ក្រុមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកវិភាគ ៖ ការគ្រប់គ្រងកាស៊ីណូនៅកម្ពុជា នៅមានភាពធូររលុង ដែលរដ្ឋាភិបាលត្រូវមានច្បាប់គ្រប់គ្រងអោយបានតឹងរឹង
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកវិភាគ ថា ការកើនឡើងចំនួនកាស៊ីណូនៅកម្ពុជាសព្វថ្ងៃ បានជះឥទ្ធិពលទាំងវិជ្ជមាន និង អវិជ្ជមានដល់កម្ពុជា ខណៈការគ្រប់គ្រងកាស៊ីណូនៅមានភាពធូររលុង ដែលរដ្ឋាភិបាលត្រូវមានច្បាប់គ្រប់គ្រងអោយបានតឹងរឹង ជាងពេលបច្ចុប្បន្ននេះ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ការកើនឡើងយ៉ាងច្រើននូវចំនួនកាស៊ីណូនៅក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន បានផ្ដល់ទាំងវិជ្ជមាន និងអវិជ្ជមាន ក៏ប៉ុន្តែដោយការគ្រប់គ្រងកាស៊ីណូនៅកម្ពុជាមានធូររលុងនោះ ធ្វើអោយមាននូវផលអវិជ្ជមានច្រើនចំពោះកម្ពុជា ។ នេះជាការលើកឡើងរបស់លោក គង់ មុនីកា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សឆន្ទៈខ្មែរ ។
លោក គង់ មុនីកា បានបន្តថា រដ្ឋាភិបាល ឬក៏ក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែមានច្បាប់នៃគ្រប់គ្រងកាស៊ីណូអោយបានច្បាស់លាស់ និងរឹងមាំ ដែលកំពុងមានការកើនគ្រប់ទីកន្លែងនោះ ។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មើលឃើញថា ការគ្រប់គ្រងកាស៊ីណូបច្ចុប្បន្នមិនទាន់បានត្រឹមត្រូវនោះទេ ទាំងការប្រមូលពន្ធ ក៏ដូចជាការអនុញ្ញាតអោយជនជាតិខ្មែរចូលលេង ជាដើម ។
អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក ហង្ស វិទូ បានលើកឡើងថា ការកើនឡើងចំនួនកាស៊ីណូនេះ អាចជាហេតុមកពីកំណើនជនជាតិចិននៅកម្ពុជាមានចំនួនច្រើន ដែលជនជាតិចិន ជាជនជាតិមួយដែលចូលចិត្តលេងល្បែងនោះ ។
អ្នកវិភាគរូបនេះ បានបញ្ជាក់ថា ការកើតឡើងកាស៊ីណូបានផ្ដល់នូវផលវិជ្ជមានមួយចំនួន រយៈការបង់ពន្ធចូលរដ្ឋ ការកើនឡើងនូវចំនួនភ្ញៀវទេសចរ និងអាចធ្វើអោយតម្លៃដីឡើងថ្លៃ ជាដើម ។
ជាមួយគ្នានេះដែរ ក៏បានផ្ដល់នូវផលអវិជ្ជមានផងដែរ ដោយអាចមានការប្រព្រឹត្តអំពើពុករលួយ បង្កភាពអនាធិបតេយ្យ អសន្តិសុខ និងប៉ះពាល់មុខមាត់ប្រទេសជាតិ ផងដែរ ។
សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍ពីខាងអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិយ័តករអាជីវកម្មកាស៊ីណូ ចំនួនអាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូសរុបគិតត្រឹមដំណាច់ឆ្នាំ ២០១៨ មានកំណើនរហូតដល់ទៅ ៥៣ ភាគរយធៀបនឹងដំណាច់ឆ្នាំ ២០១៧ ដែលកាលនោះចំនួនអាជ្ញាប័ណ្ណសរុបមានត្រឹមតែ ៩៨ ប៉ុណ្ណោះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!