អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រតិកម្មនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាការបើកសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតតំណាងរាស្រ្តបក្សសង្រ្គោះជាតិ គ្រាន់ជាការបំបែកបក្សប្រឆាំងតែប៉ុណ្ណោះ
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រតិកម្មនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដែលថាការបើកសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតតំណាងរាស្រ្តបក្សសង្រ្គោះជាតិ គ្រាន់ជាការបំបែកបក្សប្រឆាំងតែប៉ុណ្ណោះ ខណៈក្រុមអ្នកវិភាគ ចង់អោយបក្សសង្គ្រោះជាតិ ត្រូវក្ដាប់ឳកាសមួយនេះអោយបានក្នុងការស្ដារមុខមាត់ និងស្ថានការណ៍នយោបាយនៅកម្ពុជា។
ស្ដាប់ព័ត៌មានពិស្ដារ
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រតិកម្មនឹងការលើកឡើងរបស់លោក សម រង្ស៊ី ដោយលោកបានឆ្លើយតបថា គ្រាន់ជាការប្រឌិត និងភូតភរសាធារណជនអោយភ័ន្តច្រឡំមកលើរដ្ឋាភិបាលកម្ពុជា តែប៉ុណ្ណោះ ។
[…អានេះជាការលើកឡើងប្រឌិតតាមរយៈភូតភររបស់ទណ្ឌិត សម រង្ស៊ី នោះទេ យើងថារាជរដ្ឋាភិបាលមិនមែនរៀបចំដោយគណបក្សប្រជាជន រៀបចំបំបែកបំបាក់ដែលអឺ..គណបក្សសង្រ្គោះជាតិនោះទេ គណបក្សសង្រ្គោះជាតិរហូតដល់ខ្លាចបែកបាក់គ្នារហូតបង្កើតពាក្យស្លោកខ្លួនឯងថា សំឡុតទិញ មិនលក់ សំឡុតមិនខ្លាច មិនអាចបែកបាក់ទេ អាហ្នឹងទី ១...]
អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានបន្តទៀតថា ការពិតគណបក្សសង្គ្រោះជាតិកំពុងតែបំបែកបំបាក់ផ្ទៃក្នុងរបស់ខ្លួនឯង គឺតាមរយៈការដណ្ដើមតំណែងប្រធានស្ដីទីបក្សសង្រ្គោះជាតិពីសំណាក់លោក សម រង្ស៊ី ដែលខុសលក្ខន្តិកៈ និងនីតិវិធីរបស់គណបក្សសង្គ្រោះជាតិ ។
[…គេដណ្ដើមយកអំណាចនេះឯង អាស្រ័យហេតុដូច្នេះយើងឃើញទោះជាបីខុសគោលការណ៍ច្បាប់ផ្ទៃក្នុងរបស់គណបក្ស រៀបចំបក្សពួករបស់ពួកគាត់ទេបង្កើតនូវឳកាសមួយដើម្បីទាមទារដណ្ដើមយកតួនាទីជាប្រធានស្ដីទីដែលខុសពីបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស អាស្រ័យហេតុដុច្នេះការលើកឡើងនេះគ្រាន់ជាការលើកឡើង លាក់បាំងពីគោលបំណងទុច្ចរិតរបស់ សម រង្ស៊ី តែប៉ុណ្ណោះ ជាការក្បត់ជាមួយ កឹម សុខា ក្នុងការបាក់បែកក្នុងដណ្ដើមយកពីដែលផលប្រយោជន៍ កឹម សុខា តែប៉ុណ្ណោះបាទ...]
