លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំមន្រ្តីរបស់ខ្លួន សហការល្អជាមួយអង្គការសង្គមស៊ីវិល ខណៈសង្គមស៊ីវិលថានេះជាកាវិវត្តន៍ទៅរកភាពវិជ្ជាមាន តែនៅតែមានចំនុចគួរកែលម្អ
ក្រុមសង្គមស៊ីវិល គាំទ្រចំពោះការណែនាំរបស់រដ្ឋមន្ត្រីក្រសូងមហាផ្ទៃ កុំអោយអាជ្ញាធរមូលដ្ឋាន ខឹង ឬ ស្អប់ចំពោះការរិះគន់របស់សង្គមស៊ីវិល ខណៈក្រុមសង្គមស៊ីវិល លើកឡើងថា កិច្ចសហការរវាងរដ្ឋាភិបាលជាមួយសង្គមស៊ីវិល មានការវិវត្តមួយកម្រិត ប៉ុន្តែនៅតែមានការរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាព ជាដដែរ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នាយិការអង្គការសីលការ លោកស្រី ធីតា ឃឹះ សម្ដែងការគាំទ្រ ចំពោះការណែនាំរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានធ្វើការណែនាំ ដល់អាជ្ញាធរខេត្តនីមួយៗ កុំស្អប់ ឬខឹង ចំពោះការរិះគន់ ឬការផ្ដល់យោបល់កែតម្រូវ ពីក្រុមសង្គមស៊ីវិល ក៏ប៉ុន្តែលោកស្រីបានបញ្ជាក់ថា ជាក់ស្ដែងនោះ សិទ្ធិសេរីភាពរបស់ក្រុមសង្គមស៊ីវិលនៅតាមមូលដ្ឋាន នៅតែមានបញ្ហាប្រឈម និងការរឹតត្បិត ជាដដែរ ។
ជាមួយគ្នានេះ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានលើកឡើងថា រាល់ការរិះគន់របស់ក្រុមសង្គមស៊ិវិល មិនមែនប្រឆាំងជាមួយអាជ្ញាធរនោះទេ ដោយលោកបញ្ជាក់ថា គ្រាន់តែជាការបំពេញបន្ថែម ក៏ដូចជា ផ្ដល់យោបល់ក្នុងការរកដំណោះស្រាយមួយសម្រាប់ផលប្រយោជន៍រួម ដែលសង្គមជាតិ និងប្រជាពលរដ្ឋ កំពុងជួបប្រទះ តែប៉ុណ្ណោះ ។
ស្រដៀងគ្នានេះដែរ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា កិច្ចការចំបងរបស់ក្រុមសង្គមស៊ីវិល គឺ ការចូលរួមកែលម្អ អភិបាលកិច្ច ក៏ដូចជាការចូលរួមចំឡែកកែទម្រង់ប្រព័ន្ធរដ្ឋបាលសាធារណៈ របស់អាជ្ញាធរមូលដ្ឋាន នោះក្នុងដែរលោក សន ជ័យ ក៏មានការសោកស្ដាយចំពោះអាជ្ញាធរមួយចំនួន មានការខឹងសម្បារ និងស្អប់ ក្រុមសង្គមស៊ីវិល ក្នុងការរិះគន់ស្ថាបនា ផងដែរ ។
លោកក៏បានបន្ថែមដែរថា សិទ្ធិសេរីភាពក្នុងការធ្វើសកម្មភាព របស់សង្គមស៊ីវិល នៅតែមានការជួបប្រទះបញ្ហាមួយចំនួន ដោយមានការឃ្លាំងមើល និងរឹតត្បិតពីអាជ្ញាធរមូលដ្ឋាន ជាដើម ។
សម្រាប់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ស្វាគមន៍ចំពោះការណែនាំរបស់លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែយ៉ាងណាលោក ព្រាប កុល បានលើកឡើងថា កិច្ចសហការរវាងរដ្ឋាភិបាល និងសង្គមស៊ីវិល មានភាពល្អប្រសើរមួយកម្រិត បើទោះបីជាការធ្វើសកម្មភាពមួយចំនួន ហាក់នៅតែរឹតត្បិតពីអាជ្ញាធរ យ៉ាងណាក្ដី ។
គួរកត់សម្គាល់ថា កាលពីងថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៩ ក្នុងពិធីបិទសន្និបាតការងាររបស់រដ្ឋបាលខេត្តព្រៃវែង លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសង្គមស៊ីវិលជាតិ និងអន្តរជាតិនៅកម្ពុជា ដោយលោករដ្ឋមន្រ្តី បានធ្វើការណែនាំដល់អាជ្ញាធរខេត្តទាំងអស់ កុំអោយមានទស្សនៈ ខឹង ឬ ស្អប់ចំពោះការរិះគន់ ឬ ការផ្ដល់យោបល់នានា របស់ក្រុមសង្គមស៊ីវិលឡើយ ដោយលោកបញ្ជាក់ថា ជាសិទ្ធិសេរីភាពរបស់អ្នកទាំងនោះ ដែលឈរលើផលប្រយោជន៍ជាតិជាធំ តែប៉ុណ្ណោះ ។ ក្នុងនោះលោក ស ខេង បានជម្រុញអោយអាជ្ញាធរ ត្រូវអញ្ជើញពួកគាត់មកពីគ្រោះយោបល់លើបញ្ហាប្រឈមនានា ដើម្បីឲ្យមានការយល់ពីគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!