ក្រុមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ ការតែងតាំងសមាជិកគ្រួសារក្នុងស្ថាប័នរដ្ឋ ជាប្រភពនៃការប្រព្រឹត្តអំពើពុករលួយ
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងសង្គមស៊ីវិល ថា ការតែងតាំងគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋ ពីសំណាក់បុគ្គលមួយចំនួន ហាក់ជាការបង្ហាញរូបភាពមិនល្អ និងជាប្រភពនៃការប្រព្រឹត្តអំពើពុករលួយដ៏ផុតលេខ អ្នកទាំងនោះ ក៏ស្នើអោយរដ្ឋាភិបាល គួរមានការកែប្រែ ស៊ើបអង្កេតទៅលើករណីនេះ ផងដែរ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ យល់ឃើញ ថា ការតែងតាំងក្រុមគ្រួសារ ឬ បក្សពួកនិយមនៅតាមស្ថាប័នរដ្ឋនោះ ហាក់ជាការបង្ហាញរូបភាពមិនល្អ ដែលគិតថាអង្គភាព ឬ ស្ថាប័នរដ្ឋ ទាំងនោះ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន ។
ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា ការតែងតាំងក្រុមគ្រួសារ នៅក្នុងស្ថាប័នរដ្ឋ គឺជាកត្តានៃការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័ននោះ ដែលលោកជំរុញអោយអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវមានការស៊ើបអង្កេតទៅលើបញ្ហានេះ ផង ។
ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោប់ លោក ពេជ្រ ស្រស់ បានស្នើអោយរដ្ឋាភិបាល គួរតែធ្វើការជម្រះក្អែលគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋទាំងអស់ និង ត្រូវលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃក្នុងការធ្វើការដោយសមត្ថភាព និងបម្រើជាតិជាយូរមកហើយនោះ ។
ស្រដៀងគ្នានេះដែរ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក៏បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក នឹងបន្តស្រាវជ្រាវ បកអាក្រាត រួមទាំងរកវិធានការបន្តទៀតលើករណីក្រុមគ្រួសារនិយមនៅក្នុង អគ្គនាយកដ្ឋាន នាយកដ្ឋាន មន្ទី ការិយាល័យ នានាដែលជាមុខងារសាធារណៈ «មិនមែនមន្ត្រីនយោបាយ» ក្រោមចំណុះក្រសួង និងស្ថាប័នផ្សេងៗទៀត ដើម្បីធានាបាននូវតម្លាភាព សមភាព ដល់ពលរដ្ឋទូទៅ ដែលមានបំណងប្រឡងចូលបំរើការងាររដ្ឋ ។
គួររំលឹកដែរថា រូបភាពយុវជនមួយរូប អាយុប្រមាណ២១ឆ្នាំ បានគ្រងឯកសណ្ឋានសក្តិបួន ដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់សាធារណៈជន ហើយក្រោយមកគេដឹងយុវជនដែលមានងារជានាយនគរបាលសក្តិ៤នោះ ជាកូនរបស់លោក ធឹម សុផា អគ្គនាយកអគ្គនាយកដ្ឋានសវនកម្ម នៃក្រសួងមហាផ្ទៃ ហើយក៏ត្រូវ ក្រុមឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក បានលើកឡើងនិងបង្ហាញងារផ្សេងៗគ្នា នៅក្នុងអគ្គនាយកដ្ឋានសវនកម្ម នៃក្រសួងមហាផ្ទៃ របស់លោកផ្កាយបួន ធឹម សុផា ដោយបានយកកូន កូនប្រសា ក្មួយ បងប្អូន ដែលមានចំនួន ១១ មកកាន់តំណែងសំខាន់ៗនៅក្នុងអគ្គនាយកដ្ឋានសវនកម្មនេះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!