អ្នកវិភាគ និងសង្គមស៊ីវិល ៖ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ខណៈលោក ស ខេង លើកឡើងថា កម្ពុជានៅតែបន្តអនុវត្ត និងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជានិច្ច
អ្នកវិភាគ និងអង្គការសង្គមស៊ីវិល យល់ឃើញស្រដៀងគ្នា ចំពោះបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន ហាក់មិនទាន់មានភាពល្អប្រសើរនោះឡើយ ខណៈមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល លើកឡើងថា កម្ពុជានៅតែបន្តការអនុវត្ត និងដើរតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជានិច្ច ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបច្ចុប្បន្ន នៅតែមានជាដដែរ គ្រាន់តែបានបាត់បង់នូវក្បាលម៉ាស៊ីនលទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ តាមរយៈការរំលាយគណបក្សប្រឆាំងដ៏សំខាន់នៅកម្ពុជា ។
[…បើក្រឡេកមកមើលពីជិវិតលទ្ធិប្រជាធិបតេយ្យសព្វថ្ងៃនៅស្រុកខ្មែរយើងនេះ យើងថាវាស្លាប់ទៅបាត់ក៏ថាបាន ប៉ុន្តែសម្រាប់ខ្ញុំសម្រាប់ជីវិតប្រជាធិបតេយ្យគឹមិនទាន់បាត់បង់ទៅណាទេ អ្វីដែលបាត់បង់គឹបាត់បង់ក្បាលម៉ាស៊ីនប្រជាធិបតេយ្យ បានន័យថាការរំលាយគណបក្សប្រឆាំងមួយដ៏ធំនៅក្នុងប្រទសមួយទាំងមូលវាសិទ្ធតែជារឿងដែលយើងមិនអាចលាក់បាំង ពិបាកនឹងលាក់បាំងពីទិដ្ឋភាពនៃការអនុវត្តប្រជាធិបតេយ្យ...]
លោកបន្តទៀតថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានៅតែមានការព្រួយបារម្ភ បើគ្មានការកែប្រែនោះទេ លទ្ធិប្រជាធិបតេយ្យអាចនឹងធ្លាក់ដល់កម្រិតធ្ងន់ធ្ងរមួយ ។
[…បាទហើយយើងទទួលស្គាល់ថាស្ថានភាពនយោបាយនៅស្រុកខ្មែរយើងសព្វថ្ងៃវាមិនទាន់ធ្លាក់ដល់វាដូចប៉ុលពតដូចអីទេ ប៉ុន្តែបើសិនជាមិនមានការកែប្រែអីទេស្ថានភាពវានឹងអាចធ្លាក់ម្ដងបន្តិចៗអាចវិលទៅរកប្រទសតាមរបបមួយដឹកនាំតាមបែបកុម្មុយនីស...]
ស្រដៀងគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ លោក យ៉ង គឹមអេង លើកឡើងថា លទ្ធិប្រជាធិបតេយ្យកម្ពុជា ហាក់មានការលិចអណ្ដើតៗ មិនទាន់មានភាពច្បាស់លាស់ទេ ដោយស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ននៅតែមានការប្រទាំងប្រទើសគ្នា។
[…លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះឃើញថាវាលិចអណ្ដើតៗ យើងហាក់ដូចជាមើលមិនមើលឃើញកោះត្រើយពិតប្រាកដ ដោយសារថាទី១ យើងឃើញថាស្ថានភាពនៃអឺ..បានន័យថាការដែលនយោបាយសេរីពហុបក្សហ្នឹងយើងនៅមានភាពរអាក់រអួលច្រើន ជាពិសេសគឹគណបក្សដែលមានការប្រកួតប្រជែងគ្នាអឺ..ស្វិតស្វាញបា...]
ជាមួយគ្នានេះ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់មិនទាន់មានភាពស្មោះត្រង់ និងបរិសុទ្ធនោះឡើយ ។ លោកបានបញ្ជាក់ថា សិទ្ធិសេរីសារព័ត៌មាន សិទ្ធិបញ្ចេញមតិរបស់សង្គមស៊ីវិលនៅមានការរឹតត្បិត និងការបោះឆ្នោតនៅកម្ពុជាមិនទាន់មាននូវតម្លាភាព និងភាពយុត្តិធម៌ត្រឹមត្រូវនោះទេ ។
[…ការបោះឆ្នោតដេលមានលក្ខណប្រកួតប្រជែងពិតប្រាកដ ហើយដែលបើកឳកាស បើកសិទ្ធិសេរីភាពអោយប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតគ្រប់រូបមានជម្រើសនយោបាយរបស់ខ្លួន ហើយអាចចូលរួមសកម្មភាពនយោបាយពេញលេញ ចំណុចនេះជាគោលការណ៍មួយដែលយើងឃើញថាមានបញ្ហានៅប្រទេសកម្ពុជាយើងកន្លងមកនេះ ទី២ ទាក់ទងនឹងតួនាទីនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោតភាពឯករាជ្យ ភាពអព្យាក្រឹត្យរបស់គាត់ហ្នឹង គឺមានចំណោទមានសញ្ញាសួរជាច្រើនក្នុងចំណោមមហាជន ហើយសិទ្ធិសេរីភាពនៃសារព័ត៌មាន ការចូលរូមរបស់សង្គមស៊ីវិលនៅមានការរឹតត្បឹត...]
មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា លទ្ធិប្រជាធិបតេយ្យ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដោយលោកលើកឡើងថា កម្ពុជាមិនទាន់បានដើរទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ។
[…តែជាទស្សនៈរបស់ខ្ញុំដែលខ្ញុំមើលឃើញពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា យើងមិនទាន់អាចថាវាយតម្លៃភាពល្អប្រសើរបានទេ ពីព្រោះវាមានការព្រួយបារម្ភ យើងជួនកាលការអះអាងរបស់យើងថា លទ្ធិប្រជាធិបតេយ្យល្អប្រសើរ ប៉ុន្តែជួនកាលយើងបានដើរខុសនូវដែលហៅថាអត្ថន័យពិតប្រាកដអំពីលទ្ធិប្រជាធិបតេយ្យ យើងព្រួយបារម្ភណាស់អំពីការយើងយល់ខុសហើយនៅតែបន្តនូវកាអនុវត្តបែបខុសឆ្គងហ្នឹងរបៀបហ្នឹងតទៀត ទោះបីថាមានការរិះគន់អំពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើនអំពីដំណើរការលទ្ធិប្រជាធិបតេយ្យហ្នឹងបាទ...]
ដោយឡែក លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជានៅតែបន្តអនុវត្ត និងដើរតាមមាគ៌ា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រោះនេះជាមាគ៌ា នយោបាយមួយដែលនាំទៅដល់សុខសន្តិភាព នៅកម្ពុជា ដោយលោកបញ្ជាក់ថា កម្ពុជាមិនអាចងាករេ ពីមាគ៌ាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានឡើយ ។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបការងារជាមួយលោកអនុប្រធានសភាសាធារណរដ្ឋបារាំង កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
គូររំលឹកដែរថា កន្លងទៅ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា និងក្រសួងការបរទេសអាមេរិកបានលើកឡើងនូវក្តីបារម្មណ៍ជុំវិញប្រជាធិបតេយ្យដ៏ក្មេងខ្ចីរបស់កម្ពុជា។ ដោយអាមេរិច ចោទសួរថាតើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាថិបតេយ្យដែរឬទេ និងថាលទ្ធិប្រជាធិបតេយ្យដើរទៅមុខ ឬថយក្រោយគឺកម្ពុជាខ្លួនឯងជាអ្នកសម្រេច៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!