ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយក្រសួងទេសចរណ៍ ត្រូវមានការពង្រឹងបន្ថែមទៀតទៅលើបញ្ហាសន្តិសុខ និងសេវាកម្មទេសចរណ៍ ខណៈកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងជារៀងរាល់ឆ្នាំ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយក្រសួងទេសចរណ៍ ត្រូវមានផែនការ និងការពង្រឹងសេវាទេសចរណ៍អោយបានល្អបន្ថែមទៀត ខណៈអ្នកនាំពាក្យក្រសួងទេសចរណ៍ លើកឡើងថា រដ្ឋាភិបាល ជាពិសេសក្រសួង បាននឹងកំពុងខិតខំក្នុងការពង្រឹងវិស័យទេសចរណ៍ ស្របពេលដែលកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មានការកើនឡើងជារៀងរាល់ឆ្នាំ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា វិស័យទេសចរណ៍នាពេលបច្ចុប្បន្នបាននឹងកំពុងចូលរួមអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជា យ៉ាងសកម្ម ហើយលោកក៏គាំទ្រដល់យុទ្ធសាស្រ្តរបស់ក្រសួងទេសចរណ៍ផងដែរ ក្នុងការបង្កើតអោយមានចលនាប្រលងប្រណាំងទីក្រុងស្អាត ការប្រលងរមណីយដ្ឋានស្អាត ព្រមទាំងយន្តការផ្សេងៗក្នុងការពង្រឹងលើវិស័យទេសចរណ៍ ។ ប៉ុន្តែលោកក៏ជម្រុញអោយក្រសួងពាក់ព័ន្ធត្រូវមានការពង្រឹង និងធានាបន្ថែមទៀតទៅលើសន្តិសុខ សុវត្ថិភាព ក្នុងការផ្ដល់នូវទំនុកចិត្ត និងការការពារដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនានៅតាមរមណីយដ្ឋាននានា ។
ជាមួយគ្នានេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក គង់ មុនីកា បានជម្រុញអោយក្រសួងត្រូវយកចិត្តទុកដាក់ និងពង្រឹងបន្ថែមទៅបញ្ហាសំខាន់ៗចំនួន៤ ក្នុងនោះរួមមាន សេវាដឹកជញ្ជូន សេវាស្នាក់នៅ សេវាម្ហូបអាហារ និងបញ្ហាបង្គន់អនាម័យ ជាដើម ។
ជាការឆ្លើយតប នូវការលើកឡើងបែបនេះ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភក្រ បានប្រាប់វិទ្យុសំឡេងយុវជន ថា ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍អោយមានភាពរីកចម្រើន ក្រសួងបាននឹងកំពុងខិតខំបង្កើននូវផលិតផលទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្ម និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាកត្តាសំខាន់ៗ ដែលក្រសួងកំពុង អនុវត្តបន្តទៀត ។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថា វិស័យទេសចរណ៍ ជាអន្តរវិស័យមួយ ដែលត្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះមានទាំង វិស័យរដ្ឋ វិស័យឯកជន វិស័យសាធារណៈ ព្រមទាំងដៃគូរអភិវឌ្ឍ ផងដែរ ដើម្បីអោយវិស័យដែលមានសក្តានុពលមួយនេះ មានការរីកចម្រើន និងទទួលបានជោគជ័យ ។
គួរកត់សម្គាល់ដែរថា តាមរយៈលោក តុប សុភ័ក្ត្រ បានលើកឡើងថា ក្នុងឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរអន្តរជាតិ ៦ លាន ២ សែន នាក់ កើនឡើង ១០.៧ % ភ្ញៀវទេសចរជាតិ មានចំនួន ១១ លាន នាក់ ។ ក្នុងនោះដែរទេសចរចិន មានប្រមាណ ២ លាននាក់ កើនឡើង ៦៧ % ទេសចរវៀតណាម ៨០ ម៉ឺននាក់ ទេសចរឡាវ ៤០ ម៉ឺននាក់ ព្រមទាំងទេសចរអន្តរជាតិជាច្រើនជាតិសាសន៍ទៀត មានដូចជា ថៃ កូរ៉េ ជប៉ុន ជាដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!