អ្នកវិភាគ ៖ ការបង្កើតក្រុង ស្រុក ខណ្ឌ ថ្មីបន្ថែម មិនទាន់មានភាពចាំបាច់នៅឡើយទេ
អ្នកវិភាគ និងសង្គមស៊ីវិល លើកឡើងថា ការបង្កើតស្រុក ក្រុង ខណ្ឌ ថ្មីបន្ថែមនៅពេលនេះ ហាក់មិនទាន់មានភាពចាំបាច់នោះទេ ដែលធ្វើអោយបន្ទុកចំណាយរបស់រដ្ឋាភិបាលកាន់តែធំ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា ការបង្កើតស្រុក ក្រុង ខណ្ឌ ថ្មីបន្ថែមទៀតនៅពេលនេះ ហាក់មិនមានភាពចាំបាច់នោះទេ ដោយការបង្កើតនេះ គ្រាន់តែធ្វើអោយការចំណាយរបស់រដ្ឋាភិបាលមានបន្ទុកកាន់ធ្ងន់ តែប៉ុណ្ណោះ ស្របពេលដែលស្ថានការណ៍នយោបាយកម្ពុជា មានបញ្ហាប្រឈមនោះ ។
ស្រដៀងគ្នានេះ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង ក៏បានយល់ឃើញដូច្នេះដែរ ដោយកញ្ញាលើកឡើងថា ការបង្កើតស្រុក ក្រុង ខណ្ឌ ថ្មីបន្ថែមទៀតនៅពេលនេះ ហាក់មិនទាន់មាននូវមូលដ្ឋានគ្រឹះអ្វីរឹងមាំនោះទេ ដោយនឹងធ្វើអោយការចំណាយថវិការជាតិកាន់តែច្រើន ហើយប្រសិទ្ធិភាពការងារ ក៏ហាក់មិនទទួលបានភាពល្អប្រសើរ ទៀតផង ។
ជាមួយគ្នានេះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឈ លើកឡើងថា ការបង្កើតនេះមិនទាន់ចាំបាច់នោះទេ ដោយលោកជម្រុញអោយក្រសួងមហាផ្ទៃ គួរតែមានការកសាងសមត្ថភាពមន្ត្រីមូលដ្ឋានបន្ថែម ជាជាងការការទៅបង្កើតខេត្ត ឬ ស្រុក ក្រុង ខណ្ឌ បន្ថែមទៀតនោះ ។
នៅថ្ងៃនេះ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតប ពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននោះទេ ដោយលោកលើកឡើងថា លោកមិនទាន់ទទួលដំណឹងនេះទេ ដោយលោកអោយទៅសួរលោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល ក្រសួងមហាផ្ទៃ តែយ៉ាងណាលោក ប្រាក់ សំអឿន កំពុងជាប់ប្រជុំ។
សូមជម្រាបជូនថា តាមសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតនូវស្រុកចំនួន ៣ ក្រុង មួយ និង ខណ្ឌ ២ ថ្មីបន្ថែមទៀត ក្នុងនោះរួមមាន ៖ ខណ្ឌបឹងកេងកង ខណ្ឌកំបូល (រាជធានីភ្នំពេញ) ស្រុកតាំងគោក (ខេត្តកំពង់ធំ) ស្រុកតាលោសែនជ័យ (ខេត្តពោធិ៍សាត់) ស្រុកបូរីអូរស្វាយសែនជ័យ (ខេត្តស្ទឺងត្រែង) និង ក្រុងកោះរ៉ុង (ខេត្តព្រះសីហនុ) ។
កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅ ក្រសួងមហាផ្ទៃបានស្នើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសិក្សាគម្រោងបង្កើតខេត្តថ្មីចំនួនពីរទៀតក្នុងភូមិសាស្ត្រខេត្តកណ្តាល ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី តែត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចារបដិសេធ ដោយលោកថា ការបង្កើតខេត្តថ្មីក្នុង គឺមានគោលបំណងបែងចែកការកាន់តំណែងថ្មី ដល់មន្រ្តីខិលខូចតែប៉ុណ្ណោះ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!