សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានសិទ្ធិត្រឹមតាមដានការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល តែប៉ុណ្ណោះ មិនមានសិទ្ធិសម្រេចកិច្ចការណាមួយរបស់រដ្ឋាភិបាល ឬ អាជ្ញាធរ នោះឡើយ
សង្គមស៊ីវិល លើកឡើងថា បើគិតថាខ្លួនទទួលបានតំណែងមិនទាន់មានសិទ្ធិពេញលេញនោះ គួរស្នើទៅថ្នាក់លើដើម្បីកែប្រែតួនាទី និងភារកិច្ច បន្ថែម ខណៈសមាជិកឧត្តមក្រុបប្រឹក្សាពីគ្រោះនិងផ្ដល់យោបល់ លើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានសិទ្ធិត្រឹមតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាល តែប៉ុណ្ណោះ មិនមានសិទ្ធិសម្រេចកិច្ចការណាមួយរបស់រដ្ឋាភិបាលទេ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យល់ឃើញថា ការលើកឡើងរបស់បុគ្គលមួយចំនួន ដែលថាការទទួលបានតំណែងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គ្រាន់តែជាតំណែងខ្យល់ ប៉ុន្តែគ្នានសិទ្ធអំណាចអ្វីនោះ គឺហាក់បុគ្គលទាំងនោះមិនបានមើលនូវព្រះរាជក្រឹត្យដែលបានចែងយ៉ាងច្បាស់ពីតូនាទី ភារកិច្ចរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នោះទេ ។
លោកបញ្ជាក់ថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានតួនាទីត្រឹមជាអ្នកតាមដានការអនុវត្តច្បាប់របស់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយចូលរួមជម្រុញការដោះស្រាយបញ្ហាប្រឈមនានារបស់ពលរដ្ឋ តែប៉ុណ្ណោះ មិនមានសិទ្ធិសម្រេចកិច្ចការជំនួសអាជ្ញាធរ ឬ ស្ថាប័នណាមួយនោះឡើយ ។
ដោយឡែក លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា ជាទូទៅបើសិនជាមន្រ្តីរូបណាដែលគិតថា តួនាទី និងភារកិច្ចរបស់ខ្លួន ហាក់មិនទាន់មានគ្រប់គ្រាន់ទៅនឹងតំណែងដែលខ្លួនកំពុងតែមាននោះទេ បុគ្គលទាំងនោះគួរតែមានការស្នើសុំទៅកាន់ថ្នាក់លើ ដើម្បីធ្វើការកែសម្រួលតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យសមទៅនឹងមុខតំណែង។
លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រាប់វិទ្យុសំឡេងយុវជន វីអូវ៉ា ឲ្យដឹងនៅថ្ងៃនេះ ថា សមាជិកឧត្តមក្រុបប្រឹក្សាពិគ្រោះ និងផ្ដល់យោយល់ ទាំងអស់ មានតួនាទី បីសំខាន់ៗដែលព្រះរាជក្រឹត្យបានចែង ដោយភារកិច្ចទីមួយ ពាក់ព័ន្ធនឹងកិច្ចការនីតិបញ្ញត្តិ ដែលសមាជិកឧត្តមក្រុមប្រឹក្សាអាចធ្វើសេចក្ដីស្នើវិសោធនកម្មច្បាប់ណាមួយទៅកាន់នាយករដ្ឋមន្រ្តី មានសិទ្ធតាមដានការអនុវត្តច្បាប់ អនុវត្តលិខិតបទដ្ឋានគតិយុទ្ធ របស់អាជ្ញាធរ ក៏ដូចជាក្រសួងស្ថាប័នរដ្ឋ ជាដើម និងមានសិទ្ធិចុះជួយដល់ប្រជាពលរដ្ឋដែលកំពុងកើតមានបញ្ហាប្រឈមណាមួយហើយយកមកសិក្សារកភ័ស្តុតាងណាមួយដើម្បីធ្វើការរាយការណ៍ទៅកាន់លោកនាយករដ្ឋមន្រ្តី ។
សូមជម្រាបជូនថា ថ្មីៗនេះ លោក សុខ លីម អនុប្រធានគណបក្សខ្មែរក្រោក បានសរសេសារនៅបណ្ដាញសង្គមរបស់លោក ថា លោកហាក់មានអារម្មណ៍ថា លោកមិនដែលសប្បាយចិត្ត និងត្រេកត្រអាល នឹងបុណ្យសក្តិទទួលបាននោះទេ ផ្ទុយទៅវិញកាន់តែមិនមានអារម្មណ៍ថា ខ្មាសខ្លួនឯងដែលទទួលបានតំណែងខ្យល់ខ្ពង់ខ្ពស់ នេះ តែហាក់គ្មានអំណាច និងឥទ្ធិពល មិនអាចបម្រើរាស្រ្តឲ្យមានប្រសិទ្ធភាពដូចដែលតំណែងមាន ។
គួរញ្ជាក់ផងដែរថា លោក ឈឹម ផលវរុណ បានបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាបានសម្រេចបានចូលរួមដោះស្រាយបញ្ហាជាច្រើនជួយដល់ប្រជាពលរដ្ឋ ដែលក្នុងនោះមានដូចជាការ បញ្ហាវិវាទដីធ្លី និងមានរឿងផ្សេងៗជាច្រើនទៀត។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ឧត្តមក្រុមប្រឹក្សាកំពុងតែដោះស្រាយបញ្ហាជាច្រើនទៀត ដែលមួយចំនួនបានដោះស្រាយរួចរាល់ហើយមួយចំនួនទៀតគឺ ស្ថិតនៅក្នុងដំណើរការនៃការដោះស្រាយ និងការសិក្សាស្រាវជ្រាវបន្ថែម ៕ អត្ថបទដោយ ញឹម ស្រីតូច
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!