អ្នកវិភាគ និងសង្គមស៊ីវិល ងឿងឆ្ងល់ថា អាជ្ញាធរកំណត់តំបន់ហាមឃាត់ត្រឹមតែ ៤ ខណ្ឌ ខណៈគ្រប់ខណ្ឌ ទាំងអស់ សុទ្ធតែមានការចរាចរណ៍មមាញឹកដូចគ្នា
អ្នកវិភាគ និងសង្គមស៊ីវិល លើកឡើងថា ការលើកឡើងរបស់ការិយាល័យចរាចរណ៍ផ្លូវគោក ជាការដោះសារយករួចខ្លួន ទាក់ទិននឹង ឡានធំដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចខណ្ឌមានជ័យ មិនស្ថិតក្នុងតំបន់ហាមឃាត់ ។ យ៉ាងណាភាពង៉ឺងឆ្ងល់ថា អាជ្ញាធរកំណត់តំបន់ហាមឃាត់ត្រឹមតែ ៤ ខណ្ឌ ខណៈគ្រប់ខណៈទាំងអស់ សុទ្ធតែមានការចរាចរណ៍មមាញឹកដូចគ្នានោះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ការឆ្លើយរបស់អាជ្ញាធរក្រុង ដែលថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយឡានធំ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យទាំងថ្ងៃ នោះ មិនមែនជាកន្លែងហាមឃាត់ឡានធំចូលទេ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ឃើញថា គ្រាន់ជាការឆ្លើយដោះសារតែប៉ុណ្ណោះ ដោយលោកលើកឡើងថា វិធានការហាមឃាត់ឡានធំចូលក្រុង តែ ៤ ខណ្ឌ ហាក់មិនគិតដល់អាយុជីវិតប្រជាពលរដ្ឋទូទៅ ខណៈសឹងតែ គ្រប់ខណ្ឌ គ្រប់ទីប្រជុំ ទាំងអស់របស់រាជធានីភ្នំពេញ កំពុងមានការកកស្ទះ និងការចរាចរណ៍មមាញឹកដូចគ្នានោះ ។
ចំពោះ ការវិធានការហាមឡានធំក្រុងភ្នំពេញ តែក្នុងខណ្ឌ ៤ នេះផងដែរ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកជាចម្ងល់ដែរថា តើអាជ្ញាធរក្រុងកំណត់ដែនរាជធានីភ្នំពេញយ៉ាងដូចម្ដេច ខណៈដែលវិសាលភាពរបស់ក្រុងភ្នំពេញ ត្រូវបានពង្រីកកាន់តែធំ ហេតុអ្វីបានអាជ្ញាធរហាមតែ ៤ ខណ្ឌ ដូច្នេះ ។
ជាមួយគ្នានេះ លោក គង់ រតនៈ អ្នកជំនាញផ្នែកចរាចរណ៍ បានលើកឡើងថា វិធានការហាមឡានធំចូលក្រុងភ្នំពេញនេះ ជាវិធានការជាក់ស្ដែង ហើយមិនទាន់មាននូវបទដ្ឋានត្រឹមត្រូវ ដើម្បីធានាដល់សុវត្ថិភាព និងសណ្ដាប់ធ្លាប់បានល្អ និងត្រឹមត្រូវនៅឡើយទេ ដែលត្រូវទាមទារអោយអាជ្ញាធរ ត្រូវខិតខំពង្រឹងការអនុវត្តវិធានការបន្ថែមទៀត ។
សូមបញ្ជាក់ថា ស្ដ្រីវ័យជាង៣០ឆ្នាំម្នាក់ បានស្លាប់គួរឲ្យអណោចអធ័មដែលរថយន្ដធុនធំមួយគ្រឿង បានបុកហើយកិន ដែលកើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកស្ទឹងមានជ័យ លើផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ តែយ៉ាងណា លោក សែន គន្ធា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញលើកឡើងចំពោះអ្នកសារព័ត៌មានថា តំបន់នោះ មិនស្ថិតក្នុងការហាមឃាត់របស់សាលារាជធានីភ្នំពេញនោះឡើយ។
គួររំលឹកដែរថា កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានធ្វើការកោះអញ្ជើញ អាជ្ញាធរខណ្ឌទាំង១២ សមត្ថកិច្ចពាក់ព័ន្ធ និង ក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍នៅក្នុងរាជធានីភ្នំពេញទាំងអស់ មកប្រជុំដើម្បីណែនាំពីការងារមួយចំនួន ពាក់ព័ន្ធនឹងការហាមរថយន្ត ធំៗចេញ ចូលក្នុងរាជធានីភ្នំពេញ ដោយលោក ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ចំពោះរថយន្តធុនធំដឹកទំនិញគ្រប់ប្រភេទ គឺមិនមានការអនុញ្ញាតឲ្យចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃជាដាច់ខាត គឺចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៩យប់។
ដោយឡែក ចំពោះរថយន្តក្រឡុកស៊ីម៉ងត៍ អាចធ្វើចរាចរណ៍បាននៅម៉ោង៩ព្រឹក ប៉ុន្តែត្រូវផ្អាកនៅក្នុងម៉ោងដែលកម្មករ បុគ្គលិក សិស្សានុសិស្សចេញពីសាលារៀន និងចេញពីបំពេញការងារ នោះ គឺនៅម៉ោង១១ព្រឹកម៉ោង២រសៀល និងម៉ោង៥ល្ងាច ត្រូវផ្អាកការធ្វើចរាចរណ៍ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!