ក្រុមសង្គមស៊ីវិល ៖ ឆ្នាំ ២០១៨ នេះ សិទ្ធិសេរីភាព និងការធ្វើសកម្មភាពផ្សេងៗរបស់សង្គមស៊ីវិលនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនោះទេ
សង្គមស៊ីវិលថា នៅក្នុងឆ្នាំ ២០១៨ នេះ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការធ្វើសកម្មភាពផ្សេងៗរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា មិនទាន់មានភាពល្អប្រសើរនោះទេ ដោយនៅមានការរឹតត្បិតសិទ្ធិសេរីភាពមួយចំនួន បើទោះបីជាកន្លងទៅ ក្រសួងមហាផ្ទៃប្រកាស NGOs គឺជាដៃគូដ៏ល្អបំផុតរបស់រដ្ឋាភិបាលក៏ដោយ។
សូមស្ដាប់នូវព័ត៌មានពិស្ដារ ៖
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា សិទ្ធិសេរីភាពក្នុងសម្ដែងមតិ និងធ្វើសកម្មភាពផ្សេងៗរបស់សង្គមស៊ីវិល នៅក្នុងឆ្នាំ ២០១៨ នេះ មានការរឹតត្បិត និងមានការជួបនូវឧបសគ្គមួយចំនួនផងដែរ ។
[…យើងនិយាយជារួមឆ្នាំ ២០១៨ ជាឆ្នាំដែលអង្គការសង្គមស៊ីវិលរងនូវការរឹតត្បិតសិទ្ធិសេរីភាពនៅក្នុងការសម្ដែងមតិ ការធ្វើសកម្មភាព ការជួបប្រជុំ ឬក៏មានការជាវគ្គបណ្ដុះបណ្ដាលអីតាមបណ្ដាខេត្ត តាមភូមិស្រុកហ្នឹងជួបការលំបាក ជួបនូវការរឹតត្បិត ហៃបើសិនជាអនុញ្ញាតអោយធ្វើក៏ក្រោមក្រសែភ្នែកនៃការឃ្លាំមើលរបស់អាជ្ញាធរ និងសមត្ថកិច្ច...]
លោក ព្រាប កុល បានស្នើអោយរាជរដ្ឋាភិបាល គួរគោរព និងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ដែលបានចែងយ៉ាងច្បាស់ពីសិទ្ធិសេរីភាពក្នុងសម្ដែងមតិរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវកិច្ចសហប្រតិបត្តិការ និងភាពងាយស្រួលក្នុងការធ្វើសកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាល ។
[…ដូច្នេះយើងចង់អោយរដ្ឋាភិបាលអនុវត្ត និងគោរពទៅតាមរដ្ឋធម្មនុញ្ញ និងបង្កលក្ខណៈដើម្បីអោយសង្គមស៊ីវិលទទួលបានប្រកបដោយកិច្ចសហប្រតិបត្តិការ និងងាយស្រួលក្នុងការបំពេញបេសកកម្មរបស់ខ្លួន...]
ជាមួយគ្នានេះ លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា មើលឃើញថា នៅចុងឆ្នាំ ២០១៨ សិទ្ធិបញ្ចេញមតិរបស់សង្គមស៊ីវិលមានភាពល្អប្រសើរមួយកម្រិត ក៏ប៉ុន្តែបើប្រៀបធៀប ជាមួយឆ្នាំ ២០១៣ សិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិលមានការធ្លាក់ចុះខ្លាំង ។
[…មកដល់ឆ្នាំ២០១៨ហ្នឹង ចុងឆ្នាំ ពាក់កណ្ដាលឆ្នាំមក ឃើញដូចជាហ៊ាននិយាយឡើងវិញខ្លះៗ បញ្ចេញមតិយោបល់របស់ខ្លួនហ្នឹង ប៉ុន្ដែនៅតែបើយើងប្រៀបធៀបទៅនឹងជាមួយអ្វីដែលជាឆ្នាំមុនឆ្នាំ ២០១៣ យើងនៅមិនមាននិយាយអីច្រើនទេ ចឹងទៅយើងៗថាគេមិនបំបិទសិទ្ធិដូចបំបិទដែរ ពីព្រោះអត់ហ៊ាននិយាយខ្លាចឃើញមានប្រតិកម្មដែលអាចកើតមានឡើង និងអាចបញ្ហាជាមួយអាជ្ញាធរចា៎...]
