សង្គមស៊ីវិល និងអ្នកវិភាគ ៖ ការជំរុញទាក់ទាញទេសចរចិន មកកម្ពុជា ជារឿងល្អ ដែលចំណេញដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែត្រូវមានការត្រួតពិនិត្យ និងគ្រប់គ្រងអោយបានតឹងរឹង
អ្នកវិភាគ និងសង្គមស៊ីវិល លើកឡើងថា ការជំរុញទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទេសចរចិន សំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿងល្អមួយ ដែលនឹងផ្ដល់ចំណេញជាច្រើនដល់សេដ្ឋកិច្ចជាតិតាមរយៈវិស័យទេសចរណ៍នេះ ប៉ុន្តែត្រូវមានការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើភ្ញៀវទេសចរអោយបានតឹងរឹងបំផុត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញអោយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ ត្រូវខិតខំទាក់ទាញភ្ញៀវទេសចរមកទស្សនានៅកម្ពុជា នាពេលអនាគត ឲ្យបាន៥លាននាក់ ជាពិសេសទេសចរចិន ដែលជាគោលការណ៍ នៃការទាក់ទាញ ។ ដោយលោកលើកឡើងថា ចិនមានពលរដ្ឋប្រមាណ ១៣០០លាននាក់ ដូច្នេះត្រូវទាក់ទាញជនជាតិចិនមកកម្ពុជាអោយបានច្រើន ។
ជាមួយនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ការជំរុញក្នុងការទាក់ទាញភ្ញៀវទេសចរ មិនថាតែទេសចរជនជាតិចិន ឬក៏ទេសចរជនជាតិអ្វីនោះទេ តែងតែនាំមកផលចំណេញជាច្រើនដល់សេដ្ឋកិច្ចជាតិ ប៉ុន្តែអ្វីដែលសំខាន់ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវមានការគ្រប់គ្រងអោយបានត្រឹមត្រូវទៅលើភ្ញៀវទេសចរ និងការផ្ដល់សេវាដ៏ល្អ ផងដែរ ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក ហង្ស វិទូ បានលើកឡើងថា ការជំរុញទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសទៅទេសចរចិន អោយមកកម្ពុជាអោយបានច្រើននោះ ជារឿងដែលល្អមួយ ប៉ុន្តែត្រូវមានត្រួតពិនិត្យ និងសិក្សាពីផលប៉ះពាល់ពីកំណើនជនជាតិចិនអោយបានច្បាស់លាស់ ដោយសារកន្លងមកជនជាតិចិនដែលមកកម្ពុជាបានបង្កបញ្ហាជាច្រើននៅកម្ពុជា ដូចជា បញ្ហាសន្តិសុខសណ្ដាប់ធ្លាប់ ជាដើម ។
អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្ត្រ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា កំណើនភ្ញៀវទេសចរមកទស្សនាកម្ពុជាមានការកើនឡើងរៀងរាល់ឆ្នាំ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក្រសួងទេសចរណ៍បានពង្រឹងទៅកត្តាសំខាន់ៗចំនួន ២ រួមមាន ការពង្រឹងផលិតផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិអោយមានការកើនឡើងជាបន្តបន្ទាប់ទៀតនោះ ។
សូមបញ្ជាក់ដែរថា នៅឆ្នាំ ២០១៨ នេះ កំណើនភ្ញៀវទេសចរ បានកើនឡើងពីរង្វង់ ១១ % ដែលមានចំនួនទេសចរអន្តរជាតិប្រមាណ ៦ លាន ២សែននាក់ ដោយភ្ញៀវជនជាតិចិន ឈចំណាប់ថ្នាក់លេខមួយ មានប្រមាណ ២ លាននាក់ ។ នេះតាមការបញ្ជាក់របស់លោក តុប សុភក្ត្រ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងទេសចរណ៍ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!