សង្គមស៊ីវិល និងអ្នកវិភាគ ថា ការធ្វើវិសោធនកម្មច្បាប់ក្នុងការបើកសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលត្រូវផ្អាកកន្លងមក គឺបង្ហា្ពញពីបង្រួបបង្រួមជាតិ និងការស្ដារស្ថានភាពនយោបាយនៅកម្ពុជា
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មើលឃើញថា ការផ្ដល់សិទ្ធិនយោបាយអោយបុគ្គលដែលផ្អាកធ្វើសកម្មភាពនយោបាយឡើងវិញ បង្ហាញពីការផ្សះផ្សារជាតិ ក្រោយមានការរំលាយអតីតគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ ។
[…ចំណុចទី១ខ្ញុំមើលឃើញថាវាគឺជា ការងាររកការផ្សះផ្សារជាតិឡើងវិញ បន្ទាប់ពីអតីតគណបក្សប្រឆាំងដ៏មានឥទ្ធិពលមួយគឺគណបក្សសង្គ្រោះជាតិហ្នឹងបា៎ ដែលត្រូវបានរំលាយដោយតុលាការបា៎ហៃអឹ..ផ្សះផ្សារជាតិឡើងវិញវាជាអឺយន្តការមួយ ឬសេនារីយ៉ូថ្មី បន្ទាប់ពីការបោះឆ្នោតមួយដែលមានអឺ..គេហៅថាអវត្តមានគណបក្សប្រឆាំងដ៏ធំ...]
លោក សន ជ័យ ក៏បានបន្តទៀតថា រដ្ឋាភិបាលបានកំពុងស្ដារនូវស្ថានភាពនយោបាយនៅក្នុងកម្ពុជា និងជាការវិវត្តន៍លទ្ធិប្រជាធិបតេយ្យថ្មីឡើងវិញនៅកម្ពុជា ក្រោយលទ្ធិប្រជាធិបតេយ្យត្រូវបានធ្លាក់ចុះកន្លងទៅ។
[…ហើយចំណុចនេះវានៅជុំវិញអ្វីមួយដែលហៅថា អ្នកណាចងអ្នកនោះស្រាយ បា៎ចឹងទៅវាគ្រាន់តែជាការស្នើឡើងវិញនូវបរិយាកាសនយោបាយ ហៃដើម្បីអឺ..ហៅថាអោយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានឹងមានការវិវត្តឡើងវិញ...]
ការលើកឡើងបែបនេះ បន្ទាប់ពីស្ថាប័នធំៗ របស់រដ្ឋាភិបាល មានក្រសួងការបរទេស ជាពិសេសរដ្ឋសភាជាតិប្រកាសពីការគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រង់មាត្រា ៤៥ ថ្មី (ស្ទួន) ដែលនឹងបើកផ្លូវ និងផ្តល់សិទ្ធិនយោបាយដល់បុគ្គលដែលជាប់បម្រាមសកម្មភាពនយោបាយអាចចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញ ។ នេះបើតាមការថ្លែងរបស់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ក្នុងសន្និសីទកាសែតនៅរដ្ឋសភាកាលពីរសៀលម្សិលមិញ ។
ដោយឡែក កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានស្វាគមន៍ ចំពោះការធ្វើវិសោធនកម្មច្បាប់នេះ ដោយកញ្ញាបានបញ្ជាក់ថានេះជាភាពវិជ្ជមាននៅក្នុងស្ថានភាពនយោបាយរបស់កម្ពុជាបច្ចុប្បន្ន ។
[…ចំពោះខ្ញុំខ្ញុំមើលឃើញថា វាជាសកម្មភាពមួយដ៏ល្អ ហៃដែលមិនត្រឹមតែខ្ញុំសូម្បីតែប្រជាពលរដ្ឋទូទៅ សហគមន៍អន្តរជាតិក៏គេមើលឃើញដោយសារវាគឺជាអឺ..សកម្មភាពមួយដែលគួរអោយសសើរ ឬក៏សប្បាយចិត្តជាមួយក្នុងការអនុវត្តនេះ...]
អ្នកវិភាគរូបនេះ បានបន្តថា បើការបើកផ្លូវ និងផ្ដល់សិទ្ធិនយោបាយនេះ គ្រាន់ជាការបំបែកបំបាក់នូវក្រុមណាមួយនោះ នឹងធ្វើអោយមានផលអាក្រក់ និងប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
[…ខ្ញុំគិតថាបើក្នុងករណី អឺ..ការបើកភ្លើងខៀវនេះវាគឺជាចេតនា ឬជាល្បិចនយោបាយណាមួយដែលចង់បមបែកបំបាក់ក្រុមណាមួយនោះខ្ញុំមើលឃើញថានេះវាវាមិនមែនជាយុទ្ធសាស្រ្តមួយល្អនៅក្នុងការដោះស្រាយចំពោះស្ថានការណ៍បច្ចុប្បន្ន ក៏ដូចជាការដោះស្រាយនូវបញ្ហាជាប់គាំងនយោបាយនោះទេ...]
គូររំលឹកដែរថា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំរបស់គណបក្សនេះចំនួន ១១៨ រូបមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។
សូមបញ្ជាក់ថា សេចក្តីសើ្នច្បាប់ដើម្បីធ្វើវិសោធនកម្មមាត្រា ៤៥ (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយនេះអាចធ្វើឲ្យអ្នកដែលត្រូវបានហាមធ្វើនយោបាយអាចមានវាសនា និងនីតិសម្បទាធ្វើនយោបាយបានឡើងវិញតាមរយៈការស្នើសុំរបស់នាយករដ្ឋមន្ត្រីទៅកាន់ព្រះមហាក្សត្រ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!