សង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងស្រដៀងគ្នាថា កាលដែលអាជ្ញាធរយកលុយពីការលក់ដូរអាជីវករ តាមកញ្ច្រែង កញ្ជើ ល្អី តូចៗនៅតាមទីផ្សារ គឺអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍ និងការលក់ដូររបស់ប្រជាពលរដ្ឋ
សង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងស្រដៀងគ្នាថា កាលដែលអាជ្ញាធរយកលុយពីការលក់ដូរអាជីវករ តាមកញ្ច្រែង កញ្ជើ ល្អី តូចៗនៅតាមទីផ្សារ គឺអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍និងការលក់ដូររបស់ប្រជាពលរដ្ឋ ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ការយកភាស៊ីពីអ្នកលក់ដូរជាទូទៅ គឺភាស៊ីទាំងអស់រដ្ឋជាអ្នកគ្រប់គ្រង លោកក៏បានលើកជាសំណួរដែលថា ការយកភាស៊ីនេះតើមានវិសាលភាពគ្រប់ដណ្ដប់ទៅការលក់ដូរដែររឺទេ ដោយសារតែ មួយរយះក្រោយនេះលោកសង្គេតឃើញថាការរៀបចំសណ្ដាប់ធ្នាប់នៅក្នុងក្រុងភ្នំពេញហាក់មានការប៉ះទង្គិចគ្នាជានិងអ្នកលក់ដូរមួយចំនួនដែរ ។ លោកក៏បានជម្រុញឲ្យអ្នកលក់ដូរចូលរួមសហការជាមួយនឹងអាជ្ញាធរក្នុងការរៀបចំសណ្ដាប់ធ្នាប់ ចំណែកអាជ្ញាធរក៏មិនត្រូវអនុវត្តតួនាទីឲ្យប៉ះពាល់ទៅដល់សិទ្ធរបស់ប្រជាពលរដ្ឋហួសហេតុពេកឡើយ ។
[…ការយកភាស៊ីពីអ្នកលក់ដូរនេះអ្វីដែលខ្ញុំចាប់អារម្មហើយខ្ញុំដឹងច្បាស់គឺគឹហៅថាការទាភាស៊ីនៅតាមផ្សារដែលគ្រប់គ្រងដោយរដ្ឋ ក៏ប៉ុន្តែសួរថាគោលការណ៍នេះសារាចរនេះវាមានវិសាសភាពគ្រប់ដណ្ដប់ទៅលើការលក់ដូនៅតាមដងផ្លូវសារធារណៈដែររឺទេ ឃើញថាមួយរយៈចង់ក្រោយនេះឃើញថាការខិតខំប្រឹងប្រេងរៀបចំសណ្ដាប់ធ្នាប់ ក្រុងភ្នំពេញនិងបានមានការប៉ះទង្គិចគ្នាជាមួយនិងអ្នកលក់ដូរនៅតាមដងផ្លូវ ខ្លះដែរ ហើយអ្វីដែលយើងចង់ឃើញ នោះគឺការរួមចំណែករបស់អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធនិង ជាមួយនិងការរៀបចំសណ្ដាប់ធ្នាប់សារធារណៈ ហើយអាជ្ញាធរក៏មិនត្រូវប្រើសិទ្ធរឺក៏មិនត្រូវអនុវត្តទួនាទីរបស់ខ្លួនឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់សេរីភាព រឺទៅដល់អ្នករកស៊ីលក់ដូរតិចតួចនោះដែរ…]
ជាមួយគ្នានេះដែរ លោក ជាង សុខា នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP ) យល់ឃើញថា ការយកភាស៊ីនេះ អាចនិងធ្វើឲ្យមានផលប៉ះពាល់ដល់អារម្មរបស់អ្នកលក់ដូរ តាមកញ្ច្រែង ល្អី ដែលលក់នៅតាមដងផ្លូវ និងតាមជាយផ្សារផងដែរ ។ លោកបានបញ្ជាក់ថា ដើម្បីឲ្យការអនុវត្តនេះឲ្យមានភាពល្អប្រសើរ គឺត្រូវតែមានការសហការរួមពីប្រជាពលរដ្ឋ ក៏ដូចជារដ្ឋាភិបាលផងដែរ ។
