សកម្មជនការពារព្រៃឈើ ៖ ក្រសួងពាក់ព័ន្ធ ត្រូវអនុវត្តច្បាប់ព្រៃឈើអោយបានតឹងរឹងបំផុតចំពោះអ្នកបំផ្លាញព្រៃឈើ ខណៈកន្លងការបំបួសដើមឈើ ហាក់មិនទាន់ទទួលបានលទ្ធផលល្អប្រសើរនោះឡើយ
សកម្មជនព្រៃឈើ ថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងពាក់ព័ន្ធ អនុវត្តច្បាប់ពាក់ព័ន្ធព្រៃឈើអោយបានតឹងរឹងបំផុត និងចាត់វិធានការចំពោះអ្នកបំផ្លាញព្រៃឈើ ខណៈដែលកន្លងទៅនេះ មានកិច្ចព្រមព្រៀង ឬ ការបំបួសព្រៃឈើ រវាងក្រសួងពាក់ព័ន្ធ ជាមួយសហគមន៍ ដើម្បីពង្រឹងនៅក្នុងការចូលរួមនៅក្នុងការទប់ស្កាត់ និងការពារធនធានធម្មជាតិ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ឡូត សាំង សកម្មជនការពារព្រៃព្រែករកា ខេត្តព្រះវិហារ បានលើកឡើងថា ការបំបួសដើមឈើ ហាក់មិនបានផ្ដល់ផលប្រយោជន៍អ្វីខ្លាំងនោះទេ ក្នុងការគ្រប់គ្រងព្រៃឈើ ដោយលោកបញ្ជាក់ថា ពិធីបំបួសដើមឈើ ជាការរំលឹកដល់បុព្វបុរស ក៏ដូចជាការបង្ហាញពីឆន្ទៈ និងការលះបង់ខ្ពស់របស់ប្រជាសហគមន៍ ក្នុងការការពារព្រឈើនៅកម្ពុជាអោយបានគង់វង្ស ។
សកម្មជនការពារព្រៃឈើរូបនេះ បានបន្ថែមដែរថា ដើមឆ្នាំ ២០១៩ នេះ សកម្មភាពកាប់បំផ្លាញព្រៃឈើ នៅតែមានការកើនឡើងជាលំដាប់ ដែលហាក់គ្មានការចុះបង្ក្រាបពីសំណាក់អាជ្ញាធរនៅឡើយ ។
ជាមួយគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីអង្គការអាដហុក បានលើកឡើងថា ជាយន្តការល្អមួយក្នុងការផ្សព្វផ្សាយ និងបណ្ដុះស្មារតីដល់ប្រជាជនអោយចេះស្រលាញ់ និងចូលរួមការពារព្រៃឈើ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ការបំបួសដើមឈើ ឬ តាមរយៈការចុះកិច្ចព្រមព្រៀងរវាងក្រសួងពាក់ព័ន្ធ ជាមួយក្នុងសហគមន៍ព្រៃឈើ ជាច្រើនយ៉ាងណាក្ដី ក៏ការគ្រប់គ្រង ការទប់ស្កាត់ការកាប់ព្រៃឈើ នៅតែមានជាដដែរ មិនមានប្រសិទ្ធិភាព នោះឡើយ ។
លោក ប៉ែន ប៊ុណ្ណារ៍ បានជម្រុញអោយក្រសួងពាក់ព័ន្ធត្រូវអនុវត្តច្បាប់អោយបានម៉ឺងហ្មត់ ជាពិសេសឧក្រិដ្ឋជនណាដែលបានបំផ្លាញព្រៃឈើ ត្រូវតែចាប់ខ្លួនមកកាត់ទោសទៅតាមផ្លូវច្បាប់ និងនីតិវិធីរបស់តុលាការ ។
ដោយឡែក លោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា ក្រសួងបរិស្ថាន សហការជាមួយសហគមន៍ព្រៃឈើ បានធ្វើពិធីបំបួសដើមឈើឡើង ដើម្បីផ្សព្វផ្សាយក្នុងការការពារ ទប់ស្កាត់ និងចូលរួមអភិរក្សធនធានធម្មជាតិ ដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ក និងបង្ក្រាបការចូលកាប់បំផ្លាញព្រៃឈើពីសំណាក់ឈ្មួញឈើខិលខូច ជាដើម ។
អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរថា សហគមន៍ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការ សហការជាដៃគូរជាមួយក្រសួង ក្នុងការចូលរួមឃ្លាំងមើល និងផ្ដល់ព័ត៌មានដល់ក្រសួង ឬអាជ្ញាធរ ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលកើតមាននៅក្នុងតំបន់របស់ខ្លួន ជាដើម ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ប្រជាពលរដ្ឋចំនួនជាង៣០០នាក់ មកពីសហគមន៍ការពារធម្មជាតិនៃខេត្តទាំង០៤ រួមមាន ខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្ដក្រចេះ ដែលគ្រប់ដណ្តប់ដោយព្រៃឡង់ បានមកជួបជុំ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ តំបន់វាលតាសិល្ប៍ ក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីរៀបចំប្រារព្ធពិធីបំបួសដើមឈើ និងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបន្តគង់វង្សសម្រាប់ពេលអនាគត។
សូមបញ្ជាក់ថា តាមការបញ្ជាក់របស់លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា នៅឆ្នាំ ២០១៨ បទល្មើសព្រៃឈើ មានការថយចុះប្រមាណ ៣០ % បើធៀបនឹងឆ្នាំ ២០១៧ ក្នុងនោះមន្ត្រីឧទ្យានអនុរក្សបានចុះល្បាតនៅតំបន់ព្រៃឡង់ ចំនួន ២០០០ លើក ដោយបានបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ ចំនួន ៤០០ ករណី ដែលកំពុងស្ថិតក្នុងនីតិវិធីរបស់តុលាការ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!