ក្រុមសហជីព ៖ ពលកម្មកុមារក្នុងវិស័យកាត់ដេរ មានការថយចុះ ប៉ុន្តែរដ្ឋាភិបាលត្រូវតែមានវិធានការបន្តទៀត ដើម្បីកាត់បន្ថយអត្រាពលកម្មលើកុមារ
ក្រុមសហជីព លើកឡើងថា អត្រាការប្រើប្រាស់កម្លាំងពលកម្មកុមារក្នុងវិស័យកាត់ដេរកម្ពុជា មានការថយចុះ ក៏ប៉ុន្តែ បញ្ហានេះនៅតែជាបញ្ហាប្រឈម ដែលរដ្ឋាភិបាលត្រូវតែមានវិធានការបន្ត ដើម្បីទប់ស្កាត់ និងកាត់បន្ថយអត្រាពលកម្មលើកុមារ អោយកាន់តែប្រសើរថែមទៀត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មើលឃើញថា ចំនួនកុមារមិនទាន់គ្រប់អាយុដែលធ្វើការនៅក្នុងវិស័យកាត់ដេរកម្ពុជាបច្ចុប្បន្ន មានត្រឹមតែ ០.២ % តែប៉ុណ្ណោះ ដោយលោកបញ្ជាក់ថា ភាគច្រើនគឺជាអ្នកដែលកែលិខិតអត្រានុកូលដ្ឋាន ដើម្បីបានចូលធ្វើការ ។
មេសហជីពរូបនេះ បានបន្តថា ផ្ទុយទៅវិញអត្រាកុមារដែលធ្វើការតាមភោជនីយដ្ឋាន ការ៉ាសាំង ផ្សារម៉ាត ជាដើម មានចំនួនកើនឡើងច្រើន ដែលមានជាង ៥០ % ទៅណោះ ។
ស្រដៀងគ្នានេះ លោក គង់ អាទិត្យ អនុប្រធានសហជីពស៊ីខៅឌូ បានលើកឡើងថា មិនមានការកើនឡើងនូវចំនួនកុមារមិនគ្រប់អាយុធ្វើការក្នុងវិស័យកាត់ដេរនោះទេ មានតែថយចុះ ។
លោកបានបញ្ជាក់ថា ការថយចុះនេះ ដោយសារកត្តាមួយចំនួន ដូចជាការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ទាំងក្រសួងការងារ សហជីព អង្គការអន្តរជាតិ និង និយោជក ជាដើម ក្នុងការរឹតបន្តឹងលក្ខខណ្ឌមួយចំនួន ដើម្បីទប់ស្កាត់ និងកាត់បន្ថយពលកម្មលើកុមារ ។
ដោយឡែក លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា លើកឡើងថា ចំពោះបញ្ហាពលកម្មកុមារនៅតែជាបញ្ហាដែលកំពុងកើតមានឡើងនៅកម្ពុជា ជាពិសេសនៅតាមរោងចក្រកាត់ដេរមួយចំនួន និងតាមសិប្បកម្មឡឥដ្ឋ ជាដើម ។
វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតប ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បាននោះទេ ដោយទូរស័ព្ទហៅចូលជាច្រើនលើក តែមិនមានអ្នកទទួល ។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់អង្គការILO នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានវាយតម្លៃលើរោងចក្រចំនួន៤៦៤ ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨ ។ កុមារដែលបម្រើការងារ នៅក្នុងវិស័យកាត់ដេរ មានការធ្លាក់ចុះពី ៧៤ ករណី ក្នុងឆ្នាំ២០១៣ មកត្រឹម១០ករណី នៅក្នុងឆ្នាំ២០១៨ ។
វិស័យកាត់ដេរនៅកម្ពុជាបានបង្កើតចំណូលជាង ៧០ភាគរយ នៃចំណូលនាំចេញសរុបរបស់កម្ពុជា ។ ប្រាក់ឈ្នូលអប្បបរមាប្រចាំខែ សម្រាប់កម្មករនិយោជិកពេញសិទ្ធិ នៅតាមបណ្ដារោងចក្របានកើនឡើងដល់ ១៧០ដុល្លារ ក្នុងឆ្នាំ២០១៨ ហើយបើតាមការអះអាងរបស់រាជរដ្ឋាភិបាល នឹងបន្តឡើងបន្ថែមទៀតនាឆ្នាំខាងមុខ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!