ក្រុមអ្នកវិភាគ និងសង្គមស៊ីវិល ៖ ការតែងតាំងតួនាទី ឬមុខតំណែង ទីប្រឹក្សាច្រើន ធ្វើអោយខាតបង់ថវិការជាតិ
ក្រុមអ្នកវិភាគ និងសង្គមស៊ីវិល ថាការតែងតាំងតួនាទី ឬ មុខតំណែង ទីប្រឹក្សាច្រើននៅក្នុងជួររដ្ឋាភិបាលកម្ពុជា ហាក់មិនសូវចាំបាច់នោះទេ ដែលធ្វើអោយខាតបង់ថវិការជាតិ និងការអនុវត្តការងារហាក់មិនមានប្រសិដ្ឋភាពនៅឡើយទេ ។
អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក ហង្ស វិទូ មើលឃើញថា ការតែងតាំងតួនាទី មុខតំណែង ឬ ទីប្រឹក្សាច្រើននៅក្នុងជួររដ្ឋាភិបាលកម្ពុជា នាពេលកន្លងទៅ ហាក់មិនទាន់មានប្រសិដ្ឋភាពនោះទេចំពោះការអនុវត្តការងារ ដោយលោកបញ្ជាក់ថា ការតែងតាំងតួនាទី ឬ មុខតំណែងច្រើននេះ ធ្វើអោយខាតបង់ថវិការជាតិ មន្រ្តីគរជើងគ្នា និងមានការរើសអើងបក្សពួកទៀតផង ។
[…ធ្វើអោយអ្នកធ្វើការគរជើងគ្នាច្រើនមែនទែន ហៃប្រសិដ្ឋភាពការងារអត់មាន ហៃទី២វាបានហៅថាចាយវាយខ្ជីខ្ជាថវិការជាតិ កាលណាមានការតែងតាំងត្រូវតែមានបើកប្រាក់ខែច្រើនចឹងហា៎ ធ្វើអោយថវិការជាតិហ្នឹងចុះថមថយ ដែលធ្វើអោយប្រសិដ្ឋភាពការងារចុះថមថយទៅតាមនឹងដែរ ហើយចំណុចទី៣ វាធ្វើអោយមាន ក៏មានការរើសអើង ឬមួយក៏គេហៅថាការច្រណែនពីបក្សផ្សេង ឬមួយក៏អ្នកដទែដែលគាត់ចង់បម្រើជាតិចង់ធ្វើកិច្ចការហ្នឹងដែរ តែបែរមិនបានធ្វើ បែរជាលើកបន្តុបតែគ្នាឯងដើម្បីអោយមានការងារសំខាន់ដើម្បីប្រមូលយកទ្រព្យសម្បត្តិ និងផលប្រយោជន៍...]
ជាមួយគ្នានេះ លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ការតែងតាំងមុខតំណែងនេះ ត្រូវផ្អែកទៅលើភាពចាំបាច់ជាក់ស្ដែងនៃការងារ និងសមត្ថភាពរបស់បុគ្គល ដោយមិនមែនធ្វើតាមការលើកទឹកចិត្តនយោបាយនោះឡើយ ។
[…ហើយដោយឈរលើតម្រូវការចាំបាច់ មិនមែនដោយបង្កើតអោយមាននូវការងារផ្ដល់ជាលើកទឹកចិត្ត ឬក៏ផ្ដល់បុណ្យសក្តិមុខតំណែងក្នុងរូបភាពនយោបាយ ឬក៏ក្នុងរូបភាពជាលក្ខណលើកទឹកចិត្តក្នុងក្របខណ្ឌនយោបាយទេបាទ នៅក្នុងស្ថាប័នរដ្ឋយើងចំណាយថវិការជាតិ យើងចំណាយថវិការដែលប្រមូលពីការបង់ពន្ធដែលប្រជាពលរដ្ឋជាអ្នកបង់ពន្ធ ចឹងយើងត្រូវឈរលើគោលការណ៍តម្រូវការចាំបាច់តម្រូវការជាក់ស្ដែងនៃការងារ បើសិនជាមិនមែនអឺ..តម្រូវការជាក់ស្ដែងទេ វាទៅជាក្របខណ្ឌផ្សេង យើងមិនត្រូវយកថវិការជាតិមកចំណាយច្រើនពេកទេក្នុងការតែងតាំងមុខងារតួនាទីធំៗបែបហ្នឹង...]
ស្រដៀងគ្នានេះដែរ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា ការតែងតាំងមុខតំណែងខ្លះមិនមានភាពចាំបាច់នោះទេ ដោយកញ្ញាបញ្ជាក់ថា ការតែងតាំងទីប្រឹក្សាច្រើន ក្នុង១អណត្តិៗ ហាក់ធ្វើអោយមានការចំណាយថវិការរបស់រដ្ឋច្រើនហួសហេតុ ហើយប្រសិដ្ឋភាពការងារដែលទទួលបានមិនមានភាពល្អប្រសើរនោះទេ ។
[…ឋានៈតួនាទីមន្រ្តីស្អេកស្កាស់នៅក្នុងជួររដ្ឋាភិបាលហ្នឹងវាធ្វើអោយប្រាក់របស់រដ្ឋយើងហ្នឹងមានការថយចុះមានន័យថាខាតបង់ថវិការជាតិ ដោយសារតែយើងត្រូវផ្ដល់ប្រាក់ខែទៅដល់មន្រ្តីទាំងអស់នោះ ចឹងបើមន្រ្តីច្រើនពេកវាធ្វើអោយការចំណាយរបស់រដ្ឋហ្នឹងគឺមានបន្ទុកខ្លាំង ការបង្កើនតួនាទីវាហាក់ចង់បង្កើនប្រសិដ្ឋភាពការងារ តែបរិបទកម្ពុជាការបង្កើតតួនាទីច្រើនស្អេកស្កាស់ហ្នឹង វាមិនបានបង្ហាញពីប្រសិដ្ឋភាពការងារនោះទេ មានន័យថាវាហាក់ធ្វើអោយប្រសិដ្ឋភាពការងារហ្នឹងមានលក្ខណស្មុកស្មាញទិដ្ឋភាពការងារមានលក្ខណស្មុកស្មាញ...]
គួររំលឹកដែរថា ក្នុងព្រះរាជក្រឹត្យមួយ ចុះថ្ងៃទី១១ ខែធ្នូ មានមន្ត្រីចំនួន១០៧នាក់ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ទៅតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
សូមបញ្ជាក់ថា កន្លងទៅ ក្រោយមានការរិះគន់លើការតែងតាំងមុខតំណែងរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាច្រើននៅកម្ពុជា លោក ហ៊ុយ វណ្ណៈ ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកសារព័ត៌មានមួយរូបដែរនោះ បានលើកឡើងថា ផ្អែកទៅលើតម្រូវការចាំបាច់ ៤ យ៉ាង គឺ ដង់ស៊ីតេប្រជាជន ស្ថានភាពសង្គម បរិយាកាសនយោបាយ និងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!