លោក ស ខេង ៖ ការស្នើសិទ្ធិធ្វើនយោបាយឡើងវិញ គឺស្នើចំពោះបុគ្គលណាដែលបានអនុវត្តសាលក្រមរបស់តុលាការតែប៉ុណ្ណោះ
អ្នកច្បាប់ និងអ្នកវិភាគ មើលឃើញថា ករណីលោក សម រង្ស៊ី និងលោក កឹម សុខា ជារឿងនយោបាយ ដែលត្រូវដោះស្រាយតាមផ្លូវនយោបាយ ខណៈលោក ស ខេង លើកឡើងថា ការស្នើសិទ្ធិធ្វើនយោបាយឡើងវិញ ស្នើចំពោះបុគ្គលណាដែលបានអនុវត្តសាលក្រមតុលាការតែប៉ុណ្ណោះ ។
អ្នកជំនាញផ្នែកច្បាប់ លោក សុខ សំអឿន បានលើកឡើងថា ការស្នើអោយបុគ្គលដែលជាប់បម្រាមនយោបាយ ហើយអោយមានសិទ្ធិធ្វើនយោបាយឡើងវិញ ត្រូវបានចេញសាលដីការផ្លូវការពីតុលាការរួចរាល់ ឬការទម្លាក់ការចោទប្រកាន់ ឬក៏មានការលើកលែងទោសពីព្រះមហាក្សត្រ ទើបអាចស្នើអោយមានសម្បទាននយោបាយឡើងវិញបាន ។
[…លើកលែងទោសមិនបានទេ ដោយសារតែមិនទាន់មានសាលក្រម ឬទណ្ឌកម្ម ដូច្នេះទាល់តែលើកលែងទោសដោយព្រះមហាក្សត្រថែមទៀត លើកលែងទោសផង ហើយបានអនុវត្ត លើកលែងទោសអោយរួចផុតអស់ហើយ ទើបអាចអឺ..ពិនិត្យមើលការផ្ដល់នីតិសម្បទាតាមអាឌែងច្បាប់អឺ.កែប្រែថ្មីហ្នឹងបា៎...]
លោក សុខ សំអឿន បានបន្តថា ករណីលោក សម រង្ស៊ី និង លោក កឹម សុខ ជារឿងនយោបាយ ដែលត្រូវមានាការដោះស្រាយតាមផ្លូវនយោបាយ ។
[…អានេះបើនិយាយរូមរឿងអឺ..ជារឿងនយោបាយ ដូច្នេះយើងត្រូវដោះស្រាយតាមផ្លូវនយោបាយ ហៃបើយើងបើពាក់ព័ន្ធនឹងដោះស្រាយនយោបាយមិនអាចដោះមួយទុកមួយបានទេ ទាល់ដោះទាំងអស់ បើមិនចឹងទេមិនជាប់គាំងដដែរនឹង...]
ជាមូយគ្នានេះដែរ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីម្សិលមិញផងដែរថា នៅពេលដែលច្បាប់ស្ដីពីគណបក្សនយោបាយ ត្រង់មាត្រា ៤៥ (ស្ទួន) ត្រូវបានចូលជាធរមាន អ្នកដែលត្រូវស្នើសិទ្ធិធ្វើនយោបាយឡើងវិញ គឺជាអ្នកដែលបានអនុវត្តនូវសាលក្រមផ្លូវការរបស់តុលាការ ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី បានលើកឡើងថា ក្នុងបញ្ហានេះ គឺជារឿងនយោបាយ ដែលពិបាកក្នុងការយកផ្លូវច្បាប់មកអនុវត្ត ។ លោកបានបន្ថែមទៀតថា ការស្នើសិទ្ធិធ្វើនយោបាយឡើងវិញរបស់អតីតតំណាងរាស្រ្តបក្សសង្គ្រោះជាតិមួយចំនួន និងទុកចោលមួយចំនួននោះ ហាក់ជាចេតនាក្នុងការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ តែប៉ុណ្ណោះ ។
[…ខ្ញុំគិតថាការសម្រេចចិត្តបែបណាមួយក្នុងការទុកអោយមនុស្សខ្លះនៅក្រៅ ហើយមនុស្សខ្លះអាចអោយរួចខ្លួនមក ឬចេញមកធ្វើនយោបាយឡើងវិញអាហ្នឹងនេះ វាគ្រាន់តែជាវិធិសាស្រ្តមួយដែលធ្វើអោយគណបក្សសង្គ្រោះជាតិត្រូវទទួលរងការបែកបាក់គ្នាទៀត…]
ស្រដៀងគ្នានេះ លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ បានលើកឡើងថា ទាំងដំណោះស្រាយនយោបាយ ទាំងតាមផ្លូវច្បាប់ អ្នកដែលនៅក្រៅប្រទេសហាក់មិនមានសង្ឃឹមក្នុងការស្នើសិទ្ធិធ្វើនយោបាយឡើងវិញនោះឡើយ ។
[…ដូច្នេះគឺប្រហែលជាអឺ.បើតាមផ្លូវច្បាប់មានការលំបាក ដូច្នេះហើយនៅខាងនយោបាយក៏មានការលំបាកជាង ដែលងាយស្រួលជាងគឺអឺអ្នក ១១៨ នាក់ហ្នឹង ក្នុងចំណោមនឹងអ្នកដែលនៅក្នុងប្រទេសគេងាយដោះស្រាយជាង បើនៅក្រៅប្រទេសគឺគ្មាននរណាទៅដោះស្រាយអីទេ បើចង់អោយគេដោះស្រាយអោយ អាហ្នឹងគឺមកក្នុងប្រទេសមក...]
ជាមួយគ្នានេះ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេស ធ្លាប់បានលើកឡើងដែរថា ការដែលរដ្ឋាភិបាលខិតខំធ្វើអ្វីគ្រប់យ៉ាង ដើម្បីស្ដារស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា ដោយការរងសម្ពាធពីសហគមន៍អន្តរជាតិ និងគ្រាន់ជាការបំបែកបំបាក់គណបក្សសង្គ្រោះតែប៉ុណ្ណោះ ។
គួររំលឹកដែរថា កាលពីថ្ងៃទី ០៥ ខែធ្នូ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាព បានប្រជុំពិនិត្យលើសេចក្តីសើ្នច្បាប់ដើម្បីធ្វើវិសោធនកម្មមាត្រា ៤៥ (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលអាចធ្វើឲ្យអ្នកដែលត្រូវបានហាមធ្វើនយោបាយអាចមានវាសនា និងនីតិសម្បទាធ្វើនយោបាយបានឡើងវិញតាមរយៈការស្នើសុំរបស់នាយករដ្ឋមន្ត្រីទៅកាន់ព្រះមហាក្សត្រ ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សន្ធិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រម ព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹង ព្រះរាជាណាចក្រ កម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។
ដោយឡែក លោក សម រង្ស៊ី កំពូល ត្រូវតុលាការកាត់ទោសលោក ឲ្យជាប់ពន្ធនាគារចំនួន ៥ឆ្នាំ ពាក់ព័ន្ធនឹងបទចោទសមគំនិតក្លែងបន្លំឯកសារព្រំដែនកម្ពុជា-វៀតណាម៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!