អ្នកវិភាគ ៖ សេដ្ឋកិច្ចកម្ពុជា ហាក់មិនទាន់ក្លាយជាខ្លាសេដ្ឋកិច្ចនៅអាស៊ីនោះទេ
អ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគមានទស្សនៈផ្ទុយគ្នាជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អះអាងថា សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនខ្លាំងនារយៈពេល ២ទស្សវត្សន៍ចុងក្រោយនេះ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក គី សិរីវឌ្ឍ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានប្រាប់វិទ្យុសំឡេងយុវជនវីអូវ៉ាយ ឲ្យដឹងនៅថ្ងៃនេះថា សេដ្ឋកិច្ចកម្ពុជា ពិតជាមានការកើនឡើងខ្លាំងនៅប៉ុន្មាន៦ឆ្នាំចុងក្រោយនេះ គឺដោយសារតែកំនើនសេដ្ឋកិច្ចកាន់តែមានការកើនដោយមិនមានការធ្លាក់ចុះនោះឡើយ ។ លោកបានបន្តទៀតថាបើសិនជាកម្ពុជាត្រូវផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ក៏មិនធ្វើឲ្យមានផលប៉ះពាល់អ្វីច្រើននោះឡើយ ព្រោះសព្វថ្ងៃកម្ពុជា មានការរីកចំរើនសេដ្ឋកិច្ចខ្លាំង ។
ទាក់ទិននឹងករណីនេះផងដែរ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង យល់ឃើញថា សេដ្ឋកិច្ចអាចមានភាពរីកចំរើនមិនផ្អែកទៅលើតែ GDP បាននោះទេ ។ អ្នកវិភាគរូបនេះបានបន្តទៀត ថាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ គឺហាក់មិនទាន់ក្លាយជាសេដ្ឋកិច្ចមួយដែលមានភាពរីកចំរើនខ្លាំងក្លានៅឡើយនោះទេ ព្រោះ សេដ្ឋកិច្ចនៅកម្ពុជាអាចនឹងងាយជួបការរងគ្រោះច្រើន ។
ជាមួយគ្នានេះដែរ លោក មាស នី អ្នកតាមដាន និងការស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញ ការលើករបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដូចជាផ្ទុយទៅនឹងស្ថានភាពដែលកម្ពុជាកំពុងតែមានជាក់ស្ដែង ដោយលោកបានបន្តថា មិនត្រឹមថានៅក្នុងអាស៊ីនោះទេ សូម្បីតែនៅក្នុងអាស៊ានក៏កម្ពុជាជាប្រទេសដែលមានភាពក្រីក្រជាងគេនោះដែរ។
គួរកត់សំគាល់ដែរថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថ្មីនេះថា ក្នុងរយៈពេល ២ទសវត្សន៍ចុងក្រោយនេះ កម្ពុជារក្សាបាននូវស្ថានភាពម៉ាក្រូ សេដ្ឋកិច្ចល្អប្រសើរ និងសម្រេចបាននូវកំណើនប្រចាំឆ្នាំជាមធ្យម ក្នុងរង្វង់៧.៧%ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥ ព្រមទាំងត្រូវបានចាត់ទុកថាជា ខ្លាសេដ្ឋាកិច្ចថ្មី នៅអាស៊ី ក្នុងឆ្នាំ២០១៦ផងដែរ។
ដោយឡែក បើតាមការលើកឡើងរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលជាអ្នកជំនាញរៀបចំគោលនយោបាយសេដ្ឋកិច្ចជាតិ បានធ្វើការបកស្រាយយ៉ាងខ្លីថា ផលសេដ្ឋកិច្ចដែលបានមកពីកំណើនសេដ្ឋកិច្ច ៧ភាគរយនេះ មិនមែនយកលុយទាំងដុំទៅចែកជូនដល់ប្រជាពលរដ្ឋកម្ពុជានោះទេ។
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចេញផ្សាយនៅថ្ងៃទី៦ខែមេសាបានព្យាករណ៍ថា កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គឺ ៧,១ភាគរយ ដែលជំរុញកំណើននេះជាពិសេស ដោយវិស័យវាយនភណ្ឌ សំណង់ និងអចលនទ្រព្យ ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!