ការប្រតិកម្មនេះ ក្រោយមានការលើកឡើងរបស់លោក សម រង្ស៊ី នៅក្រៅប្រទេសថា ការដែលរដ្ឋាភិបាលខិតខំធ្វើអ្វីគ្រប់យ៉ាង ដើម្បីស្ដារស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ដោយការរងសម្ពាធពីសហគមន៍អន្តរជាតិ និងគ្រាន់ជាការបំបែកបំបាក់គណបក្សសង្គ្រោះតែប៉ុណ្ណោះ ។
ជាមួយគ្នានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា បើមានការបំបែកបំបាក់បក្សសង្គ្រោះជាតិពិតមែននោះ ថ្នាក់ដឹកនាំបក្សប្រឆាំងមួយនេះ គួរតែមានវិធីសាស្រ្ត និងមធ្យាបាយផ្សេងៗដើម្បីធ្វើយ៉ាងណាអោយបក្សសង្រ្គោះជាតិខ្លាំង នោះមិនមានអ្នកណាមួយអាចមកបំបែកបំបាក់ផ្ទៃក្នុងបក្សបាននោះឡើយ តែបើមិនដូច្នេះទេ គណបក្សសង្រ្គោះជាតិនឹងខ្សោយដោយខ្លួនឯងតែម្ដង ។
[…អ្វីដែលឯកឧត្តម សម រង្ស៊ី លើកឡើង បើសិនគាត់មើកឃើញថាអាហ្នឹងជាកត្តាសំខាន់ដែលគេបំបែកសង្គ្រោះជាតិ ចឹងសង្រ្គោះជាតិត្រូវតែរកមធ្យាបាយធ្វើយ៉ាងមិចដើម្បីធ្វើការជាមួយគ្នាកុំអោយបែកបាក់ នោះទើបយើងអាចមានគណបក្សមួយដែលខ្លាំង ក៏ប៉ុន្តែបើសិនយើងគ្រាន់តែឈរមើលគេ ហើយស្រែកថាគេជាអ្នកបំបែកបំបាក់យើង ប៉ុន្តែយើងមិនបានប្រឹងប្រែងដើម្បីត្រៀមលក្ខណការពារខ្លួនហើយបណ្ដោយអោយបែកបាក់សាមគ្គីទៀតនោះ អាហ្នឹងចំណុចខ្សោយគឹមិនមែនគេទេ គឺចំណុចខ្សោយខាងគណបក្សប្រឆាំងខ្លួនឯងនោះទេ បើសិនបែកបាក់មិនមែនគេ គឹខ្លូនឯង...]
ស្រដៀងគ្នានេះ អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក ហង្ស វិទូ ក៏បានលើកឡើងដែរថា នេះជាការរៀបចំសេនារីយ៉ូ នយោបាយមួយរបស់គណបក្សប្រជាជន ក្នុងការបំបែកសំឡេងអតីតបក្សសង្គ្រោះ មុន និងក្រោយការបោះឆ្នោតតែប៉ុណ្ណោះ ។ ប៉ុន្តែលោកបានបញ្ជាក់ថា បក្សសង្គ្រោះជាតិ គូរតែក្ដាប់ឳកាសនេះអោយបានក្នុងការស្ដារមុខមាត់ និងការប្រមូលអ្នកគាំទ្រឡើងវិញ ក្នុងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនេះ ។
[…ទោះបីជាការដោះលែង ឬមួយការបើកអោយធ្វើនយោបាយឡើងវិញរបស់គណបក្សកាន់អំណាច ឬរបស់រដ្ឋាភិបាលនេះវាជារឿងសុទ្ធចិត្ត ឬមិនសុទ្ធចិត្ត ខ្ញុំគិតថាវាអត់សំខាន់ទេ អ្វីដែលសំខាន់បំផុតគឺពេលវេលានេះ គឺជាពេលវេលាល្អសម្រាប់គណបក្សប្រឆាំងក្នុងការស្ដាមុខមាត់ឡើងវិញ ហើយក្នុងការគាងគរអ្នកគាំទ្រខ្លួននឹង ហើយដើម្បីអោយគាត់មានវត្តមាននៅក្នុងឆាកនយោបាយឡើងវិញ ខ្ញុំគិតថាគួរតែប្រើប្រាស់កន្លែងនេះ ពេលវេលានេះ ឳកាសនេះដើម្បីនឹងឈរខ្លួន ហើយនិងរើខ្លួនឡើងវិញចឹងហា៎ ប៉ុន្តែបើយើងឡែងតែប្រកាន់ច្រើនពេក ខ្ញុំគិតវាអាចនឹងបាត់បង់ឳកាសល្អបា៎...]
សូមរំលឹកថា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់ថ្នាក់ដឹកនាំរបស់គណបក្សនេះចំនួន ១១៨ រូបមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ។
ដោយឡែកកាលពីថ្ងៃទី ០៥ ខែធ្នូ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាព បានប្រជុំពិនិត្យលើសេចក្តីសើ្នច្បាប់ដើម្បីធ្វើវិសោធនកម្មមាត្រា ៤៥ (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចធ្វើឲ្យអ្នកដែលត្រូវបានហាមធ្វើនយោបាយអាចមានវាសនា និងនីតិសម្បទាធ្វើនយោបាយបានឡើងវិញតាមរយៈការស្នើសុំរបស់នាយករដ្ឋមន្ត្រីទៅកាន់ព្រះមហាក្សត្រ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!