ជាមួយនឹងការដាក់វិធានការលើម៉ូតូកង់បីឥណ្ឌា អ្នកវិភាគ និងអ្នកជំនាញចរាចរណ៍ ក៏ជម្រុញអោយ អាជ្ញាធរក្រុង គួរតែពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងអនុវត្តវិធានការរំដោះចិញ្ចើមផ្លូវ ព្រមទាំងវិធានការហាមឡានធំចូលក្រុង អោយមានប្រសិទ្ធិភាពបន្ថែមទៀត
អ្នកជំនាញផ្នែកចរាចរណ៍ និងអ្នកវិភាគ សាទរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់វិធានការ និងត្រួតពិនិត្យឡើងវិញនូវលក្ខណៈបច្ចេកទេស ក្នុងការបើកបររបស់ក្រុមសេវាដឹកជញ្ជូនតាមរយៈ App ខណៈអ្នកទាំងនោះ ក៏ជម្រុញអោយអាជ្ញាធរ ត្រូវអនុវត្តច្បាប់ និងអនុវត្ត វិធានការរំដោះចិញ្ចើមផ្លូវ និងវិធានការហាមឡានចូលក្រុង អោយមានប្រសិទ្ធិភាព ផងដែរ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក គង់ រតនៈ អ្នកជំនាញផ្នែកចរាចរណ៍ សាទរចំពោះការដាក់វិធានការទៅលើសេវាដឹកជញ្ជូនតាមរយៈ App បើទោះបីហាក់យឺតពេលបន្តិចយ៉ាងណាក្ដី ដោយលោកលើកឡើងថា ក្រោយដាក់អោយដំណើរការសេវាដឹកជញ្ជូននេះមក អាជ្ញាធរ មិនទាន់មាននូវបញ្ញាតិ ឬ លក្ខខណ្ឌណាមួយក្នុងការគ្រប់គ្រងនោះឡើយ ដែលបានធ្វើអោយមានបញ្ហាមួយផ្នែកផងដែរ កើតឡើងដោយសារក្រុមសេវាដឹកជញ្ជូនមួយនេះ ។
ស្រដៀងគ្នានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី គាំទ្រការត្រួតពិនិត្យឡើងវិញនូវលក្ខណៈបច្ចេកទេសក្នុងការបើកបររបស់អ្នកបើកម៉ូតូកង់បីឥណ្ឌា ដោយលោកលើកឡើងថា សេវាដឹកជញ្ជូន App មួយចំនួន មិនទាន់គោរពបានទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក បានល្អនោះឡើយ ។
ជាមួយគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានលើកឡើងថា អាជ្ញាធរក្រុងភ្នំពេញ ហាក់កំពុងតែបង្វែរការចាប់អារម្មណ៍របស់ពលរដ្ឋ ពីវិធានការរំដោះចិញ្ចើមផ្លូវ និងវិធានការហាមឡានធំចូលក្រុង តែប៉ុណ្ណោះ ដោយលោកបញ្ជាក់ថា បញ្ហាម៉ូតូកង់បីឥណ្ឌា គ្រាន់តែជាបញ្ហាមួយផ្នែក នោះទេ ក្នុងការបង្កគ្រោះថ្នាក់ចរាចរណ៍ ឬ ការកក់ស្ទះចរាចរណ៍ និងបញ្ហាសណ្ដាប់ធ្លាប់សាធារណៈសង្គម ។
ដើម្បីធ្វើការដោះស្រាយបញ្ហាចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ លោក សន ជ័យ បានជម្រុញអោយអាជ្ញាធរគ្រប់លំដាក់ថ្នាក់ ជាពិសេសមន្រ្តីនគរបាល ត្រូវអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយបានត្រឹមត្រូវដែលច្បាប់បានកំណត់ លោកក៏បានទទូចអោយអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ ត្រូវមានការអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ដល់អ្នកដែលបញ្ជាយានយន្តគ្រប់ប្រភេទទាំងអស់ អោយបានយល់ច្បាស់បន្ថែមទៀតក្នុងការបើកបរនៅតាមដងផ្លូវ ។
គួរកត់សម្គាល់ដែរថា រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្មសេវាដឹកជញ្ជូនអតិថិជនតារយៈApp ក្នុងរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងការបើកបរ ដោយលោកលើកឡើងថា អ្នកប្រកបអាជីវកម្មទាំងអស់ត្រូវមានបណ្ណបើកបរ បណ្ណសំគាល់ខ្លួន ស្លាកលេខយានជំនិះ និងត្រូវធានាឲ្យបាននូវសុខសុវត្ថិភាពជូនអតិថិជនរបស់ខ្លួនរាល់ពេលធ្វើដំណើរ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!