រដ្ឋមន្ត្រីក្រសួងសុខាភិបាល ៖ពលរដ្ឋខ្មែរដែលទៅព្យាបាលជំងឺនៅក្រៅប្រទេសមិនមានចំនួនច្រើននោះ បានទទូលការប្រតិកម្មពីសំណាក់អ្នកវិភាគ និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហាក់ផ្ទុយពីរឿងពិតជាក់ស្តែង ខណៈពេលដែលពលរដ្ឋបានចេញទៅព្យាបាលនៅបរទេសច្រើនពិតមែន
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា មិនមានប្រជាពលរដ្ឋខ្មែរច្រើននោះទេដែលចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស ខណៈមានការលើកឡើងថាមានពលរដ្ឋខ្មែរបានចេញទៅព្យាបាលនៅក្រៅប្រទេសជាច្រើន មានដូចជា ប្រទេសថៃ វៀតណាម ចិន និងសិង្ហបុរី ជាដើម ការចេញទៅព្យាបាលនេះ មានកត្តាច្រើនយ៉ាងក្នុងនោះ គុណភាពសេវាសុខាភិបាលនៅកម្ពុជាមានកម្រិត បច្ចេកទេសមិនគ្រប់គ្រាន់ អាការៈជម្ងឺធ្ងន់ធ្ងរ និងមួយវិញទៀត គឺមិនទុកចិត្តពេទ្យនៅកម្ពុជាមួយចំនួន។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ការឆ្លើយរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលគ្រាន់ជាឡោះដោះសារតែប៉ុណ្ណោះ ដើម្បីការពារខ្លួនពីការរិះគន់វិស័យសុខាភិបាលដែលហាក់នៅមានកម្រិតខ្សោយនៅឡើយ ហើយក្រសួងត្រូវតែទទួលស្គាល់នូវអ្វីដែលជាការពិត ដែលមានប្រជាពលរដ្ឋខ្មែរបានចេញទៅព្យាបាលជំងឺនៅបរទេសច្រើនពិតមែន។
[…អាហ្នឹងអាហ្នឹងទាល់ប្រជាជននៅក្នុងប្រទេសហៃរួមទាំងមនុស្សជាច្រើនត្រូវមានគេចាត់ទុកជាមនុស្សមញ៉ូមបានថាអត់ដឹងរឿងហ្នឹងហា៎ បាក្នុងទំនួលខុសត្រូវរបស់គាត់គាត់ត្រូវតែមានផែនការមួយជាក់លាក់ហើយទទួលស្គាល់ថាជែវិញ ថាប្រសិនជាធ្លាប់មានករណីប្រជាជនគាត់ទៅព្យាបាលនៅក្រៅប្រទេសក្រសួងនឹងព្យាយាមដោះស្រាយ និងពង្រឹងប្រព័ន្ធសុខាភិបាលក្នុងស្រុកអោយមានឧត្តមភាពអោយប្រកបដោយប្រសិទ្ធភាពអោយមានតម្លាភាពដើម្បីអឺ..ជាទីទុកចិត្តរបស់ប្រជាពលរដ្ឋជាជាងទៅនិយាយថាអត់សូវមានអ្នករត់ទៅព្យាបាលនៅបរទេសអាការនិយាយបែបហ្នឹងវាជាឡោះដោះសារដើម្បីកុំអោយគេឃើញប្រព័ន្ធសុខាភិបាលខ្សោយចឹង...]
ស្រដៀងគ្នានេះដែរ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានចោទសួរថា អ្នកដែលនិយាយថាចំនួនពលរដ្ឋចេញទៅព្យាបាលនៅក្រៅប្រទេសមិនមានចំនួនច្រើនទេនៅពេលដែលគាត់ឈឺ ថាតើគាត់ទៅព្យាបាលនៅឯណា? គាត់បានព្យាបាលនៅមន្ទីរពេទ្យស្រុកខ្មែរដែរឬទេ? ។
[…បងចង់អោយគាត់គិតខ្លួនឯងថា នៅពេលដែលគាត់ឈឺតើគាត់មានព្យាបាលនៅស្រុកខ្មែរទេ នៅពេលដែលមន្រ្តីធំៗឈឺ ជាពិសេសនាយករដ្ឋមន្រ្តីឈឺគាត់ទៅពិនិត្យសុខភាបនៅឯណា នៅសាំងហ្គាពួរ ចឹងមានន័យថា ប្រព័ន្ធព្យាបាលយើងយ៉ាងមិចបានជាយើងមិនព្រមក្រឡេកមើលថាទាំងអស់នឹងហៃយើងគិតថា វាល្អហើយដោយយើងមិនបានទៅទទួលសេវាទាំងអស់ហ្នឹងផង ចឹងបានមន្ត្រីរាជការមួយចំនួនគាត់ព្យាយាមការពារបង្ហាញថាប្រព័ន្ធសុខភាពសុខាភិបាលនៅកម្ពុជាគឺអាចទទួលយកបាននៅក្នុងអំឡុងពេលដែលគាត់កំពុងតែទៅព្យាបាលនៅក្រៅប្រទេស ចឹងអាហ្នឹងវាជាបរិបទមួយដែលបង្ហាញថា តើអាការលើកឡើងនិងការអនុវត្តជាក់ស្ដែងវាអឺ..អឺស៊ីគ្នាដែរទេ...]
អ្នកវិភាគរូបនេះ បានបញ្ជាក់ថា មូលហេតុដែលធ្វើអោយពលរដ្ឋ ក៏ជាមន្រ្តីជាន់ខ្ពស់មួយចំនួនចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស គឺដោយសារ ប្រជាពលរដ្ឋមិនមានការជឿជាក់លើប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសកម្ពុជាដែលនៅមានកម្រិត ។
វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពីអ្នកនាំក្រសួងសុខាភិបាល លោក លី សូវ៉ាន់ បាននោះឡើយ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
គួររំលឹកដែរថា បច្ចុប្បន្ន កុំថាឡើយតែពលរដ្ឋ សូម្បីតែមន្ត្រីរដ្ឋាភិបាលសំខាន់ៗខ្លះ ដូចជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេស ដូចជាទៅសិង្ហបុរី និងប្រទេសបារាំង ជាដើម។ មូលហេតុដែលពលរដ្ឋខ្មែរនាំគ្នាចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសនេះ ដោយសារតែពលរដ្ឋខ្មែរគ្មានការជឿទុកចិត្តទៅលើសមត្ថភាពគ្រូពេទ្យខ្មែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនប្រជាជនកម្ពុជាដែលបានចេញទៅពិនិត្យ និងព្យាបាលជំងឺនៅក្រៅប្រទេសមានការកើនឡើងគួរអោយកត់សម្គាល់ ជាពិសេសប្រជាជនដែលថវិការមួយចំនួនបាននាំគ្នាទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យសុរិន្ទប្រទេសថៃជាច្រើន៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!