បញ្ហាវិវាទដីធ្លី នៅកម្ពុជា នៅតែជាបញ្ហាប្រឈម ខណៈសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលពីបញ្ហានេះ
អ្នកវិភាគ និងសង្គមស៊ីវិល ថា បញ្ហាវិវាទដីធ្លី នៅតែជាបញ្ហាប្រឈមសម្រាប់កម្ពុជា ដែលហាក់មិនទាន់មានការថមថយចុះនោះឡើយ ខណៈឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា បញ្ហាដីធ្លី មិនកើនឡើងនោះទេ តែជាបញ្ហាចាស់ ហើយគ្មានការដោះស្រាយ តែប៉ុណ្ណោះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីពង្រឹងកម្មវិធីសិទ្ធិអំណាចមូលដ្ឋាន បានលើកឡើងថា ទំនាស់ដីធ្លីនឹងមានការកើតឡើង ជាបន្តទៀត ក្នុងឆ្នាំ ២០១៩ នេះ ដោយលោកបញ្ជាក់ថា ដីសាធារណៈរបស់រដ្ឋ នៅតំបន់ខ្លះត្រូវបានបុគ្គលខិលខូចមួយចំនួនរំលោភយកធ្វើជាសិទ្ធិរបស់ខ្លួន ទាំងដីនៅតំបន់ខ្លះ មិនទាន់នឹងចេញលិខិតអនុបយោគពីរដ្ឋាភិបាល ផងនោះ ។
ស្រដៀងគ្នានេះ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក ហង្ស វិទូ បានលើកឡើងថា ក្នុងដើមឆ្នាំ ២០១៩ នេះ វិវាទដីធ្លីនៅកម្ពុជា មិនមានការថយចុះ នោះឡើយ ដែលបញ្ហាមួយនេះ នៅតែបន្តកើតឡើងជាហូរហែរ បើទោះបីរដ្ឋាភិបាលបានខិតខំដោះស្រាយណាយ៉ាងក្ដី ។ លោក ហង្ស វិទូ ក៏បានជម្រុញអោយរដ្ឋាភិបាល ត្រូវហ៊ានធ្វើការវះកាត់មន្រ្តីដែលប្រព្រឹត្តខុសអំពីច្បាប់ ប្រព្រឹត្តអំពើពុករលួយ និងត្រូវមានវិធានការតឹងរឹងចំពោះបុគ្គលដែលអាងអំណាចបុណ្យសក្តិ មករំលោភយកដីរដ្ឋ ក៏ដូចជាដីពលរដ្ឋដោយខុសច្បាប់ យកមកផ្ដន្ទាទោសទៅផ្លូវច្បាប់អោយខានតែបាន ។
ជាមួយគ្នានេះដែរ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ មើលឃើញថា បញ្ហាវិវាទដីធ្លីនាបច្ចុប្បន្ន មិនកើនឡើងនោះឡើយ ក៏ប៉ុន្តែទំនាស់ដីធ្លីភាគច្រើន ជាបញ្ហាចាស់ កប់យូរមកហើយ តែគ្មានការដោះស្រាយ តែប៉ុណ្ណោះ ។
លោក ពេជ្រ ស្រស់ បានបន្តទៀតថា សម្រាប់ការរកនូវដំណោះស្រាយពីអាជ្ញាធរ ហាក់មិនទាន់មានប្រសិទ្ធិភាពនោះឡើយ រហូតទំនាស់ដីធ្លីខ្លះ អាជ្ញាធរ មូលដ្ឋានមិនបានធ្វើការដោះស្រាយនោះទេ ដោយលោកក៏នឹងលើកយកបញ្ហាដីធ្លីជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលខាងមុខនេះ ដើម្បីរកនូវដំណោះស្រាយជូន ពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធិភាព បន្ថែមទៀត ។
នៅថ្ងៃនេះផងដែរ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពី លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននោះទេ ដោយលោកជាប់ប្រជុំ ។
គួរកត់សម្គាល់ដែរថា ក្នុងកិច្ចរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងប្រតិភូក្រសួងរៀបចំដែនដី ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ជា សុផារ៉ា កាលពីកន្លងទៅ លោករដ្ឋមន្ត្រីបានប្ដេជ្ញាដោះស្រាយវិវាទដីធ្លីនៅកម្ពុជា អោយចប់អស់ទាំងស្រុងនៅត្រឹមឆ្នាំ ២០២០ ខាងមុខនេះ ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី បានបង្ហាញថា ការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួង ៖ ទទួលពាក្យបណ្តឹង ចំនួន៤៧៧ករណី, ដោះស្រាយសរុបបានចំនួន ១០១ករណី ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៣៩ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ៦២ករណី។ លទ្ធផលសរុបគិតចាប់ពីខែមេសា ឆ្នាំ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានទទួលករណីវិវាទសរុបចំនួន ១.១១៦ករណី៖ ដោះស្រាយបានចំនួន ៣៤២ករណី, ក្នុងនោះបានបញ្ចប់ស្ថាពរចំនួន ១១១ករណី, ធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង និងបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ២៣១ករណី និងកំពុងដោះស្រាយ ៧៧៤ករណី ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!