបញ្ហាសិទ្ធិដីធ្លី ។ យ៉ាងណាក៏ដោយ ទោះបីចិនជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ រឿងដៃគូពាណិជ្ជកម្មជាមួយប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ ២០០៩ ដោយតម្លៃពាណិជ្ជកម្មនៃប្រទេសទាំងពីរ កើនឡើងពី 6,500 លានដុល្លាសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០០៣ ដល់ 83,300 លានដុល្លាសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០១២ ប៉ុន្តែកាលបើនិយាយពីការវិនិយោគផ្ទាល់ក្នុងប្រទេសប្រេស៊ីលវិញនោះ ប្រទេសចិននៅស្ថិតក្នុងចំណាត់ថ្នាក់លេខ១២ ក្រោមប្រទេសជាច្រើនផ្សេងទៀត
ដោយហេតុនេះឯង ទើបប្រទេសប្រេស៊ីលព្យាយាមយ៉ាងខ្លាំងក្នុងការភ្ជាប់ចំណងទាក់ទងវិស័យសេដ្ឋកិច្ចជាមួយប្រទេសចិននោះ ៕
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!