សង្គមស៊ីវិល និងអ្នកវិភាគ ថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្ន ហាក់មិនទាន់មានភាពល្អប្រសើរនោះឡើយ ខណៈមន្រ្តីរដ្ឋាភិបាល អះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ
សង្គមស៊ីវិល និងអ្នកវិភាគ ថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្ន ហាក់មិនទាន់មានភាពល្អប្រសើរនោះឡើយ ដោយនៅតែមានការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ សង្គមស៊ីវិល បើទោះបីជាគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា ស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា មានភាពល្អប្រសើរ បើធៀបនឹង បណ្តាប្រទេសមួយចំនួនលើពិភពលោក។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា បើផ្អែកទៅច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នមិនទាន់ល្អនោះទេ ។
[…ត្រង់ចំណុចនេះយើងមើលទៅលើមូលដ្ឋាននៃច្បាប់អន្តរជាតិច្បាប់ជាតិខ្ញុំយល់ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនទាន់ល្អប្រសើរទេ ហើយបើជាងចង់ប្រៀបធៀបគេគួរតែប្រៀបធៀបជាមួយប្រទេសណាដែលមានលំហូរនៃសិទ្ធិសេរីភាព អឺនិងសិទ្ធិមនុស្សចឹងទៅប្រទេសដែលគេហៅថាមានការគោរពសិទ្ធិមនុស្សខ្ពស់ គេមិនអាចប្រៀបធៀបទៅនឹងប្រទេសកុម្មុយនីសផ្ដាច់ការ អឺដែលពិភពលោកគេតែងតែថ្កោលទោសនោះទេ...]
លោកបានបន្តថា រាល់ការតវ៉ារបស់ប្រជាពលរដ្ឋក្នុងការស្វែងរកភាពយុត្តិធម៌នៅតែមានការហាមឃាត់ និងរារាំងពីសំណាក់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចដដែរ ។
[…ដោយរដ្ឋធម្មនុញ្ញនឹងថាតើពលរដ្ឋកម្ពុជាបានសម្ដែងសិទ្ធិសេរីភាពរបស់ពួកបានពេញលេញដែររឺទេ រយៈេពេលដែលការតវ៉ាមួយចំនួនត្រូវបានហាមឃាត់ ការតវ៉ាមួយចំនួនទាក់ទងនឹងរឿងអយុត្តិធម៌សង្គម ដូចជារឿងដីធ្លី រឿងឡគ្រប់គ្រងធម្មជាតិជាដើម ត្រូវបានរារាំងដោយអាជ្ញាធររដ្ឋាភិបាល...]
ជាមួយគ្នានេះ កាលពីថ្ងៃទី ១០ ធ្នូ កន្លងទៅ ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានថ្លែងថា សិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះខ្លាំង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ខណៈដែលប្រធានគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសមួយចំនូននៅលើពិភពលោក ដោយលោកបញ្ជាក់ថា បណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោក គឺមានបញ្ហាសិទ្ធិមនុស្សទាំងអស់ គ្រាន់តែបញ្ហាសិទ្ធិមនុស្សនេះ មានតិចឬច្រើនតែប៉ុណ្ណោះ ។ លោកក៏បន្ថែមទៀតថា នៅអូស្រា្តលី ក៏មានបញ្ហាសិទ្ធិមនុស្សដែរ ពាក់ព័ន្ធនឹងការសុំសិទ្ធិជ្រកកោនពីជនភៀសខ្លួន។ ដោយឡែក សហរដ្ឋអាមេរិកវិញ ក៏មានបញ្ហាសិទ្ធិមនុស្សច្រើនដូចគ្នា ។
ទាក់ទងបញ្ហានេះដែរ លោក ជាង សុខា ប្រធានអង្គការ YRDP បានលើកឡើងដែរថា ការវាយតម្លៃបញ្ហាសិទ្ធិមនុស្ស ត្រូវផ្អែកទៅលើភាពជាក់ស្ដែង និងគោលការណ៍សិទ្ធិមនុស្ស មិនមែនពឹងផ្អែកទៅលើការនិយាយរបស់បុគ្គលណាមួយនោះទេ ។
[…យើងមើលនៅពេលដែលចង់វាយតម្លៃទៅលើស្ថានភាពសិទ្ធិមនុស្សត្រូវឈរទៅលើគោលការណ៍សិទ្ធិមនុស្ស វាមិនអាចយកទស្សនៈរបស់បុគ្គលយកមកធ្វើស្ដង់ដារក្នុងការឆ្លើយថា ប្រសើរ ឬ មិនប្រសើរ ឬក៏អីទេ បើសិនជាស្ថានភាពសិទ្ធិមនុស្សនឹងមិនឆ្លុះបញ្ចាំងជាមួយគោលការណ៍សិទ្ធិមនុស្ស ទោះបីអ្នកណាក៏ដោយ តួនាទីប៉ុណ្ណាយកមកថាក៏អត់ត្រូវដែល លើកលែងតែវាឆ្លើយតបជាមួយនឹងគោលការណ៍សិទ្ធិមនុស្ស...]
ស្រដៀងគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី បានលើកឡើងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានការរឹតត្បិតសិទ្ធិសេរីភាព ក៏ដូចជាសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋជាដដែរ ។
[…បើសិនជាយើងជាពលរដ្ឋខ្មែរដែលជាជនរងគ្រោះយើងទទួលស្គាល់ថាស្ថានភាពសិទ្ធិមនុស្សគឺដើរថយក្រោយ ហើយករណីណាមួយនោះរបស់អ្នកដឹកនាំរដ្ឋាភិបាលអាហ្នឹងជាការលើកឡើងរបស់គាត់ តែសម្រាប់យើងជាពលរដ្ឋយើងអត់ទទួលបានថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមិនទាន់ល្អប្រសើរទេ ហេតុអ្វីបានយើងថាចឹង ព្រោះអីសូម្បីតែនៅក្នុង ទោះបីមានការប្រកាសបើកចំហរជាផ្លូវាការរបស់ក្រសួងរបស់រដ្ឋាភិបាលរួចហើយក៏យើងឃើញថាអាជ្ញាធរមូលដ្ឋាននៅតែព្យាយាមបន្តរឹតបន្ដឹងទៅសិទ្ធិសេរីភាពរបស់ពលរដ្ឋហា៎...]
គូររំលឹកដែរថា កន្លងទៅនៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត បានចេញសេចក្ដីថ្លែងការណ៍ក្រោយពីបញ្ចប់បេសកកម្មរបស់អ្នកស្រី រយៈពេលជាង ១០ថ្ងៃនៅកម្ពុជា ថា ប្រទេសកម្ពុជាកំពុងតែដើរថយក្រោយទៅលើបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ដ៏អាក្រក់របស់កម្ពុជា ចំពោះការរំលាយបក្សប្រឆាំង ការចាប់ខ្លួន និងការបាញ់ បង្ក្រាបលើអ្នកមានជម្លោះដីធ្លីជាដើម ។
ជាមួយគ្នានេះ លោកស្រី រ៉ូណា ស្មីត ក៏បានស្នើឲ្យប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី រកផ្លូវជំរុញដំណើរការវឌ្ឍនភាព នៃសេរីភាព យុត្តិធម៌ ជាពិសេសការគោរព និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានរឹងមាំ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!