អ្នកជំនាញផ្នែកកសិកម្ម និងអ្នកវិភាគ ជម្រុញអោយរដ្ឋាភិបាលត្រូវមាននូវយុទ្ធសាស្រ្តវែងឆ្ងាយ និងច្បាស់លាស់ ក្នុងការលើកកម្ពស់តម្លៃកសិផលរបស់កម្ពុជា ជាពិសេសតម្លៃស្រូវដែលកំពុងបន្តចុះថោក
អ្នកជំនាញផ្នែកកសិកម្ម និងអ្នកវិភាគ ជម្រុញអោយរដ្ឋាភិបាលត្រូវមាននូវយុទ្ធសាស្រ្តវែងឆ្ងាយ និងច្បាស់លាស់ ក្នុងការលើកកម្ពស់តម្លៃកសិផលរបស់កម្ពុជា ជាពិសេសតម្លៃស្រូវដែលកំពុងបន្តចុះថោក ដែលមិនត្រូវពឹងផ្អែកលើប្រទេសជិតខាងពេកនោះទេ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ដើម្បីដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងតែបន្តចុះថោក និងដើម្បីជម្រុញការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ លោក សំ វិទូ អ្នកជំនាញផ្នែកកសិកម្ម បានជម្រុញអោយ រដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធ ត្រូវមាននូវយុទ្ធសាស្ត្រ និងផែនការអោយបានវែងឆ្ងាយ និងច្បាស់លាស់ ក្នុងការលើកកម្ពស់តម្លៃកសិផលនៅកម្ពុជា ដោយលោកបញ្ជាក់ថា កម្ពុជាមិនត្រូវពឹងផ្អែកតែលើទីផ្សារប្រទេសជិតខាងនោះឡើយ ដែលហាក់ដូចជាកម្ពុជាចាំតែខ្លីដង្ហើមគេដក ដូច្នេះហើយវិស័យកសិកម្មរបស់កម្ពុជានឹងមិនមានភាពរីកចម្រើនឡើយ ។
ជាមួយគ្នានេះ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសមាគមន៍កសិករកម្ពុជា ហៅកាត់ថា CCFC បានលើកឡើងថា តម្លៃស្រូវចុះថោក អាចបណ្ដាលមកពីបញ្ហាដែលអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA មកលើកម្ពុជា គួបផ្សំជានឹងការកំណត់ការបង់ពន្ធអង្កររបស់កម្ពុជាដែលនាំចូលទៅកាន់ទីផ្សារអឺរ៉ុប មួយផ្នែកផងដែរ ដោយលោក ថេង សាវឿន បានបន្តថា ជាដំណោះស្រាយ គឺអាស្រ័យលើរដ្ឋាភិបាលកម្ពុជា តែប៉ុណ្ណោះ ដែលជាកូនសោគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ នៅកម្ពុជាបាន ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា ការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល ដែលថា តម្លៃស្រូវចុះថោក បណ្ដាលមកពីឈ្មួញនៅប្រទេសជិតខាងមិនទាន់ចូលមកទិញ គឺជារឿងដែលមិនត្រឹមត្រូវនោះទេ គ្រាន់តែជាឡោះដោះសារយករួចខ្លួនតែប៉ុណ្ណោះ ។
អ្នកវិភាគរូបនេះ បានលើកឡើងថា ក្រសួងស្ថាប័នពាក់ព័ន្ថ ក៏ដូចជាមន្រ្តីរបស់រដ្ឋាភិបាល ហាក់នៅខ្វះការចូលរួមធ្វើការរួមគ្នា រវាងក្រសួងពាក់ព័ន្ធ ក្នុងការរកដំណោះស្រាយជូនប្រជាពលរដ្ឋ នៅពេលជួបប្រទះបញ្ហាប្រឈមនានា ដោយលោកបញ្ជាក់ថា បញ្ហាស្រូវចុះថោក មិនមែនដាក់បន្ទុកតែក្រសួងកសិកម្ម តែមួយនោះទេ ត្រូវមានការចូលរូមពីក្រសួងពាណិជ្ជកម្ម ក៏ដូចជាស្ថាទូតកម្ពុជានៅបរទេស ជាដើម ក្នុងការរួមគ្នារកដំណោះស្រាយ និងរកទីផ្សារជូនប្រជាកសិកម្ម មិនមែនយករួចខ្លួនរៀងៗខ្លួននោះឡើយ ។
គូររំលឹកដែរថា កាលពីខែមករាឆ្នាំ២០១៩ សហភាពអឺរ៉ុបបានចាប់ផ្តើមយកពន្ធអង្ករកម្ពុជារយៈពេល៣ឆ្នាំ ក្នុងនោះ ប្រទេសកម្ពុជាត្រូវបង់ពន្ធចំនួន៥០លានដុល្លារក្នុងមួយឆ្នាំៗ។ នៅក្រោមការយកពន្ធនេះ អ្នកនាំអង្ករចូលត្រូវបង់ប្រហែល២០០ដុល្លារក្នុងមួយតោនសម្រាប់ឆ្នាំទីមួយ ចំនួន១៧១ដុល្លារសម្រាប់ឆ្នាំទីពីរ និងចំនួន១៤៣ដុល្លារសម្រាប់ឆ្នាំទីបី ។ ជាមួយនឹងការសម្រេចជាផ្លូវការបែបបនេះ ក៏ហាក់ធ្វើអោយតម្លៃស្រូវរបស់កម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ តម្លៃស្រូវកម្ពុជា ត្រូវបានធ្លាក់ថ្លៃជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តជាច្រើន ដែលធ្វើប្រជាកសិករជួបនូវការលំបាកយ៉ាងខ្លាំង ប្រជាកសិករមិនហ៊ាននឹងច្រូតស្រូវទៀតផង ដោយខ្លាចមិនមានអ្នកទិញ ។
សូមបញ្ជាក់ថា ឆ្នាំ២០១៨កន្លងទៅ កម្ពុជានាំចេញអង្ករបានជាង ៦២ម៉ឺនតោន ថយចុះ ១,៥ភាគរយ បើធៀបទៅនឹងការនាំចេញក្នុងឆ្នាំ២០១៧ ជាង៦៣ម៉ឺនតោន តែយ៉ាងណានៅឆ្នាំនេះ បើទោះបីជាភាគីអ៊ឺរ៉ុបយកពន្ធអង្ករកម្ពុជា លើកូដអង្ករប្រណីត៤មុខក្តីក៏កម្ពុជាអាចនាំអង្ករទៅផ្សារអ៊ឺរ៉ុបបានផងដែរ ហើយក្នុងនោះ ចិន ក៏បានសន្យាជាមួយកម្ពុជា និងបន្តនាំចូលអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោនបន្ថែមទៀត នៅឆ្នាំ២០១៩នេះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!