ទីបំផុតពេលនេះ ព្រឹទ្ធសភា បានធ្វើសម្រេច បើកផ្លូវឱ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិធ្វើ នយោបាយ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញហើយ
ទីបំផុតពេលនេះ ព្រឹទ្ធសភា បានធ្វើសម្រេច បើកផ្លូវឱ្យអ្នកនយោបាយ ដែលតុលាការហាមឃាត់សិទ្ធិធ្វើ នយោបាយ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញហើយ ។
នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅក្នុងសម័យប្រជុំ លើកទី២ នីតិកាលទី៤ ព្រឹទ្ធសភា បានសម្រេច គាំទ្រទាំងស្រុង លើសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលបើកសិទ្ធិអ្នក នយោបាយ ដែលត្រូវបានហាមឃាត់មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញហើយ។
សម័យប្រជុំនេះ ដឹកនាំដោយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។ សមាជិកព្រឹទ្ធសភាទាំងអស់បានគាំទ្រ ដើម្បីបើកផ្លូវឱ្យច្បាប់នេះ ឈានទៅដល់ការចូលជាធរមានឆាប់ៗតែម្តង។សេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់គណបក្សនយោបាយ ត្រូវបានចុះហត្ថលេខាដោយតំណាងរាស្រ្តចំនួន៨៧រូបដោយធ្វើវិសោធនកម្ម ទៅលើមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្សខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) ដូចតទៅ៖
«បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយ មិនអាចបង្កើតគណ បក្ស នយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាព ណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិ នយោបាយពេញលេញដោយ ពេញ ច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុង ករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់ នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ»។
សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែ កាលពីថ្ងៃតី១៣ ខែធ្នូ ឆ្នាំ២០១៨ បន្ទាប់ពីពិនិត្យរួចរាល់ដោយគណៈកម្មការជំនាញ។
ចំណែក កន្លងទៅ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា ការដែល រដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ ដើម្បីបើកសិទ្ធិធ្វើនយោបាយឡើងវិញ របស់ អតីតតំណាងរាស្ត្របក្សសង្គ្រោះជាតិ អាចមានពីរករណី គឺ ទី១ ជាឆន្ទៈរបស់រដ្ឋាភិបាល កម្ពុជាក្នុងការស្ដារស្ថានការណ៍នយោបាយនៅក្នុងប្រទេស និង ទី២ អាចជាចរិកនយោបាយផងដែរ ។
[…ខ្ញុំមិនហ៊ាននិយាយទេ ព្រោះថាវាអាចមានក្នុងករណីពីរ ករណីទី១ គឺឆន្ទៈរបស់រដ្ឋាភិបាលពេលដែលយើងធ្វើចឹងទៅវាអាចបន្ធូរបន្ថយសម្ពាធអន្តរជាតិព្រោះការដាក់សម្ពាធអន្តរជាតិហ្នឹងវាប៉ះពាល់ដល់ពលរដ្ឋពលកម្ពុជា ហៃបើសិននៅក្នុងករណីទី២នេះ វាជាល្បិចនយោបាយហីវាក៏អាចជារឿងមួយដែរដោយសារតែកន្លងមកយើងយកច្បាប់យកអីហ្នឹងវាជាមធ្យោបាយធ្វើយ៉ាងណាយកប្រៀបទៅលើគូប្រកួត ពិសេសគឺគណបក្សប្រឆាំង...]
អ្នកវិភាគរូបនេះបានបន្តថា ជាឳកាសល្អរបស់គណបក្សសង្គ្រោះជាតិក្នុងការសម្រេចថា គូរស្នើសុំសិទ្ធិ នយោបាយ ឬ មិនគូរ គឺជាសិទ្ធិសម្រេចរបស់អតីតបក្សសង្គ្រោះជាតិខ្លួនឯង ។
[…គណបក្សសង្គ្រោះជាតិពេលនេះ បើជាសកម្មភាពមួយដែលល្អប្រសើរជាងមុនហា៎ អ្វីដែលអាចសម្រេចនឹង ថាតើព្រមដាក់លិខិតក្នុងការទទួលយកសិទ្ធិហ្នឹងស្នើសុំទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចឹងទៅ ឬក៏មិនព្រម អាហ្នឹងជាសិទ្ធិរបស់ពួកគាត់ទាំង ១១៨ តែខ្ញុំសុំមិនធ្វើការផ្ដល់យោបល់ថា គាត់គួរ ឬមិនគួរ ព្រោះអាហ្នឹងគឺអាស្រ័យលើពូកគាត់ឃើញអំពីផលប្រយោជន៍ ឬក៏ស្ថានភាពផ្សេងៗដែលពួកគាត់គិតថា គួរ ឬ មិនគួរ...]
ស្រដៀងគ្នានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ក៏បានលើកឡើងនៅលើបណ្ដាញ ទំនាក់ទំនង សង្គមរបស់លោកដែរថា ច្បាប់គណបក្សនយោបាយថ្មីទំនងគ្រាន់តែធ្វើអោយ សមាជិក គណបក្សប្រឆាំងចេញមកទទួលយកដោយរប៉េះរប៉ោះ ហើយវិលវល់និងការលាភពណ៌គ្នាឯងតែ មិនដឹងដើរ ទៅទីណា រួចក៏រលាយខ្លួនបន្តិចម្តងៗដោយខ្លួនឯង ។
ចំណែកលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអំពាវនាវ មន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូប កុំទៅសុំសិទ្ធិធ្វើនយោបាយ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកលើកឡើងថា សិទ្ធិធ្វើនយោបាយនេះ គឺជាសិទ្ធិដែលមានស្រាប់ ក្នុងឋានៈជាពលរដ្ឋខ្មែរ ដែលចង់ចេញមុខការពារ ប្រជារាស្ត្រ។
សូមបញ្ជាក់ថា ការរៀបចំសេចក្តីស្នើច្បាប់នេះ បានធ្វើឡើងបន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ ស្ថានការណ៍ អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។
រាជរដ្ឋាភិបាលបានអំពាវនាវ ដល់តុលាការឱ្យពន្លឿននីតិវិធីចំពោះ បុគ្គលដែលជាប់ពាក្យបណ្តឹងនៅតុលាការ ឬត្រូវបានគេចោទប្រកាន់ស្របតាមនីតិវិធីថែមទៀត ដើម្បីការពារសិទ្ធិពួកគេដែលធានាដោយរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបើកឱកាសឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) បើកការិយាល័យនៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសម្រាប់កាសែត Cambodia Daily រាជរដ្ឋាភិបាលក៏បានបង្ហាញឆន្ទៈអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ បើសិនជាបង់ពន្ធ ជូនរដ្ឋរួចរាល់ ៕ អត្ថបទដោយ សួស យ៉ាមី
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!