សិទ្ធិសេរីភាព បញ្ចេញមតិ សិទ្ធិក្នុងការជួបប្រជុំរបស់អង្គការមិនមែនរដ្ឋាភិបាល សហជីព ជាដើម មានការហាមឃាត់ខ្លាំងមែនទែន ។ នេះជាការមើលឃើញរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
[...ហើយពេលថ្មីៗសូម្បីតែប្រជុំនៅ១០ ធ្នូ ក៏គេយកកម្លាំងសមត្ថកិច្ចមមកព័ទ្ធទីលាន អាហ្នឹងហើយជារូបភាពមួយបង្ហាញថាសេរីភាពបញ្ចេញមតិនៅកម្ពុជាសម្រាប់ប្រជាពលរដ្ឋសម្រាប់សង្គមស៊ីវិល សហជីព អង្គការ សមាគមន៍ឯករាជ្យ ការពារប្រយោជន៍ការពារផលប្រយោជន៍សង្គមត្រូវបានគេរឹតត្បិតទាំងស្រុងស្ទើរទាំងស្រុងអ្នកនៅទីសាធារណៈគឺទាំងស្រុងតែម្ដង...]
ស្រដៀងគ្នានេះ លោក ជាង សុខា ប្រធានអង្គការ YRDP មើលឃើញដែរថា មិនមែនតែសិទ្ធិសេរីភាពរបស់សង្គមស៊ីវិលនោះទេ សូម្បីតែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទូទៅ មានការខ្លាចរអាក្នុងបញ្ចេញមតិនានាផងដែរ ដោយសារតែបរិយាកាសនយោបាយនៅក្នុងប្រទេស ហាក់មានការលើកទឹកចិត្តដល់ការបញ្ចេញសិទ្ធិរបស់ពួកគាត់ ។
[...សម្រាប់ប្រជាពលរដ្ឋទូទៅដូចគ្នាចឹងដែរ ស្ថិតនៅក្នុងស្ថានភាពមួយដែលធ្វើអោយគាត់មានអារម្មណ៍ស្ទាក់ស្ទើរក្នុងការសម្រេចចិត្តក្នុងការបញ្ចេញមតិដោយសារតែស្ថានភាព ឬបរិយាកាសនយោបាយហ្នឹង វាមិនមានការលើកទឹកចិត្តអោយគាត់ចូលរូមប្រើប្រាស់សិទ្ធិសេរីភាពរបស់គាត់...]
កន្លងមក លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា អង្គការសង្គមស៊ីវិលនៅកម្ពុជា ជាដៃគូរយ៉ាងសំខាន់មួយក្នុងការចូលរួមអភិវឌ្ឈប្រទេស និងដោះស្រាយបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ។ លោក ស ខេង ក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ គ្រោងនឹងជួបប្រជុំជាមួយអង្គការសង្គមស៊ីវិលទាំងនោះ ក្នុងរយៈពេល ២ដងក្នុងមួយឆ្នាំ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
គូររំលឹកដែរថា តាមការបញ្ជាក់របស់លោក ខៀវ សុភ័ក្រ អង្គការសង្គមស៊ីវិលនៅកម្ពុជា មានជាង ៥០០០ អង្គការ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។
គួរបញ្ជាក់ដែរថា ច្បាប់ស្ដីពីសមាគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមាននៅឆ្នាំ ២០១៥ ដែលក្នុងច្បាប់នេះ បានរឹតត្បឹតដល់ការបញ្ចេញមតិ និងសកម្មភាពមួយចំនួនដែលតម្រូវអោយអង្គការក្រៅរដ្ឋាភិបាលត្រូវតែមានភាពអព្យាក្រឹត្យ មិនត្រូវលំអៀងជាដាច់ខាត៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!