ក្រុមអ្នកវិភាគ ៖រាជរដ្ឋាភិបាល ត្រូវមានការត្រួតពិនិត្យ និងវិនិច្ឆ័យ អោយបានល្អិតល្អន់មុននឹងការលើកលែង និងបន្ធូរបន្ថយទោស ដោយផ្អែកលើលក្ខណៈសម្បត្តិ និងស្ថានទម្ងន់ទោស
នៅក្នុងឳកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ រដ្ឋាភិបាលនឹងមានការលើកលែង និងបន្ធូរបន្ថយទោសដល់អ្នកទោសប្រមាណជាង ១០០ នាក់ ។ ទាក់ទិននឹងការស្នើសុំលើកលែងទោសនេះ កន្លងទៅ កាលពីថ្ងៃទី ២៥ កុម្ភៈ ២០១៦ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងាឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងដែរថា ការស្នើសុំលើកលែងទោស និងបន្ថយទោសចំពោះអ្នកទោសករណីចោរកម្ម និងករណីគ្រឿងញៀន ត្រូវមានការត្រួតពិនិត្យ និងវិនិច្ឆ័យអោយបានច្បាស់លាស់ ដោយសារតែអ្នកទោសទាំង ២ ករណីនេះ នៅពេលមានការដោះលែងហើយ នៅតែប្រព្រឹត្តបទល្មើសដដែល មិនបានកែខ្លួននោះឡើយ។
[…ចោរដដែរៗរឿងវាងើបឡើងជាលើកទី៣ហើយមុខចោរដដែរៗគឺអាចោរជាប់គុកមិនចេះជាប់បានយូរនោះទេ ចឹងសូមមើលឡើងវិញខ្ញុំនិយាយសារជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្ដាប់ដៃដែករបស់ខ្ញុំដើម្បិប្រឆាំងនឹងរឿងនេះ ឥឡូវអោយតែប្រភេទចោរ និងពួកគ្រឿងញៀនវាចេញពីគុកដូចស្រួលពេកម៉ង ហើយអាហ្នឹងចេញមកបង្កបង្ករឿងពីមុនវាប្លន់ត្រឹមតែត្រឹមប្លន់ហេ៎អត់ទាន់ហ៊ានសម្លាប់មនុស្សហេ៎តែវាចេញលើកក្រោយនេះវាសម្លាប់មនុស្សចឹងទេត្រូវធ្វើរឿងនេះអោយបានម៉ត់ចត់ ពិនិត្យពិច័យអោយបានម៉ត់ចត់ក្រសួងយុត្តិធម៌ត្រូវធ្វើការអោយបានម៉ត់ចត់លើបញ្ហាហ្នឹង...]
លោកនាយករដ្ឋមន្រ្តីក៏បានបន្ថែមទៀតថា ...
[…ព្រោះខ្ញុំក៏ចង់ដឹងដែរថាតើហេតុអីចេះតែដោះលែង ហើយខ្ញុំទុកចិត្តលើរដ្ឋមន្ត្រីយុត្តិធម៌ រដ្ឋមន្រ្តីយុត្តិថម៌ទុកចិត្តលើនាយកពន្ធនាគារចេះតែទុកចិត្តបន្តគ្នាចឹងទៅដល់ទីចុងបំផុតអាពួកក្រុមចោរទាំងហ្នឹងចេញមកប្លន់ដដែរ ចេញមកប្លន់ដដែរចឹងធ្វើមិចវាអស់ចោរវាមិនអស់ចោរទេ មែននិយាយចឹងមែនបានសេចក្ដីចោរទាំងអស់គ្មានចោរដែលមិនចេះកែប្រែនោះទេ ប៉ុន្តែអ្វីដែលគួរឆ្ងល់នោះអ្នកខ្លះជាប់គុកអ្នកខ្លះមិនត្រឹមតែមិនជាប់គុកដោយសាលក្រមទេភ្លេចទាំងកាត់ទោសទៅទៀតយកគេទៅឃុំផ្អែកលើថាខ្វះមេធាវីផ្អែកថាខ្វះអីឃុំហួសការកំណត់មិនបានទាំងកាត់ទោសទៅទៀត ប៉ុន្តែសម្រាប់ចោរមួយវាដូចជាសេរីជ្រុលហើយ ខ្ញុំនិយាយជម្រាបជូនប្រជាជននៅទូទាំងប្រទេសមើលជួយសហប្រតិបត្តិការដើម្បីជួយបង្ក្រាបពួកអាក្រុមចោរប្លន់ព្រោះនេះជាផលប្រយោជន៍រួមនៃសន្តិសុខជាតិរបស់យើង មានថ្ងៃដល់តែចោរហ្នឹងវាទៅប្លន់ផ្ទះអស់លោកបានអស់លោករៀង...]
