លោក WILLIAM GUANG ៖ តើពលរដ្ឋប៉ុន្មានគាំទ្រការចេញសេចក្ដីប្រកាសរបស់តុលាការ ខណៈលោកមានឯកសារ ច្បាស់លាស់ក្នុងការបញ្ជាក់ថា តុលាការបានចេញសេចក្ដីសម្រេចខុសបែបបទគតិយុត្តិ ហើយដី ជាដីរបស់រដ្ឋ
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ចោទសួរថា តើមានពលរដ្ឋប៉ុន្មាននាក់គាំទ្រនឹងសេចក្ដីប្រកាសរបស់តុលាការកំពូល ដែលចោទលោក ថា លោកមានសម្ដីញុះញង់ ធ្វើអោយបាត់ជំនឿលើតុលាការ ខណៈប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយគ្រប់ភាគី គួរតែពិនិត្យឡើងវិញទៅលើបែបបទគតិយុត្តិ ជៀសវាងការចោទប្រកាន់គ្នាទៅវិញទៅមក ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ជាឆ្លើយតបទៅនឹងការចោទប្រកាន់របស់តុលាការកំពូល មកលើលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ថាមានសម្ដីញុះញង់ធ្វើអោយបាត់ជំនឿលើប្រព័ន្ធតុលាការ នោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ រូបនេះ បានចោទជាសំណួរថា តើមានប្រជាពលរដ្ឋប៉ុន្មាននាក់គាំទ្រការថ្លែងការណ៍នោះ ?? ដោយលោក បានបញ្ជាក់ថា បញ្ហាទំនាស់ដីធ្លីនៅខេត្តព្រះសីហនុ លោកមានទាំងឯកសារ អង្គហេតុ និងអង្គសេចក្ដី ទាំងអស់ដែលលោកហ៊ានអះអាងថា ដីទំនាស់នោះ ជាដីរបស់រដ្ឋ យ៉ាងពិតប្រាកដ ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក៏បានលើកឡើងដែរថា ក្រោយកិច្ចប្រជុំថ្ងៃទី ២៨ ខែ កុម្ភៈ ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កន្លងទៅ លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាអោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ចុះពិនិត្យឡើងវិញនូវបែបបទគតិយុត្តិ ទាក់ទងនឹងរឿងទំនាស់ដីនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោក វឌ្ឍនាសាប៊ុង ក៏បានប្រាប់វិទ្យុសំឡេងយុវជន ដែរថា នៅថ្ងៃនេះ លោកនឹងដាក់ឯកសារទៅលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីធ្វើការរាយការណ៍បន្តទៅកាន់ប្រមុខរាជរដ្ឋាភិបាល ។
ការឆ្លើយតបបែបនេះ បន្ទាប់ពីតុលាការកំពូល បានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី ៥ ខែមីនា ម្សិលមិញនេះ ដោយសេចក្ដីប្រកាសនេះ បានលើកឡើង ការផ្សព្វផ្សាយជាសាធារណៈ របស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានបំភាន់ និងញុះញង់ ក្នុងគោលបំណងធ្វើអោយបាត់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ ។ ក្នុងសេចក្ដីប្រកាសនេះ ក៏បានបញ្ជាក់ដែរថា ដីដែលជាកម្មវត្ថុនៃវិវាទ គឺ ជាដីដែលបានពីការទិញលក់ ហើយក្រសួងមានសមត្ថកិច្ចបានចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទៀតផង មិនមែនជាដីរដ្ឋទេ ។ ដូច្នេះ តុលាការគ្រាន់តែអនុវត្តតួនាទីរបស់ខ្លួន ដើម្បីផ្តល់យុត្តិធម៌អោយយគូភាគី នៅពេលមានបណ្តឹង ស្របតាមរដ្ឋធម្មនុញ្ញ និង ច្បាប់ជាធរមាន តែប៉ុណ្ណោះ ។
ដោយឡែក លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើង បញ្ហាមួយនេះ មិនគួរមានទំនាស់ ឬ ការចោទប្រកាន់គ្នានោះទេ ដោយលោកបញ្ជាក់ថា ករណីនេះ ជាការខ្វែងគំនិតគ្នាទៅលើបញ្ហាបទដ្ឋានគតិយុត្តិ តែប៉ុណ្ណោះ ដោយខាងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង អះអាងថា ជាដីរបស់រដ្ឋ ឯខាងតុលាការ អះអាងថា ជាដីរបស់ឯកជន ។
ប្រធានលេខាធិការដ្ឋានរូបនេះ បានលើកឡើងថា ភាគីទាំងសងខាង មិនគួរមានការចោទប្រកាន់គ្នាទៅវិញទៅមកនោះទេ ដោយលោកជម្រុញអោយគ្រប់ភាគី គួរតែពិនិត្យទៅលើបទដ្ឋានគតិយុត្តិ វិញ ហើយថា មានភ័ស្តុតាងអ្វីបញ្ជាក់ថា ដី ជាដីរបស់រដ្ឋ ហើយមានភ័ស្តុតាងអ្វី ដែលបញ្ជាក់ថា ដី ជាដីរបស់ឯកជន ។
ទាក់ទងនឹងការឈូសឆាយ និងធ្វើរបងរបស់ភាគីឈ្នះក្ដី លោក ឈឹម ផលវរុណ បានបញ្ជាក់ថា ផ្អែកលើលិខិតរបស់ក្រសួងកសិកម្ម ដែលលោកទទួលបានកាល ពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៩ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានផ្ញើរលិខិតមួយច្បាប់ទៅអភិបាលខេត្តព្រះសីហនុ ដោយនារាករណ៍ទាំងអស់ដីដែលអាជ្ញាធរសុំឃ្វាលដី កាលពីកន្លងទៅ ។ ក៏ប៉ុន្តែក្រោយការចេញលិខិតរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម អាជ្ញាធរខេត្តបែរជាចេញលិខិតមួយទៀត កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ដោយបានអនុញ្ញាតអោយក្រុមហ៊ុនធ្វើការឈូសឆាយ និងធ្វើរបង ដែលហាក់ផ្ទុយពីលិខិតរបស់ក្រសួងកសិកម្ម ។
គួររំលឹកដែរថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ប្រធានគណបក្សខ្មែរក្រោក និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងយោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរថា តុលាការបានចេញសេចក្តីសម្រេចខុសបែបបទគតិយុត្តិ ពាក់ព័ន្ធបញ្ហាដីធ្លីនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបង្ហាញពីភាពមិនប្រក្រតី ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!