អ្នកវិភាគ និងអ្នកជំនាញផ្នែកចរាចរណ៍ ៖ មានតែការអនុវត្តច្បាប់អោយតឹងរឹង តែប៉ុណ្ណោះ ទើបការហាមឡានធំចូលក្រុងទទួលបានប្រសិទ្ធិភាព
អ្នកជំនាញផ្នែកចរារណ៍ និងអ្នកវិភាគ ថា ដើម្បីទទួលបានប្រសិទ្ធិភាព ក្នុងការហាមឡានធុនធំចូលរាជធានីភ្នំពេញ អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ច ត្រូវយកច្បាប់ មកអនុវត្តអោយបានតឹងរឹង ជាជាងគ្រាន់តែធ្វើការអំពាវនាវ ជាច្រើនលើកច្រើនសារ តែចំណាត់ការហាក់ធូររលុងច្រើន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក អ៊ា ចរិយា បានលើកឡើង ការហាមឡានធំចូលក្រុង ជារឿងដ៏សំខាន់មួយ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាសណ្ដាប់ធ្នាប់សាធារណៈ ផងដែរ ក៏ប៉ុន្តែការអំពាវនាវ និងមានវិធានការជាច្រើនលើកមកហើយ តែការអនុវត្តហាក់មិនទាន់ឃើញមានប្រសិទ្ធិនោះឡើយ ។
អ្នកជំនាញចរាចរណ៍រូបនេះ ក៏បានជំរុញអោយអាជ្ញាធរ ត្រូវមានរឹតបន្ដឹងការអនុវត្តច្បាប់អោយតឹងរឹង ជាជាងតែការអំពាវនាវជាច្រើនលើកច្រើនសារ តែគ្មានការអនុវត្តនោះ ។
ជាមួយគ្នានេះ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា វិធានការ គ្រាន់តែជាការប្រតិបត្តិការរយៈពេលខ្លី តែប៉ុណ្ណោះ ដោយកញ្ញាចោទជាសំណួរថា ហេតុអ្វីមិននាំគ្នាអនុវត្តច្បាប់ ចំពោះអ្នកល្មើសច្បាប់ ដែលច្បាប់បានចែង និងកំណត់យ៉ាងច្បាស់លាស់ រួចមកហើយនោះទៅ ។
អ្នកវិភាគរូបនេះ បានទទូចអោយមន្ត្រីមានសមត្ថកិច្ច ត្រូវតែយកច្បាប់មកអនុវត្ត ទើបទទួលបានប្រសិទ្ធិភាព និងជោគជ័យសម្រាប់បញ្ហាមួយនេះ ។
ការលើកឡើងបែបនេះ បន្ទាប់ពីលោក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអំពាវនាវដល់អ្នកបើកបររថយន្ដដឹកទំនិញធុនធំទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងគោរពតាមការកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលហាមមិនអោយចូលរាជធានីភ្នំពេញពេលថ្ងៃ ជាដាច់ខាត ។
គួររំលឹកដែរថា កន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺការដាក់វិធានការ មិនអោយរថយន្តធំៗ ចេញចូលរាជធានីភ្នំពេញ នៅពេលថ្ងៃដាច់ខាត រួមនិងការលុបបំបាត់ មិនអោយមានប័ណ្ណអនុញ្ញាតិចេញចូលរាជធានីប្រភេទA BនិងC ទៀតផង ។
ជាមួយគ្នានេះ អាជ្ញាធរក្រុងភ្នំពេញ រួមសហការគ្នាជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះត្រួតពិនិត្យច្បាប់ ចរាចរណ៍ ទៅលើរថយន្តធុនធំ ដែលមិនអនុញ្ញាតឱ្យចូលរាជធានីភ្នំពេញ ដោយមានការពង្រាយកម្លាំងនៅតាមផ្លូវសំខាន់ៗមួយចំនួន ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!