ទាក់ទិននឹងបញ្ហានេះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ បានបង្ហាញការគាំទ្រអោយមានត្រួតពិនិត្យ និងវិនិច្ឆ័យអោយបានល្អិតល្អន់ទៅលើការលើកលែងទោសនេះ ប៉ុន្តែការអនុវត្តន៍ត្រូវធ្វើអោយមាននូវតម្លាភាព យុត្តិធម៌ ដោយផ្អែកទៅលើកម្រិតនៃបទល្មើស ជៀងវាងការប្រព្រឹត្តអំពើពុករលួយក្នុងការដោះលែងអ្នកទោសនេះ។
[…អឺបងមើលជែកការលើកលែងទោសបើសិនជាមាននីតិវិធីមានន័យថាបើធ្វើតាមនីតិវិធី ឧទាហរណ៍ថាដោយសារតែគាត់មានកាតព្វកិច្ចអឺផ្សេងៗដែលអាចអឺជាប្រយោជន៍របស់ជាតិបានទើបអាចលើកលែងទោសបាន ឬក៏មិចនឹងបងគិតថាបើសិនជាមានចំនុចអឺមានន័យថាការពិចារណាហ្នឹងគឺផ្អែកទៅលើគោលការណ៍ណាមួយដែលច្បាស់លាស់ពាក់ព័ន្ធនឹងការពុករលួយអីហ្នឹង បងមើលឃើញថាវាអាចធ្វើទៅបានហើយ ប៉ុន្តែបើសិនជានៅក្នុងករណីលើកលែងទោសហៃវាពាក់ព័ន្ធនឹងអំពើពុករលួយឧទាហរណ៍ថាអឺមេគ្រឿងញៀន ឬក៏អ្នកណាដែលមានអំណាចអីទៅ អាចយកឳកាសនេះហៃយើងស៊ីស៊ូសជាមួយនឹងអ្នកដែលភាគីពាក់ព័ន្ធដែលមានលទ្ធភាពក្នុងការសម្រេចហ្នឹង...]
ស្រដៀងគ្នានេះ លោក ហង្ស វិទូ អ្នកវិភាគបញ្ហានយោបាយ និងសង្គម បានលើកឡើងថា ការលើកលែងទោសត្រូវមានការពិនិត្យមើលអោយបានច្បាស់ទៅលើស្ថានទម្ងន់ទោសដែលបានប្រព្រឹត្ត និងលក្ខណសម្បត្តិរបស់អ្នកទោសជាមុនសិន ។
[…ការលើកលែងទោសយើងត្រូវមើលទៅលើស្ថានភាពបា..ស្ថានទម្ងន់នៃទោសថាតើទោសវាធ្ងន់ទេ ហៃអឺតើនៅក្នុងពន្ធនាគារពួកគាត់បានមាននិស្ស័យចេះកែប្រែរកផ្លូវល្អផ្លូវវិជ្ជមានដែររឺអត់ចឹងហា៎ ចឹងបើគាត់មិនទាន់មានការកែប្រែណាមួយទេខ្ញុំគិតថាមិនគួរមានការលើកលែងទេ ព្រោះអីធ្វើអោយគាត់ចេញមកគាត់ប្រព្រឹត្តបទល្មើសដដែលចឹងហា៎ ចឹងបើសិនជាយល់ល្អយើងគួរតែមើលទៅលើអត្តចរិករបស់គាត់ដែរហៃរបស់គាត់ដែរថាតើគាត់ជាអ្នកណាអត់ ជាពិសេសអ្នកដែលជក់គ្រឿងញៀន អ្នកប្រព្រឹត្តទាក់ទងនឹងបទល្មើសគ្រឿងញៀនអីចឹងជារឿងមានដែលស្រួចស្រាលមែនទែនសម្រាប់ដែលយើងប្រលែងមកជូនកាលអ្នកខ្លះប្រលែងមកគាត់មកធ្វើបាបម៉ែឪគាត់ទៅទៀត ប្រព្រឹត្តដដែលចឹងហា៎...]
វិទ្យុសំឡេងយុវជន វីអូវ៉ាយ មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននោះទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។
គូររំលឹកដែរថា នៅក្នុងឳកាសពិធីបុណ្យជាតិធំៗ ចំនួន ៣ រួមមាន បុណ្យចូលឆ្នាំខ្មែរ បុណ្យពិសាខបូជា និងបុណ្យអុំទូក ប្រទេសកម្ពុជាយតែងតែមានការលើកលែង និងបន្ធូរបន្ថយទោសដល់អ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ។
ដោយឡែកនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ នាថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានបញ្ចាក់ថា ទណ្ឌិតចំនួន ១២១នាក់ (ស្រីចំនួន១៣នាក់) ត្រូវបានស្នើសុំទៅព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកលែងទោស និងបន្ធូរបន្ថយទោស៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!