មន្រ្តីសិទ្ធិមនុស្ស និងអ្នកវិភាគ ៖ ជម្រុញអោយអាជ្ញាធរ គួរតែអនុវត្តច្បាប់អោយបានតឹងរឹង និងទៅតាមនីតិវិធីច្បាប់ ចំពោះជនដែលបង្កអោយមានការផ្ទុះអាវុធយ៉ាងអណាធិបតេយ្យ
អ្នកវិភាគ និងអ្នកសិទ្ធិមនុស្ស ជម្រុញអោយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែអនុវត្តច្បាប់អោយបានតឹងរឹង និងទៅតាមនីតិវិធីច្បាប់ដែលកំណត់ ចំពោះជនដែលបង្កអោយមានការផ្ទុះអាវុធយ៉ាងអណាធិបតេយ្យ ខណៈបច្ចុប្បន្នការគ្រប់គ្រងអាវុធនៅមានកម្រិត ដែលហាក់បង្ហាញពីកម្សោយរបស់អាជ្ញាធរក្នុងការគ្រប់គ្រងអាវុធនៅកម្ពុជា ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
មន្ត្រីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ស៊ឹង សែនករុណា យល់ឃើញថា ការផ្ទុះអាវុធជាញឹកញាប់ក្នុងទីក្រុង ហាក់បង្ហាញពីកម្សោយរបស់មន្រ្តី ក៏ដូចអាជ្ញាធរដែលទទួលបន្ទុកលើការគ្រប់គ្រងអាវុធ ដោយលោកឡើកឡើងថា មន្រ្តីដែលមានសិទ្ធិកាន់អាវុធ គួរតែដកយកអាវុធទាំងនោះមករក្សាទុក ក្រោយបញ្ជប់ភារកិច្ច ឬក៏ម៉ោងធ្វើការ ។
មន្រ្តីសិទ្ធិមនុស្សរូបនេះ ក៏បានជម្រុញអោយអាជ្ញាធរ គួរតែមានតាមចាប់ខ្លួនបុគ្គលដែលបង្កការផ្ទះអាវុធ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ដែលមិនត្រូវលើកលែងអោយនោះឡើយ ។
ស្រដៀងគ្នានេះដែរ លោក ហង្ស វិទូ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ បានលើកឡើងថា បច្ចុប្បន្នការផ្ទុះអាវុធភាគច្រើនកើតចេញពីមន្ត្រីសមត្ថកិច្ចដែលមានសិទ្ធិប្រើប្រាស់ និងកាន់អាវុធ ដែលមានទាំងប្រើត្រូវច្បាប់ និងប្រើខុសច្បាប់ ដោយហាក់បង្ហាញពីការគ្រប់គ្រងអាវុធមិនទាន់មានភាពជាក់លាក់ណាមួយនោះទេ ដោយលោកបញ្ជាក់ថា ការអនុវត្តច្បាប់ចំពោះជនដែលបង្កអោយផ្ទុះអាវុធ ហាក់មិនទាន់មានចំណាត់ការអ្វីទៅតាមផ្លូវច្បាប់នោះឡើយ ។
ដើម្បីកាត់បន្ថយ ក៏ដូចជាទទួលបាននូវប្រសិទ្ធិភាពក្នុងការគ្រប់គ្រងអាវុធ លោក ហង្ស វិទូ បានជម្រុញអោយស្ថាប័នពាក់ព័ន្ធត្រូវមានការអនុវត្តច្បាប់ដែលមានស្រាប់រួចមកហើយអោយបានតឹងរឹង និងទៅតាមនីតិវិធី ព្រមទាំងត្រូវមានការផ្សព្វផ្សាយអប់រំនូវក្រមសីលធម៌វិជ្ជាជីវៈ ដល់បុគ្គលដែលមានសិទ្ធិកាន់អាវុធផ្សេងៗ បន្ថែមទៀត ។
ដោយឡែក លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា អាជ្ញាធរក្រុងភ្នំពេញ មានក្រុមការងារចម្រុះ ដែលតែងតែចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅពេលយប់ជាប្រចាំនៅតាមខណ្ឌទាំងអស់ ដើម្បីធានារក្សាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ចំពោះបុគ្គលដែលបានធ្វើអោយមានផ្ទុះអាវុធ នោះ ជាសមត្ថកិច្ចរបស់មន្រ្តីនគរបាល ក្នុងចាត់វិធានការទៅតាមនីតិវិធី និងតាមច្បាប់ដែលបានកំណត់ទៅតាមបទល្មើសជាក់ស្ដែង ។
គួរកត់សម្គាល់ដែរថា ទីក្រុងភ្នំពេញ តែងតែមានករណី ផ្ទុះអាវុធ ជាញឹកញាប់នៅតាមភោជនីយដ្ឋាន និងកន្លែងកំសាន្តនានា ហេតុដែលបង្កអោយមានការផ្ទុះអាវុធបែបនេះ ភាគច្រើនកើតឡើងតាមរយៈ ជម្លោះរឿងផឹកស៊ី គុំនំគំគួនគ្នា ដែលភាគច្រើនបង្កឡើងដោយមន្ត្រីនគរបាល មន្ត្រីយោធា និងអ្នកដែលមានអំណាច និងបុណ្យសក្តិមួយចំនួន ជាដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!