ក្រុមអ្នកវិភាគ និងសង្គមស៊ីវិល ៖ ស្ថានការណ៍នយោបាយកម្ពុជា រយៈពេលចុងក្រោយនេះ ហាក់មិនទាន់ល្អប្រសើរនោះឡើយ
សង្គមស៊ីវិល និងក្រុមអ្នកវិភាគ មើលឃើញថា ស្ថានការណ៍នយោបាយ នៅរយៈពេលចុងក្រោយនេះ ហាក់មិនទាន់មានភាពល្អប្រសើរនោះឡើយ បើទោះបីជារដ្ឋាភិបាល បានខិតខំក្នុងការស្ថានការណ៍នយោបាយនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ។
ស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ហាក់មិនទាន់មាននូវដំណោះស្រាយណាមួយក្នុងការដោះស្រាយបញ្ហានយោបាយ និងការគោរពទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតនោះឡើយ។ លោកបញ្ជាក់ថា គ្រាន់តែជាល្បែងនយោបាយ ដែលធ្វើឡើងគ្រាន់តែយកឈ្នះយកចាញ់ និងផ្ដួលគូរប្រកួតតែប៉ុណ្ណោះ ។ នេះជាការមើលឃើញរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ។
[...នៅដំណាក់កាលនៃល្បែងល្បែងនយោបាយយើងមើលឃើញជាលក្ខណយុទ្ធសាស្រ្ត ឬយុទ្ធវិធីក្នុងការតតាំងនៅក្នុងការដាក់សម្ពាធទៅវិញទៅមក ឬក៏ក្នុងន័យចង់ចាញ់ចង់ឈ្នះផ្ដួលគូរប្រកួតវាមើលទៅមិនទាន់ថាជានយោបាយដែលកម្ពុជាទទួលបាននូវជ័យជំនះទាំងអស់គ្នា ហើយក៏មើលថាមិនទាន់ឃើញមានការដំណោះស្រាយណាមួយដែលធ្វើអោយកម្ពុជាងាកមកការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដនៅឡើយទេបា៎...]
លោក ព្រាប កុល បានបន្តទៀតថា លោកចង់អោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្កើតនូវនយោបាយថ្មីមួយក្នុងសម័យទំនើបនេះ ដើម្បីការផ្សះផ្សារ និងបង្រួបបង្រួមជាតិ បន្ទាប់ពីនយោបាយឈ្នះឈ្នះដែលបានបង្កើតឡើងកាលឆ្នាំ១៩៩៨ ។
[...ការកើតនូវគោលដៅថ្មីនៃនយោបាយឈ្នះឈ្នះដើម្បីអោយយុវជនដើម្បីអោយកូនខ្មែរយើងគាត់បានឃើញ ហើយគាត់បានមើលនូវផលចំណេញនៃនយោបាយឈ្នះឈ្នះនូវគោលដៅថ្មីយើងចង់ឃើញថាតើសម្រាប់គោលដៅថ្មីហ្នឹងវាមានរូបមន្តបែបមិច ហើយអាចអោយខ្មែរយើងឈ្នះទាំងអស់គ្នាគ្រប់ភាគីចឹងហា៎...]
ជាមួយគ្នានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា រយៈពេលចុងក្រោយនេះស្ថានការណ៍នយោបាយ ហាក់មានការឡើងកម្ដៅបន្តិចវិញ បន្ទាប់ពីមានការសាទរពីការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ។
[...ក៏ប៉ុន្តែក្នុងរយៈពេលមួយអាទិត្យចុងក្រោយនេះ យើងមើលទៅទំនងហាក់ដូចជា អ្វីៗវាកំពុងតែផ្អើលចូលទៅកន្លែងចាស់វិញហា៎ បានន័យថាការគំរាមរវាងអ្នកនយោបាយទាំងពីរហ្នឹងចាប់ផ្ដើមឡើងវិញ ហើយយើងមើលអំពីច្បាប់នៃគណបក្សច្បាប់គណបក្សនយោបាយថ្មីនេះទំនងហាក់ដូចជាមានការបើកផ្លូវតិចណាស់បើយើងមើលក្នុងហ្នឹងហា៎ ដែលធ្វើអោយភាពប្រសើរឡើងទៅលើដំណើរវិវត្តនៃនយោបាយជាវិជ្ជមាននៅក្នុងស្រុកយើងនឹងហា៎...]
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះ បានបន្ថែមទៀតថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការស្ដារស្ថានការណ៍នយោបាយនៅពេលនេះ ហាក់មិនទាន់បានបង្ហាញពីភាពវិជ្ជមានណាមួយនោះទេ ។
ស្រដៀងគ្នានេះ អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក ហង្ស វិទូ មើលឃើញថា ឆន្ទៈនយោបាយ មិនទាន់មានភាពល្អប្រសើរនោះទេ ក៏ប៉ុន្តែសេនារីយ៉ូនយោបាយ គឺមានភាពប្រសើរឡើងជាងមុន ។
[...ស្ថានការណ៍នយោបាយក្នុងប្រទេសខ្មែរយើងខ្ញុំគិតថា ដូចអត់មានអីប្រសើរឡើងជាងមុនទេ អាហ្នឹងបើយើងមើលទៅតាមឆន្ទៈនយោបាយ ប៉ុន្តែបើសិនជាសេនារីយ៉ូនយោបាយដែលបានរៀបចំឡើងខ្ញុំឃើញថាមានភាពធូរស្បើយជាងមុន...]
មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ស៊ឹង សែនករុណា បានលើកឡើងថា ស្ថានភាពនយោបាយនៅរយៈពេលចុងក្រោយនេះ ហាក់មានភាពធ្ងន់ធ្ងរជាងមុន មិនមានភាពធូរស្រាលនោះទេ ។
[...ដូចជាមិនមានអ្វីដែលមានភាពល្អប្រសើរអីទេយើងមើលឃើញហើយថាស្ថានការណ៍នយោបាយបើយើងគិតតាំងពីឆ្នាំ៩៣ មកដល់បច្ចុប្បន្ននេះមួយរយៈពេលចុងក្រោយហាក់ដូចជាមានភាពស្ថានភាពធ្ងន់ធ្ងរជាងលើកមុនបាទ...]
សូមបញ្ជាក់ថា រយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ បានចេញសេចក្តីថ្លែងការណ៍សំខាន់មួយ សម្រួលដល់ស្ថានការណ៍អ្នកនយោបាយក្រុមប្រឆាំង ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយកន្លងទៅ ក៏ដូចជាសម្រួលដល់ប្រព័ន្ធផ្សព្វផ្សាយបរទេសនៅកម្ពុជា អង្គការសង្គមស៊ីវិល និងសហជីពជាដើម។
យ៉ាងណាក៏ដោយមកទល់ថ្ងៃទី២៨ ខែធ្នូ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុម័តទាំងស្រុង ដោយអះអាងថាការធ្វើវិសោធនកម្មច្បាប់ស្តីពីច្បាប់គណបក្សនយោបាយ គឺស្របទៅតាមច្បាប់ ដែលការអនុម័តទាំងស្រុងនេះ គឺនឹងចូលជាធរមាន គឺរងចាំតែព្រះមហាក្សត្រទ្រង់ឡាយព្រហស្ថលេខាលើព្រះរាជក្រមនោះតែប៉ុណ្ណោះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!