សង្គមស៊ីវិល ៖ កម្ពុជានៅតែត្រូវការប្រព័ន្ធអនុគ្រោះ EBA ដើម្បីជម្រុញការក្រកួតប្រជែងនៅទីផ្សារអន្តរជាតិ
សង្គមស៊ីវិល លើកឡើងថា បើសិនជាកម្ពុជា បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA មែននោះ ហាក់ធ្វើអោយកម្ពុជា ខាតផលប្រយោជន៍ដែលធ្លាប់ទទួលបានពីការអនុគ្រោះពន្ធនេះ ហើយកម្ពុជាខ្លួនឯង ក៏បាត់បង់ការប្រកួតប្រជែងនៅទីផ្សារអន្តរជាតិផងដែរ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា លើកឡើងថា កម្ពុជានៅតែត្រូវការប្រព័ន្ធអនុគ្រោះពន្ធ EBA ជាចាំបាច់ ដើម្បីជម្រុញការប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ និងដើម្បីសម្រេចអោយបាននូវគោលដៅរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ ខាងមុខ ។
ចំពោះការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា អឺរ៉ុបគិតពន្ធលើអង្ករកម្ពុជា មិនមែនធ្វើអោយកម្ពុជាស្លាប់ទេ គឺពលរដ្ឋខ្មែរ នៅអឺរ៉ុបជាអ្នកស្លាប់ ព្រោះត្រូវបង់ពន្ធ នោះ លោក មឿន តុលា បានលើកឡើងថា អឺរ៉ុប មិនមែនមានតែទីផ្សារកម្ពុជា មួយនោះទេ ក្នុងនាំចូលទំនិញទៅអឺរ៉ុប មានប្រទេសនៅតំបន់អាស៊ានជាច្រើនទៀត ក៏បាននាំចូលទំនិញជាច្រើនមុខ និងមានគុណភាពខ្ពស់ ផងដែរ ដែលនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ។
ជាមួយគ្នានេះដែរ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ នឹងធ្វើអោយកម្ពុជា ខាតបង់នូវទឹកប្រាក់ដែលកម្ពុជាចំណេញពីការអនុគ្រោះនេះ និងប៉ះពាល់ដល់ពាណិជ្ជករ កម្មករ កម្មការនី ព្រមទាំងប្រជាកសិកម្មកម្ពុជា ជាដើម ។
លោក ព្រាប កុល បានបន្ថែមថា ចំពោះការយកពន្ធលើអង្ករកម្ពុជា ដែលនាំចូលទៅសហភាពអឺរ៉ុប នឹងមានផលប៉ះពាល់ និងខាតបង់ផលប្រយោជន៍ ជាច្រើនដល់កម្ពុជា មិនមែនធ្វើអោយខាតផលប្រយោជន៍ និងប៉ះពាល់ជីវភាព ពលរដ្ឋ នៅអឺរ៉ុប នោះឡើយ ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី ១៤ កម្ភៈ ឆ្នាំ ២០១៩ ក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងមហាផ្ទៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទោះកម្ពុជាមាន ឬ មិនមានប្រព័ន្ធអនុគ្រោះពន្ធ EBA មិនបានធ្វើកម្ពុជាស្លាប់ ឬ កម្ពុជាមាននោះទេ ហើយប្រព័ន្ធអនុគ្រោះពន្ធ មុន និងក្រោយ គង់នឹងដក គ្រាន់តែយូរ ឬ ឆាប់ តែប៉ុណ្ណោះ ដោយលោកបញ្ជាក់ថា ពីមុនកម្ពុជាចំណេញច្រើន តែពេលនេះកម្ពុជាតិច តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ទំនិញកម្ពុជាដែលនាំចេញទៅសហភាពអឺរ៉ុបមានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម និងស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយានជាដើម។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុបមានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ នាំឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិក ពីប្រព័ន្ធអនុគ្រោះពន្ធ។ ដូច្នេះបើអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ បែរមកយកពន្ធលើទំនិញរបស់កម្ពុជាវិញ នឹងនាំឲ្យកម្ពុជាខាតបង់ថវិកាជិត ៧០០លានដុល្លារសម្រាប់ការបង់ពន្ធ។
សូមជម្រាបជូនដែរថា សហភាពអឺរ៉ុបកាលពីថ្ងទី១២ កុម្ភៈកន្លងទៅ សហភាពអ៊ឺរ៉ុប បានចាប់ផ្ដើមដំណើរការនីតិវិធីឈានទៅដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បន្ទាប់ពី រដ្ឋាភិបាលកម្ពុជា មិនបានស្តារប្រជាធិបតេយ្យឡើងវិញ តាមអ្វីដែលជាការព្រមាននិងស្នើពីសហភាពអ៊ឺរ៉ុប បើទោះបីជាមួយរយៈចុងក្រោយនេះ បញ្ហាដោះលែងសកម្មជននយោបាយ បញ្ហាដីធ្លី និងបញ្ហាមួយចំនួនទៀត ត្រូវបានដោះស្រាយពីសំណាក់អាជ្ញាធរ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក្តី ៕អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!