អ្នកវិភាគ ៖ ការឃាត់ឡានធំៗចូលក្រុង ជាវិធានការដដែល ហាក់មិនមានប្រសិទ្ធិភាព
អ្នកជំនាញផ្នែកចរាចរណ៍ លើកឡើងថា ការឃាត់រថយន្តធំៗចូលក្រុង ជារឿងដែលល្អ ដើម្បីជួយសម្រួលដល់សណ្ដាប់ធ្លាប់សាធារណៈ ខណៈអ្នកវិភាគ លើកឡើងថា ជាវិធានការដដែល ហាក់មិនដែលឃើញប្រសិទ្ធិភាពនោះឡើយ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក អ៊ា ចរិយា អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោក បានលើកឡើងថា ការដែលអាជ្ញាធររាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលចរាចរណ៍ ចុះឃាត់រថយន្តដឹកទំនិញចេញចូលម៉ោងខុសច្បាប់កំណត់ ជារឿងដែលល្អមួយ ដោយកន្លងមកមានការប្រកាសជារឿយៗ តែមិនទាន់បានមាននូវវិធានការតឹងរឹងនោះទេ ។
អ្នកជំនាញរូបនេះ បានបន្តថា ផលប្រយោជន៍ដែលទទួលបាននោះ គឺ កាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់សណ្ដាប់ធ្លាប់នៅក្នុងរាជធានីភ្នំពេញ ផងដែរ ។
ដើម្បីទទួលបាននូវប្រសិទ្ធិភាព លោកបានជំរុញអោយអាជ្ញាធរ ត្រូវមានការផ្សព្វផ្សាយអប់រំលើបញ្ហានេះអោយទូលាយ ធ្វើការផាកពិន័យអ្នកល្មើសច្បាប់ និងត្រូវធ្វើអោយបានជាប់លាប់ មិនមែនធ្វើតែមួយរយៈពេលខ្លីនោះទេ ។
ការលើកឡើងថាបែបនេះ បន្ទាប់ពីអាជ្ញាធរក្រុងភ្នំពេញ រួមសហការគ្នាជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះត្រួតពិនិត្យច្បាប់ ចរាចរណ៍ ទៅលើរថយន្តធុនធំ ដែលមិនអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញ ដោយមានការពង្រាយកម្លាំងនៅតាមផ្លូវសំខាន់ៗមួយចំនួន ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី មើលឃើញថា បញ្ហានេះ គឺជារឿងដដែលៗ ដែលរាល់វិធានការរបស់អាជ្ញាធរ មិនដែលឃើញទទួលបានប្រសិទ្ធិភាពនោះឡើយ ដោយលោកបញ្ជាក់ថា ដោយសារក្រុមហ៊ុនខ្លះ មានអ្នកនៅពីក្រោយខ្នង និងនៅតែមានមន្ត្រីមួយចំនួន បន្តយកលុយពីឡានធំៗទាំងនោះ ហើយក៏អនុញ្ញាតអោយទៅ ជាដើម ។
ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ក៏បានលើកឡើងស្រដៀងនេះដែរថា ជាវិធានការដែលមិនមាននូវប្រសិទ្ធិភាពនោះទេ ដោយលោកបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធិភាព គួរតែមានការអនុវត្តច្បាប់អោយបានរឹងតឹង និងគួរតែមានការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ឡើងវិញ ផងដែរ ។
ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោក សែម គន្ធា បានលើកឡើងថា នៅក្នុងការចុះអនុវត្តច្បាប់ចរាចរណ៍ ក៏ដូចជា ការត្រួតពិនិត្យទៅលើរថយន្តធុនធំនេះ គឺចាប់ផ្ដើមតាំងពីព្រឹករហូតដល់ល្ងាច ដោយកម្លាំងនគរបាលចរាចរណ៍ បានធ្វើការឃាត់រថយន្តធុនធំបានចំនួន៩៦គ្រឿង ដោយយកមកតាមគោលដៅចំនួន៣ផ្សេងគ្នា។
លោក សែម គន្ធា បានបន្តថា ចំពោះរថយន្តដែលកម្លាំងនគរបាលបានធ្វើការឃាត់នោះ នឹងសុំគោលការណ៍ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពន្យល់ណែនាំដល់ម្ចាស់អាជីវកម្ម ដែលបើកមុខរបររថយន្តដឹកទំនិញធុនធំទាំងឡាយ ។
គួររំលឹកដែរថា កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺការដាក់វិធានការ មិនអោយរថយន្តធំៗ ចេញចូលរាជធានីភ្នំពេញ នៅពេលថ្ងៃដាច់ខាត រួមនិងការលុបបំបាត់ មិនអោយមានប័ណ្ណអនុញ្ញាតិចេញចូលរាជធានីប្រភេទA BនិងC ទៀតផង ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!