អ្នកជំនាញផ្នែកចរាចរណ៍ អ្នកវិភាគ និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖បញ្ហាការស្ទះចរាចរណ៍សព្វថ្ងៃ គឺ បណ្ដាលមកពីកត្តាយានយន្តមានការកើនឡើង ការបើកបរមិនគោរពច្បាប់ និងប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ដឹងពីច្បាប់ចរាចរណ៍
លោក អៀរ ចរិយា អ្នកជំនាញផ្នែកចរាចរណ៍ យល់ឃើញ បច្ចុប្បន្នកត្តាដែលនាំឲ្យមានការកកស្ទះចរាចរណ៍ គឺបណ្ដាលមកពីមានការកើនឡើងនៅកត្តាយានយន្ត និងការបើកបរមិនគោរពច្បាប់ចរាចរណ៍ផងដែរ ។
[…បាទការកកស្ទះចរាចរណ៍បណ្ដាលមកពីមូលហេតុទីមួយគឺដោយសារតែកំណើនយានយន្ត នៅក្នុងរាជធានីភ្នំពេញមានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំហ្នឹង កំណើនខ្ទង់ពីម្ភៃទៅសាមសិបភាគរយហើយអញ្ជឹងបើក្នុងរយៈពេលបួនទៅប្រាំឆ្នាំ កំណើនយានយន្តវាកើនឡើងពីដងហើយ មួយគុណនិងពីរហើយអញ្ជឹងបើស្រមៃមើលបូនឆ្នាំទៀត យានយន្តរាល់ងៃកើនឡើងពីដង ផ្លូវរបស់យើងនៅដដែលចឹងការកកស្ទះកាន់តែមានភាពវីវរខ្លាំងណាស់ ហើយមូលហេតុទីពីរគឺការមិនគោរពច្បាប់ ដែលចូលរួមចំណែកដែលធ្វើអោយមានការកកស្ទះហ្នឹងដែរដូចជាការបើកបរបញ្រ្ជាស់ទិសការមិនគោរពផ្លាក់សញ្ញាគំនូសសញ្ញាអីជាដើម ក្នុងការចតរឺក៏ឈប់ដោយមិនគោរពទៅតាមអីនេះដែលធ្វើអោយមានការកកស្ទះក្នុងរាជធានីភ្នំពេញយើងនេះ…]
អ្នកជំនាញរូបនេះ ក៏បានបន្តទៀតថា ក្រសួងនិងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវមានការរៀបចំសណ្ដាប់ធ្នាប់របស់អ្នកលក់ដូរនៅតាមចិញ្ជើមផ្លូវឲ្យបានរៀបរយ និងបង្កើតសេវាដឹកជញ្ជូនសាធារណៈឲ្យបានច្រើន ហើយចូលរួមផ្សព្វផ្សាយអំពីសេវាដឹកជញ្ជូនសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានច្រើនដើម្បីឲ្យប្រជាពលរដ្ឋចូលរួមប្រើសេវា និងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន និងរៀបចំចំណតនីមួយៗឲ្យបានត្រឹមត្រូវ ។
[…ចឹងដើម្បីដោះស្រាយបញ្ហាកំណើនយានយន្តនៅក្នុងរាជធានីភ្នំពេញនេះយើងតែរៀបបំឲ្យមានមធ្យោបាយដឹកជញជ្ជូនសាធារណៈ ដែលមានប្រសិទ្ឋភាពដូចជាការដំណើរការឡានក្រុង នៅក្នុងរាជធានីភ្នំពេញ ឬក៏រទេះភ្លើងអីនេះវាជារឿងសំខាន់ណាស់ គ្រាន់តែយើងត្រូវការបង្កើនក្នុងការលើកទឹកចិត្តក្នុងការផ្សព្វផ្សាយឲ្យបានច្រើនបន្តិចដើម្បីឲ្យប្រជាពលរដ្ឋគាត់ចូលរួមប្រើប្រាស់ ឡានក្រុងនេះជាជាងការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ត្រូវរៀបចំសណ្ដាប់ធ្នាប់ទៅលើការចំណតទៅលើផ្លូវសម្រាប់ថ្មើរជើងផ្លូវសម្រាប់ជិះរឺក៏ចំណតសម្រាប់កង់ម៉ួតូនៅក្បែរចំណតឡានក្រុងនេះ ហើយការរៀបចំសណ្ដាប់ធ្នាប់ដូចជាចិញ្ជើមផ្លូវ ទ្រូងផ្លូវអីកុំឲ្យមានការចតរឺក៏ប្រើប្រាស់ធ្វើជាអាជីវកម្មលក់ដូររឺក៏ចំណតឯកជនអីដែលអាចផ្ដល់ផលប៉ះពាល់ទៅដល់អឺផ្លូវសម្រាប់អ្នកថ្មើរជើងក្នុងការប្រើប្រាស់អឺសេវាដឹកជញ្ជូនសាធារណៈដូចជាឡានក្រុងអីជាដើមដែលធ្វើអោយមានការកកស្ទះ…]
