អ្នកវិភាគ និងសកម្មជនព្រៃឈើ សាទរចំពោះការចុះកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ ជាមួយនឹងសហគមន៍ការពារព្រៃឈើ ប៉ុន្តែពួកលោក ជម្រុញអោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានកិច្ចសហការដោយស្មោះត្រង់ជាមួយសហគមន៍ក្នុងកិច្ចការពារធនធានព្រៃឈើ
សកម្មជនការពារព្រៃឈើ និងអ្នកវិភាគ សាទរចំពោះការចុះកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ ជាមួយនឹងសហគមន៍ការពារព្រៃឈើ ប៉ុន្តែពួកលោក ជម្រុញអោយក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានកិច្ចសហការដោយស្មោះត្រង់ជាមួយសហគមន៍ក្នុងកិច្ចការពារធនធានព្រៃឈើ និងត្រូវកាត់សាច់ស្អុយចោល ផងដែរ ដើម្បីធានាការគ្រប់គ្រងព្រៃឈើនៅកម្ពុជាអោយមានប្រសិទ្ធិភាពបន្ថែមទៀត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ សាទរចំពោះការចុះកិច្ចព្រមព្រៀងរវាងរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម ជាមួយនឹងសហគមន៍ព្រៃឈើ ក្នុងកិច្ចសហការគ្នាដើម្បីការពារនូវធនធានធម្មជាតិ ដែលមានព្រៃឈើ និងសត្វព្រៃ ជាដើម ដោយលោកបានលើកឡើងថា កន្លងមកសហគមន៍ការពារព្រៃឈើមិនដែលទទួលបានការសហការជាមួយក្រសួងស្ថាប័នរដ្ឋ ដែលទទួលបន្ទុកលើកិច្ចការពារព្រៃឈើ នោះទេ ហើយលោកក៏សង្ឃឹមដែរថា កិច្ចសហការនេះនឹងទទួលបានលទ្ធផលល្អ ក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើបានមួយកម្រិត ផងដែរ ។
លោក ហេង ស្រស់ ក៏នៅមានការព្រួយបារម្ភផងដែរ ក្នុងកិច្ចសហការនេះ ដោយលោកបានជម្រុញអោយស្ថាប័នពាក់ព័ន្ធ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា មិនត្រូវប្រើល្បិចមកលើសហគមន៍ ត្រូវមានឆន្ទៈ រួមគ្នាក្នុងការការពារព្រៃឈើអោយខានតែបាន ទាំងមន្រ្តីជំនាញ និងសហគមន៍ការពារព្រៃឈើ ។
ជាមួយគ្នានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា ជាជាសញ្ញាវិជ្ជមានមួយក្នុងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងលើកទឹកចិត្តដោយផ្ទាល់ដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក៏ប៉ុន្តែលោកបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងរវាងលក្រសួងកសិកម្ម ជាមួយសហគមន៍ព្រៃឈើ ហាក់មិនទាន់មានឥទ្ធិពលអ្វីខ្លាំងនោះទេ ក្នុងកិច្ចការពារព្រៃឈើ ដោយសកម្មភាពកាប់ព្រៃនៅតែមានជាដដែរ ។
ដើម្បីទទួលបាននូវប្រសិទ្ធិភាពក្នុងការការពារព្រៃឈើ និងកាត់បន្ថយការកាប់បំផ្លាញ ឈើនៅកម្ពុជា អ្នកវិភាគរូបនេះ បានជម្រុញអោយរដ្ឋាភិបាលត្រូវមានវិធានការច្បាប់តឹងរឹងចំពោះឩក្រិដ្ឋជនដែលបំផ្លាញព្រៃឈើ ដោយត្រូវអនុវត្តទៅតាមអភិក្រមទី ៥ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺការវះកាត់សាច់ស្អុយចេញ ទើបអាចការពារព្រៃឈើនៅកម្ពុជាបានគង់វង្ស ។
គួររំលឹកផងដែរថា ការលើកឡើងបែបនេះ បន្ទាប់មានការចុះកិច្ចព្រមព្រៀងមួយរវាងរដ្ឋបាលព្រៃឈើ ជាមួយនឹងសហគមន៍ព្រៃឈើជនជាតិដើមភាគតិចព្នង នៅក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងកិច្ចសហការគ្នាចូលរួមធានាការពារធនធានធម្មជាតិនៅកម្ពុជាអោយគង់វង្សយូរអង្វែង ។ ពិធីនោះ ក៏មានការចូលរួមពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សុខុន និងលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ផងដែរ ។
សូមបញ្ជាក់ថា តាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា សហគមន៍ព្រៃឈើពីងប្រង់ក្លងពេសថូ មានផ្ទៃដី ១,១០៤ហិកតា មានសមាជិក១១៤គ្រួសារ ភាគច្រើនជាជនជាតិ ដើមភាគតិចព្នង។ បច្ចុប្បន្នខេត្តមណ្ឌលគិរី មានសហគមន៍ព្រៃឈើសរុបចំនួន៨ ក្នុងនោះ មានផ្ទៃដីសរុប១០,៤៦៥ហិកតា មានសមាជិក៧២៤គ្រួសារ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!