សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សង្គមស៊ីវិល ៖ ការប្រកាសជាដាច់ខាតមិនអោយមានការចាក់ដីលុបឆ្នេរសមុទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ហាក់មានភាពយឺតយ៉ាវបន្តិច
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សង្គមស៊ីវិល បង្ហាញការគាំទ្រប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល ដែលហាមដាច់ខាតមិនអោយមានការចាក់ដីលុបសមុទ្រតទៅទៀត។ ប៉ុន្តែអ្នកទាំងអស់នោះ លើកឡើងថា ការអំពាវនាវនេះហាក់មានភាពយឺតយ៉ាវបន្តិច ។
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា ការអំពាវនាវរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមដាច់ខាតមិនអោយមានការចាក់ដីលុបសមុទ្រតទៅទៀតនោះ គឺជារឿងមួយដែលល្អប្រសើរ ប៉ុន្តែការអំពាវនាវនេះហាក់នៅមានភាពយឺតយ៉ាវបន្តិច។ តែបើទោះជាយ៉ាងណា លោកក៏បានស្នើឲ្យមានការអនុវត្តច្បាប់ចំពោះមន្រ្តីថ្នាក់ក្រោមឲ្យបានតឹងរឹងផងដែរ ។
[...អឺទីមួយខ្ញុំអបអរសាទរចំពោះការផ្ដេជ្ញារបស់លោក នាយករដ្ឋមន្រ្តីហ៊ុនសែន ដែលមានឆ័ន្ទៈការពារឆ្នេរ សមុទ្រហើយនិងបឹងរឺក៏ដៃសមុទ្រអីចឹងណាស់ ប៉ុន្តែយើងមើលឃើញថាការលើកឡើងរបស់សម្ដេចតេជោលោកលើកហាក់ដូចជាមានភាពយឺតយ៉ាវបន្តិច នៅស្របពេលដែលមានាការលុបឆ្នេរជាបន្តបន្ទាប់ ហើយមួយទៀតខ្ញុំចង់ឲ្យសម្ដេចតេជោ លោកនៅពេលដែលប្រកាស់ហើយ ចង់ឲ្យមានការរិតត្បិត ការងារនៅថ្នាក់ក្រោមឲ្យមានប្រសិទ្ឋភាព ដើម្បីទប់ស្កាត់ការលុបឆ្នេរ ពីព្រោះកាលណាតាមិនពង្រឹងការងារថ្នាក់ក្រោមដើម្បីគ្រប់គ្រងតំបន់ឆ្នេររឺក៏បឹងរឺក៏ដៃសមុទ្រទេ វាធ្វើឲ្យមានការចាក់លុបហើយវាហួសពេលវាមិនងាយទៅសាររើរឿង...]
ជាមួយគ្នានេះដែរ លោក សន ជ័យ នាយកប្រតិបត្តិការអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ដើម្បីឲ្យការអំពាវនាវនេះកាន់តែមានប្រសិទ្ធភាពទៀតនោះ រដ្ឋាភិបាលគួរតែមានការបញ្ជាឲ្យ ក្រុមហ៊ុនទាំងអស់នោះមានការកាយដីចេញវិញ ហើយស្ដារឆ្នេរនេះសារជាថ្មីឡើងវិញ ។ លោកបានបន្ថែមទៀតថាមិនមែនមានតែឆ្នេរនោះទេ ព្រែករឺក៏បឹងមួយចំនួន ក៏មានការចាក់ដីលុបដែរ ។
[...ចង់ឲ្យប្រជាជនជឿមានការចាប់អារម្មទៅលើអន្តរាគមន៍រដ្ឋាភិបាលត្រូវចាត់វិធានការឲ្យក្រុមហ៊ុននិងកាយដីនិងក្រវាត់ចោលឲ្យអស់ ហើយស្ដារឆ្នេរនិងឡើងវិញនិងបានគេជឿ បាលូវគ្រាន់តែគេអន្តរាគមន៍ទៅ គ្រាន់មុនវាចាក់ភួកក្រហមលូវគេចាក់ខ្សាច់ឡើងវិញហើយនៅតែ អញ្ចឹងអឺខ្ញុំគិតថាវាគ្មានអី ជាប្រសិទ្ឋភាពអីទេ ណាស់ហើយមិនមែនមានតែករណី និងទេមានផ្នែកផ្សេងៗទៀត ឃើញគេចែករំលែកគ្នាឃើញពីរបៀបនៅការរំលោភឆ្នេរនិងដែរ បាអស់ពីរំលោភបឹងទៅអាលូវរំលោភឆ្នេរម្ដង ហើយចាំមើលអស់ឆ្នេររំលោភហើយទៅរំលោភអីទៀត...]
ការលើកឡើងខាងលើនេះធ្វើឡើងបន្ទាប់ពីលោក នាយករដ្ឋមន្រ្តីហ៊ុន សែន បាន ថ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង កាលពីពេលថ្មីៗនេះ ថា នឹងមិនអនុញ្ញាតឲ្យមានការចាក់ដី រំលោភចូលសមុទ្រជាដាច់ខាត ។
[...ជាចំណុចដែលឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាសុផារ៉ា ត្រូវបន្តភាពម៉ឺងម៉ាត់ជាមួយនិងឯកឧត្តម ថោង ខុនដើម្បីធ្វើកិច្ចការងារនេះជាមួយនិងបណ្ដាខេត្តដែលជាប់ពាក់ព័ន្ធ ហើយហាមដាច់ខាតនៃការចាក់ដីចូលក្នុងសមុទ្រដោយគ្មានការអនុញ្ញាតចំណុចនេះ អស់លោកត្រូវធ្វើអោយចប់ធ្វើជាប្រចាំដោយមិនអាច ធ្វើការធ្វេសប្រហែសទេ យើងចង់បានការអភិវឌ្ឍហើយ ក៏ប៉ុន្តែការអភិវឌ្ឍណាមួយដែលយើងមិនអាចគ្រប់គ្រងបានមិនត្រូវបណ្ដែតបណ្ដាយនោះទេ...]
គួរបញ្ជាក់ផងដែរថា ឆ្នេរសមុទ្រក្នុងខេត្ដព្រះសីហនុនៅតែត្រូវបានបំពានដោយក្រុមអ្នកវិនិយោគឯកជន ដោយបានចាក់ដីរំលោភចូលឆ្នេរ និងសាងសង់កំពង់ផែសំណង់រឹងជាបន្ដបន្ទាប់ ខណៈអាជ្ញាធរមានត្រឹមវិធានការធ្វើកិច្ចសន្យាហាមឃាត់ បើទោះបីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បញ្ជាចាត់វិធានការបន្ទាន់ឲ្យម្ចាស់ក្រុមហ៊ុនកាយដីលុបឆ្នេរសមុទ្រនោះចេញវិញកាលពីប៉ុន្មានខែកន្លងទៅនេះក៏ដោយ។ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!