សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ កំពុងកំណែទម្រង់ស៊ីជម្រៅពិតប្រាកដ តាមរយៈការលុបស្ថាប័ន និងការិយាល័យរដ្ឋ មួយចំនួនមិនចាំបាច់
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គាំទ្រការលុបចោលការិយាល័យរបស់ក្រសួងមួយចំនួននៅថ្នាក់ស្រុក ដោយអ្នកទាំងនោះ លើកឡើងថា ជាកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ហើយក៏បានចូលរួមកាត់បន្ថយការចំណាយថវិការរដ្ឋ ទៀតផង ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា អណត្តិថ្មីនេះ នឹងមានការលុបចោលការិយាល័យរបស់មន្ទីរ នៅថ្នាក់ស្រុកមួយចំនួន ដែលមិនចាំបាច់នឹងមាន ដោយលោកលើកឡើងថា ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងការងាររដ្ឋបាល និងកាត់បន្ថយការចំណាយថវិការជាតិមួយចំឡែក ផងដែរ និងជាវិធានការវះកាត់ ជៀរសាច់ នៅអណត្តិថ្មីនេះផងដែរ។
ជាមួយនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះដែរ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យល់ឃើញថា ជាកំណែទម្រង់ស៊ីជម្រៅយ៉ាងពិតប្រាកដរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៦ នេះ ដោយលោកលើកឡើងថា លោកនាយករដ្ឋមន្ត្រីកំពុងតែឆ្លុះកញ្ចក់ តាមរយៈការលុបស្ថាប័នរដ្ឋណា ដែលគិតថាគ្មានប្រយោជន៍ និងអសកម្មក្នុងបំពេញការងារ ជាដើម ។
លោក ពេជ្រ ស្រស់ បានលើកឡើងទៀតថា ស្ថាប័នមួយចំនួនបង្កើតឡើងគ្រាន់តែការផ្ដល់នូវមុខតំណែង តួនាទី ដល់មន្ត្រីថ្នាក់ក្រោម តែប៉ុណ្ណោះ ដែលមិនបានបំពេញការងារអ្វីនោះទេ ហើយក៏ធ្វើអោយខាតបង់ថវិការរដ្ឋ ផងដែរ ។
ជាមួយគ្នានេះដែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គាំទ្រការលុបចោលការិយាល័យមួយចំនួននៅថ្នាក់ស្រុក របស់ប្រមុខរដ្ឋាភិបាល ដោយលោកបញ្ជាក់ថា នៅពេលដែលលុបការិយាល័យមួយចំនួន ដែលមិនសូវសំខាន់ចោល រដ្ឋាភិបាលគួរតែយកកញ្ចប់ថវិការទាំងនោះ ទៅបម្រើលើការិយាល័យក្នុងវិស័យដែលចាំបាច់ជំនួសវិញ ដើម្បីទទួលបានប្រសិទ្ធិភាពការងារ ។
សូមជម្រាបជូនថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្នុងការលុបការិយាល័យនៅថ្នាក់ស្រុកនេះ គឺត្រូវរក្សាទុកតែនូវតំបន់ប្រតិបត្តិការ ផ្នែកយោធា កម្លាំងនគរបាល ការិយាល័យសុខាភិបាល ការិយាល័យអប់រំ និងការិយាល័យរៀបចំដែនដី ជាដើម ពីព្រោះថា ជាវិស័យសំខាន់ៗ មិនអាចលុបបាន ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៦ នេះ មានក្រសួងជំនាញចំនួន ២៧ ក្រសួង ដោយមិនរាប់បញ្ចូលក្រសួងព្រះបរមរាជវាំង នោះទេ ។ សម្រាប់រចនាសម្ព័ន្ធអង្គភាពរបស់ក្រសួងនានា នៅថ្នាក់ជាតិ រួមមាន អគ្គនាយកដ្ឋាន នាយកដ្ឋាន និងការិយាល័យ ចំឡែកនៅថ្នាក់ក្រោមជាតិ មានមន្ទីរតាមរាជធានី-ខេត្ត និងការិយាល័យជំនាញតាមស្រុក ក្រុង ខណ្ឌ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!