អ្នកវិភាគ និងសង្គមស៊ីវិល ជម្រុញអោយរដ្ឋាភិបាល គួរតែអនុវត្តច្បាប់អោយមានប្រសិទ្ធិភាពបន្ថែមទៀត ចំពោះបុគ្គលប្រព្រឹត្តខុសអំពីច្បាប់ ដោយមិនត្រឹមតែដកតំណែងហើយ រួចខ្លួននោះឡើយ ខណៈប្រមុខរដ្ឋាភិបាល ចំណាយតែ ១៥ នាទី អាចដកតំណែងមន្ត្រីប្រព្រឹត្តខុស បាន
អ្នកវិភាគ និងសង្គម គាំទ្រការអនុវត្តអភិក្រមទី ៥ របស់ប្រមុខរដ្ឋាភិបាល ចាត់វិធានការតឹង ចំពោះមន្ត្រីទាំងឡាយណា ដែលប្រព្រឹត្តអំពើផ្ដេសផ្ដាស ជាពិសេសអំពើខុសច្បាប់ ខណៈអ្នកទាំងនោះ ជម្រុញអោយរដ្ឋាភិបាល គួរតែ អនុវត្តច្បាប់អោយមានប្រសិទ្ធិភាពបន្ថែមទៀត ចំពោះបុគ្គលប្រព្រឹត្តទាំងនោះ ដោយមិនត្រឺមតែដកតំណែងហើយ រួចខ្លួននោះឡើយ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក មាស នី គាំទ្រការប្រកាសអនុវត្តន៍នូវអភិក្រមទី៥ របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះមន្រ្តីដែលប្រព្រឹត្តខុសអំពីច្បាប់ និងធ្វើអំពើផ្ដេសផ្ដាស់ ដែលធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ បើទោះបីហាក់យឺតពេលបន្តិចយ៉ាងណាក្ដី ដោយលោកបញ្ជាក់ថា នេះជាការកែទម្រង់របស់រដ្ឋាភិបាល ក៏ដូចជាការកាត់បន្ថយភាពអសកម្មរបស់មន្រ្តីថ្នាក់ក្រោម តាមរយៈការកាត់នូវសាច់ស្អុយចេញពីខ្លួនរបស់រដ្ឋាភិបាល ។
ជាមួយគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃអង្គការអាដហុក ក៏សាទរការអនុវត្តអភិក្រមទី៥ នេះដែរ ក៏ប៉ុន្តែលោកបានលើកឡើងថា រដ្ឋាភិបាលត្រូវអនុវត្តច្បាប់បន្ថែមទៀតចំពោះមន្រ្តី ឬ បុគ្គលដែលបានប្រព្រឹត្តខុសអំពីច្បាប់ ដោយត្រូវយកមកផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់ជាដាច់ខាត ។
ដើម្បីពង្រឹងប្រសិទ្ធិភាពការងារមន្ត្រីអោយមានភាពល្អប្រសើរ និងទទួលបាននូវភាពជោគជ័យបន្ថែមទៀត នោះ លោក ប៉ែន ប៊ុណ្ណារ៍ បានជម្រុញអោយរដ្ឋាភិបាល គួរតែអនុវត្តច្បាប់ប្រទេសអោយមានប្រសិទ្ធិភាព ហើយក៏ត្រូវមានការចូលរួមចំឡែកពីពលរដ្ឋ និងសង្គមស៊ីវិល ផងដែរ ។
គូររំលឹកដែរថា ការលើកឡើងរបស់អ្នកវិភាគ និងសង្គម បែបនេះ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងផ្ញើសារទៅកាន់មន្ត្រីទាំងអស់ឲ្យមានការប្រយ័ត្នប្រយែងចំពោះការងាររបស់ខ្លួន លោកថ្លែងថា លោកគ្មានពេលចាំបាច់សួរនាំ រដ្ឋមន្ត្រីអ្វីនោះទេ គឺលោក ត្រូវការពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ អាចត្រូវដកតំណែងមន្ត្រីបានហើយ ។
លោកនាយករដ្ឋមន្ត្រី បានបន្តលើកឡើងថា មន្ត្រីគ្រប់រូបត្រូវអនុវត្តន៍ការងាររបស់ខ្លួន ដោយត្រូវយកនូវបាវចនាចំនួន ២ និងអភិក្រមទាំង៥ មកដាក់តាមខ្លួនជានិច្ច ។ បាវចនា២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋាននៃឯករាជ្យ និងអធិបតេយ្យភាពជាតិ និងអភិក្រមទាំង៥ រួមមាន ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ។
សូមរំលឹកដែរថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចដកតំណែងអភិបាលរងខេត្តព្រះសីហនុ ២រូប គឺ លោក ស្រ៊ុន ស្រ៊ន់ និង លោក ផៃ ប៊ុនវណ្ណៈ ដោយលោកចាត់ទុកថា ការដកអភិបាលរងខេត្តព្រះសីហនុ ទាំង២រូបនេះ គឺជាការយកគ្រាប់គ្រូស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន។
ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ត្រី គឹម រស្មី អតីតមេបញ្ជាការអាវុធហត្ថខេត្តរតនគិរី ក៏ត្រូវបានដកតំណែង និងលុបឈ្មោះចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!