សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ គាំទ្រការប្ដេជ្ញាចិត្តរបស់អាជ្ញាធរខេត្តក្នុងការកែប្រែស្ថានភាពខេត្តព្រះសីហនុឡើងវិញ
ក្រុមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គាំទ្រនឹងការលើកឡើងរបស់អភិបាលខេត្តព្រះសីហនុ នៅក្នុងការដាក់វិធានការអនុវត្តច្បាប់ និងការប្ដេជ្ញាចិត្ត ដើម្បីកែប្រែស្ថានភាពក្រុងព្រះសីហនុឡើងវិញ ខណៈអ្នកវិភាគ លើកឡើងថា វិធានការនេះ ហាក់មិនទាន់គ្រប់ជ្រុងជ្រោយទៅនឹងបញ្ហាដែលក្រុងព្រះសីហនុកំពុងតែកើតមាននោះទេ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យល់ឃើញថា នេះគឺជារឿងដែលល្អមួយដែលអភិបាលខេត្តព្រះសីហនុ មានការប្ដេជ្ញាចិត្ត នៅក្នុងការកែប្រែស្ថានភាពក្រុងព្រះសីហនុឡើងវិញបែបនេះ ប៉ុន្តែគ្រាន់តែក្នុងការប្ដេជ្ញាចិត្ត នេះហាក់នៅមានភាពយឺតយ៉ាវបន្តិច ។
តែយ៉ាងណា លោកក៏បានស្នើរទៅកាន់អភិបាលខេត្តព្រះសីហនុ ត្រូវតែមានការត្រួតពិនិត្យឡើងវិញ ចំពោះជនបរទេសទាំងឡាយណាដែលមានសិទ្ធិបើកបររថយន្ត ព្រោះករណីបង្កគ្រោះថ្នាក់ចរាចរណ៍កន្លងភាគច្រើន គឺបណ្ដាលមកពីជនបរទេសនេះផងដែរ ។
ជុំវិញនឹងករណីនេះផងដែរ លោក គង់ មុនីកា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា លោកចង់ឃើញប្រសិទ្ធិភាពពិតប្រាកដនៃការអនុវត្តច្បាប់របស់អាជ្ញាធរខេត្តព្រះសីហនុ មិនចង់ឃើញតែការប្តេជ្ញាចិត្តនោះទេ។ លោកបានបន្ថែមទៀតថា ចំពោះវិធានការដែលអាជ្ញាធរខេត្តបានលើកឡើងនេះគ្រាន់តែជាមួយផ្នែកតូចប៉ុណ្ណោះ ខេត្តព្រះសីហនុនៅមានបញ្ហាជាច្រើនទៀតទាមទារការយកចិត្តពីអាជ្ញាធរខេត្ត ជាពិសេសបញ្ហាដីធ្លី។
ដោយឡែក កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា ចំពោះវិធានការនែការរឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីកែប្រែស្ថានភាពក្រុងព្រះសសីហនុឡើងវិញដែលរដ្ឋបាលក្រុងព្រះសីហនុបានលើកឡើងនោះ គឺហាក់ដូចជាមិនទាន់ត្រូវទៅនឹងស្ថានភាពក្រុងព្រះសីហនុដែលកំពុងតែកើតមាននោះទេ ។ អ្នកវិភាគរូបនេះបានបន្ថែមទៀតថា កត្តាសំខាន់ដែលធ្វើអោយក្រុងព្រះសីហនុធ្លាក់ចុះយ៉ាងគំហុកបែបនេះ គឺដោយសារកត្តាបរិស្ថាន និងការបង្កភាពអណាធិបតេយ្យរបស់ជនជាតិចិន ជាពិសេសគឺការឡើងថ្លៃផ្ទះជួល និង ម្ហូបអាហាជាដើម ជាដើម ។
គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅក្នុងការប្ដេជ្ញាចិត្តបែបនេះ គឺបន្ទាប់ពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដែលបញ្ជាឲ្យអភិបាលខេត្តព្រះសីហនុ ត្រូវស្តារឡើងវិញនូវស្ថានភាពក្រុងព្រះសីហនុ ដែលមួយរយៈនេះស្ថានភាពក្រុងព្រះសីហនុ បានធ្លាក់ចុះដោយ កត្តាសត្យានុម័ត និងកត្តាអត្តនោម័ត ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!