មន្ត្រីគណបក្សសង្គ្រោះជាតិ ទាត់ចោល ការចោទប្រកាន់ពីអភិបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធហិង្សានៅច្រកប៉ោយប៉ែត
កម្តៅនៃការប្រទុស្តរាយគ្នារវាង ក្រុមកម្មករអូសរទេះ និងសមត្ថកិច្ច មន្ត្រីគយ ដោយសារតែក្រុមកម្មករប្រមាណជាង ១០០នាក់នាំគ្នាធ្វើបាតុកម្មទាមទារអោយសាខាពន្ធដារគយ នៅច្រកប៉ោយប៉ែត ទម្លាក់ថ្លៃពន្ធ បានបញ្ចប់នៅល្ងាចម្សិលមិញនេះ បង្ករអោយមានការខូចខាតសម្ភារៈ និងមនុស្សមួយចំនួនទទួលរងរបួស។ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នានេះ ទាំងសមត្ថកិច្ច និងក្រុមកម្មករអូសរទេះ បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក។
នៅក្នុងហេតុការណ៍ប៉ះទង្គិចនេះ អភិបាលក្រុងប៉ោយប៉ែត លោកង៉ោ ម៉េងជ្រួន បានចេញសេចក្តីថ្លែងការណ៍ ភ្លាមៗ ដោយដាក់បន្ទុកទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ថាជាអ្នកនៅពីក្រោយខ្នង នៅក្នុងការបង្ករអោយមានអំពើរហិង្សានេះកើតឡើង។
ក្នងលិខិតនោះ បានចោទប្រកាន់ថា លោក នូ វាសនា ចៅសង្កាត់រងទី ២ សង្កាត់ប៉ោយប៉ែត មកពីគណបក្សសង្គ្រោះជាតិ លោក ឌិន ពុទ្ធី ប្រធានសមាគមន៍អភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅប៉ោយប៉ែត ជាអ្នកដឹកនាំ និងញុះញង់បង្ករអោយមានចលាចល និងបង្ករអោយមានអំពើរហិង្សាជាមួយសមត្ថកិច្ច។
យ៉ាងណាក៏ដោយ ពាក់ព័ន្ធទៅនឹង ការចោទប្រកាន់ពីអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ចៅសង្កាត់រងទី ២ មកពីគណបក្សសង្គ្រោះជាតិលោក នូ វាសនា បានទាត់ចោលការចោទប្រកាន់ពី សំណាក់អភិបាលក្រុងប៉ោយប៉ែតថា ជាការលាបពណ៌ គ្មានមូលដ្ឋានច្បាស់លាស់។
ចៅសង្កាត់រងទី ២ រូបនេះ បានអោយដឹងថា លោកនៅក្នុងទិដ្ឋភាពហេតុការណ៍បាតុកម្មនេះ ក្នុងនាមជាអ្នកឃ្លាំមើលនិងធ្វើការចរចារសម្របសម្រួលរវាងមន្ត្រីគយ ជាមួយនិងក្រុមកម្មករអូសរទេះ ក៏ប៉ុន្តែខាងសមត្ថកិច្ចគយហាក់គ្មានជំហរក្នុងការដោះស្រាយជាមួយក្រុមកម្មករអូសរទេះនោះទេ។
ជុំវិញបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានអោយដឹងថា ការប្រើហឹង្សាមកលើក្រុមអ្នកតវ៉ានេះជារឿងខុសច្បាប់ ខណៈដែលពួកគាត់ធ្វើឡើងគ្រាន់តែចង់រកកម្រៃមួយដើម្បីផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ ។ លោកថា ក្រុមកម្មករផ្ទុះការតវ៉ាញឹកញាប់កន្លងមកនោះ ដោយសារអាជ្ញាធរ និងមន្ដ្រីជំនាញមិនអនុវត្ដតាមការសន្យា ។ ក្នុងនាមជាមន្ត្រីរាជការដែលបំរើរាស្រ្តគួរណាស់តែយល់សុខទុក្ខ និងដោះស្រាយបញ្ហាជូនរាស្ត្រ មិនត្រូវប្រើអំណាច មកបង្រ្កាបពួកគេដូចនេះទេ។
យ៉ាងណាក៏ដោយ ខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីប្រកាសពត៌មានជុំវិញបញ្ហាបង្ករអោយមានការប៉ះទង្គិចឈានរហូតបង្ករអោយមានការខូចខាតសម្ភារៈ សាធារណៈ និងឯកជន ព្រមទាំងបង្ករអោយមានអ្នករងរបួសនេះ គឺបណ្តាល មកពី មានក្រុមឆ្លៀតឳកាសមួយក្រុម ញុះញង់ដោយប្រើរូបភាពជាកម្មករអូសរទេះ ធ្វើជាឧបករណ៍ដើម្បីតវ៉ាទាមទារមិនបង់ពន្ធ និងអាករ ដើម្បីផលប្រយោជន៍របស់ក្រុមខ្លួន ទង្វើបែបនេះន ធ្វើអោយប៉ះពាល់ដល់ការប្រមូលចំនូលពន្ធ និងអាករ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
គូសបញ្ជាក់ដែរថា ហេតុការណ៍ប៉ះទង្គិចរវាងក្រុមកម្មករ អូសរទេះ និងកងកម្លាំងសមត្ថកិច្ច មន្ត្រីគយនេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែ ឧសភា ដើមហេតុដែលឈានរហូតមានការធ្វើបាតុកម្មហិង្សា នៅចំនុចមុខការិយាល័យគយ និងរដ្ឋាករ ក្រុងប៉ោយប៉ែត គឺក្រុមកម្មករអូសរទេះ បាននាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិលេខ ៥ ដើម្បីទាមទារនូវលក្ខខ័ណ្ឌចំនួន ២ ចំនុចគឺ ទាមទារមិនអោយមានការបង់ពន្ធ សម្រាប់ទំនិញដែលមានចំនួនតិចជាង ៣០ កេសក្នុងមួយជើង និងស្នើសុំអោយ លោក ឈួន ហៃប្រធានការិយាល័យគយ និងរដ្ឋាករចេញមកធ្វើការដោះស្រាយជាមួយពួកគេ ៕
ដោយ ញ៉ែម ប្រសិដ្ឋ
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!