សង្គមស៊ីវិល ៖ ហាក់ព្រួយបារម្ភចំពោះ ការវិវត្តន៍ស្ថានការណ៍នយោបាយនារយៈពេលចុងក្រោយនេះ
សង្គមស៊ីវិល ហាក់ព្រួយបារម្ភចំពោះ ការវិវត្តន៍ស្ថានការណ៍នយោបាយនារយៈពេលចុងក្រោយនេះ ខណៈដែលពួកគេ ជម្រុញអោយអ្នកនយោបាយខ្មែរទាំងអស់ ត្រូវគិតរឿងផលប្រយោជន៍ និងផលប្រយោជន៍ប្រឈមរបស់ជាតិជាធំ ជាជាងឈ្លោះគ្នា រឿងផ្ទាល់ខ្លួន បែរបង្កផលប៉ះពាល់ដល់ជាតិទាំងមូល ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ឃើញថា ស្ថានការណ៍នយោបាយនារយៈពេលចុងក្រោយនេះ នៅតែមានភាពចម្រូងចម្រាស់ និងមានការព្រួយបារម្ភ ក្រោយការប្រកាសចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៊ី ហើយក៏មានការប្រកាសទៅវិញរបស់រដ្ឋាភិបាលកម្ពុជាក្នុងការចាត់វិធានការទៅលើលោក សម រង្ស៊ី នោះ ដោយលោកលើកឡើងថា នយោបាយផ្ទៃក្នុងរបស់កម្ពុជា មិនទាន់បង្ហាញពីភាពវិជ្ជមានអ្វីនោះទេដល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។
លោកបានបន្តថា អ្នកនយោបាយគួរតែមាននូវដំណោះស្រាយនយោបាយអោយបានឆាប់រហ័ស តាមរយៈការសន្ទនា ជជែកពិភាក្សា មានឆន្ទៈក្នុងការធ្វើសម្បទាននយោបាយម្នាក់មួយជំហានៗ ដោយតម្កល់នូវស្មារតីបង្រួបបង្រួមជាតិ និងគិតដល់ផលប្រយោជន៍ជាតិជាធំ ។
ជាមួយគ្នានេះ នាយកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានលើកឡើងថា មិនចង់ឃើញអ្នកនយោបាយខ្មែរនៅតែបន្តឈ្លោះគ្នាបែបនេះទេ ដែលការឈ្លោះគ្នារឿងផ្ទាល់ខ្លួនបែបនេះ ហាក់មិនបានចំណេញអ្វីដល់ប្រទេសកម្ពុជាឡើយ ។ ដោយលោកបានជម្រុញអោយគណបក្សកាន់អំណាចគួរអនុវត្តលក្ខខណ្ឌរបស់សហគមន៍អន្តរជាតិក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយគណបក្សប្រឆាំងគួរគិតពីប្រយោជន៍ជាធំ។
សម្រាប់កងទ័ពដែលប្រកាសប្រឆាំងដាច់ខាត់ចំពោះលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងនោះ លោក មឿន តុលា បានលើកឡើងថា ជារឿងមិនត្រឹមត្រូវនោះឡើយ ដោយលោកបញ្ជាក់ថា កម្ពុជាមាននូវនគរបាលយុត្តិធម៌ ក្នុងអនុវត្តសាលដីការតុលាការ និងមានសមត្ថកិច្ចក្នុងការចាប់ខ្លួន សម រង្ស៊ី មិនមែនប្រើកងទ័ពនោះទេ កងទ័ពត្រូវមានអព្យាក្រឹត្យភាព ជានិច្ច ។
ស្រដៀងគ្នានេះដែរ មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ស៊ឹង សែនករុណា បានជម្រុញអោយអ្នកនយោបាយខ្មែរគ្រប់ពាគីត្រូវបន្តរកដំណោះស្រាយនយោបាយឡើងវិញ ដូចដែលកម្ពុជាធ្លាប់បានធ្វើកាលថ្ងៃទី ២៣ តុលា ១៩៩១ ដែលមាននូវកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ក្នុងបំណងរួបរួមជាតិខ្មែរ និងចូលរួមលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា ដែលកាលនោះមានបួនភាគីចូលរួមផ្សះផ្សារជម្លោះ ។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ បានលើកឡើងថា អ្នកនយោបាយកម្ពុជា គួរតែមើលបទពិសោធន៍នយោបាយរបស់កម្ពុជាពីអតីតកាល ហើយត្រូវរកនូវការដោះស្រាយបញ្ហាទាំងអស់អោយបានឆាប់រហ័ស ដើម្បីប្រយោជន៍ជាតិខ្មែរ ។
សូមជម្រាបជូនថា លោក សម រង្ស៊ី មេដឹកគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅបរទេស បានប្រកាសវិលចូលប្រទេសកម្ពុជា ជាថ្មីម្ដងទៀត ជាមួយគ្នានឹងការប្រកាសរបស់លោក សម រង្ស៊ី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសស្វាគមន៍វត្តមានមេដឹកនាំបក្សប្រឆាំងរូបនេះផងដែរ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើង ហាក់ចំអកដល់លោក សម រង្ស៊ី ថាខាងកម្ពុជា រង់ចាំយ៉ាងអន្ទះសាចំពោះការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៉ី ហើយក្នុងនោះលោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសចាប់ខ្លួនលោក សម រង្ស៊ី ផងដែរ ទៅតាមអំណាចសាលដីការបង្គាប់អោយចាប់ខ្លួនរបស់តុលាការ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!