ទាក់ទិននឹងបញ្ហានេះផងដែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យល់ឃើញស្រដៀងគ្នាដែរថា ការកកស្ទះនេះ អាចមកពីប្រជាពលរដ្ឋមិនទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៍ និងកត្តាផ្លូវនៅមានកម្រិតនៅឡើយ និងអាចមកកត្តារបស់មន្រ្តីចរាចរណ៍មួយចំនួនផងដែរ ដែលមិនសូវមានការយកចិត្តទុកដាក់ លោកក៏បានជម្រុញឲ្យមន្រ្តីចរាចរណ៍ គួរជួយអន្តរាគន៍នៅពេលដែលមានការកកស្ទះចរារណ៍ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរផងដែរ ។
[…អឺទីមួយវាបណ្ដាលមកពីកត្តាចំណេះដឹងច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋយើង ទីពីរវាកត្តាមកពីមន្រ្តីអនុវត្តច្បាប់ដែលហើយទីបីវាកត្តាលើការអភិវឌ្ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ យើងមើលផ្លូវខ្លះគឺយើងត្រូវការពង្រីក មួយទៀតប្រជាជនយើងហាក់បីដូចជាយល់ដឹងតិចណាស់អំពីច្បាប់ចរាចរណ៍ ការយល់តិចអំពីរច្បាប់ចរាចរណ៍ធ្វើអោយការបើកបរលើស្ថានភាពដងផ្លូវ អាញេអាញៃអត់ដឹងស្អីជាស្អី អាហ្នឹងបង្កទៅជាការកកស្ទះមួយដែរ ហើយទីបី ទៅលើមន្រ្តីអនុវត្តច្បាប់បើឃើញកន្លែងណាកកស្ទះយើងត្រូវមានភាពទំនួលខុសត្រូវលើខ្លូនក្នុងការបញ្ជាការកកស្ទះទាំងនោះ ដល់អាបីហ្នឹងដែរបានដោះស្រាយបញ្ហាចចរាចរណ៍របស់កម្ពុជាបាន…]
ជុំវិញនឹងបញ្ហានេះ កញ្ញ លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លើកឡើងថា កត្តាស្ទះចរាចរណ៍បណ្ដាលមកពី កត្តាពីរ ធំៗ ទីមួយ គឺ ក្រមសីលធម៌នៃការបើកបរ និង កត្តានៃច្បាប់ចរាចរណ៍ហាក់នៅមានភាពធូររលុងនៅឡើយ ។
[…បងឃើញបញ្ហាពីសំខាន់ដែរជាកត្តាដែលធ្វើអោយការកកស្ទះចរាចរណ៍ការជិះមិនគោរពភ្លើងអីហ្នឹងវាកើតមានឡើង ចំនុចទីមួយវាពាក់ព័ន្ធនឹងក្រមសីលធម៌ ចឹងបងជឿថាចំនុចពាក់ព័ន្ធទៅហ្នឹងកំរិតនៃក្រមសីលធម៌របស់ពលរដ្ឋខ្មែរយើងហ្នឹងមួយ ហើយទីពីរការអស់ជំនឿទៅលើច្បាប់ មានន័យថាគោរពធ្វើអី បើគេមិនដែលគោរពច្បាប់ផង ចឹងអាហ្នឹងវាធ្វើឲ្យមានផលប៉ះពាល់ផ្លាស់ប្ដូរផ្នត់គំនិតចំពោះ ពលរដ្ឋទាក់ទងទៅនិងតម្លៃនៃច្បាប់នៅក្នុងប្រទេសយើង…]
គួរបញ្ជាក់ផងដែរថា បញ្ហាចរាចរណ៍សព្វថ្ងៃនៅតែមានការកកស្ទះចរាចរណ៍ជាប្រចាំ ដោយប្រជាពលរដ្ឋមួយចំនួនបើកបរ មិនគោរពច្បាប់ ដោយឡានបើកលើគន្លងរបស់ម៉ូតូ ហើយម៉ូតូ បើកលើគន្លងរបស់អ្នកដំណើរ ដោយមិនបានគោរព គន្លងគ្នាឲ្យបានច្បាស់លាស់ ឡើយ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!