[…អញ្ចឹងហើយចង់មិនចង់កន្លែងនិងវាប៉ះពាល់ទៅដល់ អារម្មរបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរតិចតួចទទួលទាន នៅតាមដងផ្លូវរឺក៏នៅជាយផ្សាររឺក៏អីនិងហើយវាប្រាកដជាប៉ះហើយ ប៉ុន្តែបើសិនជាការអនុវត្ត ឲ្យវាល្អគឺគួរតែមានការអនុវត្តរួម បាជាទូទៅនៅគ្រប់កន្លែងទាំងអស់ ព្រោះប្រជាពលរដ្ឋក៏គាត់មិនចង់ឲ្យឃើញ សង្គមមួយមានភាពរញេរញៃ ហើយយកភាពរញេរញៃនិងមកជាសម្ពាធដើម្បីទៅទាមទារលុយកាក់ពីគាត់ទេអានិងហ៎…]
ជុំវិញនឹងបញ្ហានេះលោក មាស នី អ្នកតាមដាន និងការស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញដែរថា មន្រ្តីថ្នាក់ក្រោមហាក់មិនបានអនុវត្តនូវយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលដែលដាក់ចេញទាល់តែសោះ ព្រោះថាការដាក់វិធានការហើយអនុវត្តបានមិនយូរប៉ុន្មាន បញ្ហាទាំងអស់នេះក៏កើតឡើងដដែរ ហើយបញ្ហាទាំងនេះអាចធ្វើអោយប្រជាពលរដ្ឋ ហាក់មិនមានទំនុកចិត្តទៅលើរាជរដ្ឋាភិបាល បន្ថែមពីនេះក៏អាចធ្វើឲ្យរដ្ឋាភិបាលបាត់បង់នៅប្រជាប្រិយភាពខ្លះផងដែរ ។
[…អញ្ចឹងការមិនអើពើររបស់រដ្ឋាភិបាលក្នុងការពង្រឹងនិងការអនុវត្តច្បាប់ដែលប្រើពាក្យមួយថាថាហើយមិនធ្វើ ធ្វើហើយមិនបានយូរ ធ្វើមិនបានយូរបានន័យថាការអនុវត្តច្បាប់ខ្លះអនុវត្តបានបន្តិចទៅក៏ធូរលុងទៅវិញទៅពីបីថ្ងៃក្រោយមកធម្មតាទៅវិញអញ្ចឹងទៅវិលទៅរកកន្លែងចាស់វិញយូរស្ងាត់ៗក៏មានប្រកាសដដែលនិងចេញមកវិញទៀតអាទង្វើទាំងអស់និងវាសុទ្ធតែធ្វើអោយពលរដ្ឋនិងអាចចាប់ផ្ដើមមានអារម្មធុញធប់និងរដ្ឋាភិបាលនៅស្អីដែលបាននិយាយហើយមិនធ្វើ ហើយធ្វើហើយធ្វើមិនបានយូរទៀត បានិងជារឿងមួយដែលធ្វើអោយប៉ះពាល់ដល់ប្រជាប្រិយភាពរបស់រដ្ឋាភិបាលប៉ះពាល់ដល់ទំនាក់ទំនងរវាងពលរដ្ឋហើយនិងរដ្ឋាភិបាលដែរ …]
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ក៏បានបានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធអនុវត្តន៍ តាមសារាចរណែនាំ របស់រាជរដ្ឋាភិបាល ដែលមិនអនុញ្ញាតឲ្យយកលុយ ពីអ្នកលក់ដូរតាមកញ្ច្រែង តាមល្អី ជាពិសេសត្រូវរៀបចំអនាម័យរ និងសន្តិសុខសម្រាប់អាជីវករ ។ យោងតាមសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពី ការលុបការបង់ថ្លៃ ចំពោះប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!