លោក ថេង សាវឿន ៖ ក្រសួងមហាផ្ទៃ គាំទ្រការស្នើសុំរបស់សង្គមស៊ីវិល ក្នុងការធ្វើវិសោធនកម្មច្បាប់អង្គការ សមាគម
ក្នុងវេទិការជួបជុំជាមួយអង្គការសង្គមស៊ីវិល ក្រសួងមហាផ្ទៃគាំទ្រជាមួយការលើកឡើងរបស់អង្គការសង្គមស៊ីវិលដែលជម្រុញអោយធ្វើវិសោធនកម្មច្បាប់អង្គការសង្គមស៊ីវិល ដែលច្បាប់នេះកន្លងទៅភាគីសាម៉ីថាបង្កផលប៉ះពាល់ នេះជាការលើកឡើងរបស់ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ខណៈអ្នកវិភាគ ស្នើអោយក្រសួងមហាផ្ទៃ ក៏ដូចជារដ្ឋាភិបាលបើកចំហបន្ថែមទៀត ក្នុងការជជែកពិភាក្សាគ្នា ដោយត្រង់ទៅត្រង់មក។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងថា ក្នុងវេទិកាស្ដីពីភាពជាដៃគូរវាង រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ គឺជារឿងដែលល្អ ដោយអង្គការសង្គមស៊ីវិល បានស្នើត្រូវបានក្រសួងធ្វើការដោះស្រាយ បើទោះបីជាបញ្ហាខ្លះ មិនទាន់ត្រូវបានដោះស្រាយភ្លាមៗ ក៏ដោយចុះ ។
លោក ថេង សាវឿន បានបន្តថា ក្រសួងក៏បានបើកឳកាសអោយអង្គការ សង្គមស៊ីវិលទាំងអស់ លើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលអង្គការមិនមែនរដ្ឋាភិបាលបានជួបប្រទះកន្លងមក ក្នុងនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក៏បានគាំទ្រក្នុងការធ្វើវិសោធនកម្មច្បាប់អង្គការ សមាគម ផងដែរ ។
ការលើកឡើងបែបនេះ បន្ទាប់ពីលោកបានចូលរួមក្នុងវេទិការ ស្ដីពីភាពជាដៃគូររវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី២ កាលពីថ្ងៃទី ១៧ ខែមករា ម្សិលមិញនេះ ដោយមានការចូលរួមពីលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ជាច្រើនផងដែរ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា ជាសញ្ញាវិជ្ជមានមួយ ដែលបានបង្ហាញពីភាពជាដៃគូររវាង រដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដោយកន្លងមករដ្ឋាភិបាលតែងតែគិតថា សង្គមស៊ីវិលមួយចំនួនមាននិន្នាការទៅរកបក្សប្រឆាំង ។
អ្នកវិភាគរូបនេះ បានបន្តថា ដើម្បីធ្វើអោយការជួបប្រជុំនេះ ទទួលបាននូវប្រសិទ្ធិភាព និងភាពជាដៃគូរពិតប្រាកដនោះ ត្រូវមានការបើកចំហក្នុងការពិភាគ្សាគ្នាដោយត្រង់ទៅត្រង់មក ដើម្បីរិះរកវិធានការសមស្របណាមួយក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជាជាងគ្រាន់តែយកការប្រជុំនោះ ធ្វើជាការវាយប្រហារគ្នាទៅវិញទៅមកនោះឡើយ ។
គួររំលឹកដែរថា នៅក្នុងឆ្នាំ ២០១៨ កន្លងទៅ តំណាងអង្គការ សមាគមន៍ មួយចំនួន បានលើកឡើងថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការធ្វើសកម្មភាពផ្សេងៗរបស់សង្គមស៊ីវិល មិនទាន់មានភាពល្អប្រសើរនោះទេ ដោយនៅតែមានការរឹតត្បិតសិទ្ធិសេរី និងជួបនូវឧបសគ្គមួយចំនួនទៀតផង ។
សូមបញ្ជាក់ដែរថា បើតាមការបញ្ជាក់របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានលើកឡើងដែរថា អង្គការសង្គមសមាគមដែលក្រសួងមហាផ្ទៃ បានចុះក្នុងបញ្ជីនាពេលបច្ចុប្បន្ន គឺមានរហូតដល់ជាង៥,០០០អង្គការ ហើយគ្មានអង្គការ ឬ សមាគមណាមួយ ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅនៅក្នុងក្រសួងនោះឡើយ ផ្ទុយទៅវិញមានតែទទួលយកសំណើរបស់ពួកគេយកទៅពិចារណាដើម្បីស្ថាបនារួមតែប៉ុណ្ណោះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!