សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំកាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ខណៈអ្នកវិភាគ រង់ចាំមើលការអនុវត្តវិធានការ និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាពេលខាងមុខបន្តទៀត
អ្នកវិភាគ និងសង្គមស៊ីវិល សង្ឃឹមថា ការអនុវត្តវិធានការ ឬ បទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងទទួលបាននូវប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត រាល់បញ្ហាដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងក្នុងកិច្ចប្រជុំជាមួយប្រមុខរាជរដ្ឋាភិបាល ខណៈសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រជុំ កាលពីថ្ងៃទី ២៨ កុម្ភៈ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ការបើកចំហអោយមានការលើកឡើងបញ្ហាប្រឈមនានាដោយត្រង់ទៅកាន់ប្រមុខរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដោយមានការឆ្លើយតបភ្លាមៗនូវដំណោះស្រាយផ្សេងៗពីប្រមុខរដ្ឋាភិបាល នោះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី យល់ឃើញថា ជារឿងដែលល្អមួយ ក៏ប៉ុន្តែលោករង់ចាំមើលថា តើរដ្ឋាភិបាលនឹងមានការអនុវត្តវិធានការ ក៏ដូចជាបទបញ្ជារបស់លោកបានប្រសិទ្ធិភាពក្នុងកម្រិតណាដែរ ដោយកន្លងមកក៏ធ្លាប់មានការព្រមានជាច្រើនមកហើយ តែហាក់មិនឃើញនូវលទ្ធផលអ្វីនោះឡើយ ។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក បានលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាយន្តការថ្មីមួយ ដែលពិតជាមាននូវឥទ្ធិពល និងសិទ្ធិអំណាច ព្រមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចូលរួមផ្ដល់មតិយោបល់ ក៏ដូចជាការដោះស្រាយនូវបញ្ហាមួយចំនួនដែលពលរដ្ឋជួបប្រទះនាពេលបច្ចុប្បន្ននេះ ។
ចំពោះលោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ បានជម្រុញអោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គួរតែខិតខំបន្ថែមទៀត ក្នុងការជួយជម្រុញការងារធំៗមួយចំនួនទៀតដល់រដ្ឋាភិបាល ក្នុងនោះមានដូចជា បញ្ហាអំពើពុករលួយ ការកំណែទម្រង់ប្រព័ន្ធតុលាការ ជាដើម ដើម្បីជួយចូលរួមការអភិវឌ្ឍសង្គមជាតិ និងទទួលបាននូវសាទរពីពលរដ្ឋ បន្ថែមទៀត។
ដោយឡែក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានវាយតម្លៃថា លទ្ធផលសម្រាប់កិច្ចប្រជុំប្រចាំឆមាស ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល បានបង្ហាញអំពីជំហយ៉ាងជាក់លាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅរបស់រដ្ឋាភិបាល ដោយលោក ពេជ្រ ស្រស់ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ចង់បាននូវរដ្ឋាភិបាលដ៏ស្អាតស្អំមួយ ក្នុងបម្រើប្រជាពលរដ្ឋ ក៏ដូចជា ការសំអាតនូវមន្រ្តី ឬ បុគ្គលដែលតែងតែប្រព្រឹត្តខុសអំពីច្បាប់ ។
ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មួយរូប លោក ពេជ្រ ស្រស់ ក៏បានប្ដេជ្ញាចិត្ត ក្នុងការពង្រឹងការបំពេញបេសកកម្មចុះជួយពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈមនានា និងស្វែងរកមុខមន្រ្តីដែលអាក្រក់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត ។
គួរកត់សម្គាល់ដែរថា នេះបើតាមលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាអោយលោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ើបអង្កេតសិក្សាដើម្បីដកតំណែងមេបញ្ជាការយោធា ខេត្តព្រះសីហនុ និងអភិបាលរងខេត្តព្រះសីហនុចំនួនពីររូប នៅពេលខាងមុខនេះពាក់ព័ន្ធនឹងការអនុវត្តសាលដីកាតុលាការកំពូល កាលពីខែមករា កន្លងទៅ បើសិនជារកឃើញថាមានកំហុសមែននោះ ។ ជាក់ស្តែងកាលពីព្រឹក ថ្ងៃទី ០១ ខែ មីនា នេះ ប្រមុខរាជរដ្ឋាភិបាល បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុ ចំនួន ២រូប គឺ លោក ផៃ ប៊ុនវណ្ណៈ និងលោក ស្រ៊ុន ស្រ៊ន់ ។
ជាមួយគ្នានេះ កិច្ចប្រជុំ ក៏ទទួលបាននូវលទ្ធផលធំៗមួយចំនួន រួមមាន សម្រេចដកដីដែលមានទំនាស់នៅខេត្តព្រះសីហនុ មកធ្វើជាសម្បត្តិរដ្ឋវិញ ហើយផ្ដល់ជាដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ លោកនាយករដ្ឋមន្រ្តី ជម្រុញអោយអភិបាលខេត្តមណ្ឌលគិរី ក្នុងការទប់ស្កាត់ការទន្រ្ទានដីនៅភ្នំដោះក្រមុំ រួមទាំងសម្រេចទៅលើបញ្ហាសំខាន់ជាច្រើនទៀតផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!