អតីតមន្រ្តីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ថា មេដឹកនាំសង្គ្រោះជាតិ ធ្លាប់ទទួលបានផលប្រយោជន៍ ពីបក្សកាន់អំណាច ពីមុនហើយ ទើបស្រម៉ៃថា អ្នកស្នើសិទ្ធិនយោបាយឡើងវិញ សុទ្ធតែទទួលលាភសក្ការៈពីបក្សកាន់អំណាចនោះ
អតីតមន្រ្តីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ថា មេដឹកនាំសង្គ្រោះជាតិ ធ្លាប់ទទួលបានផលប្រយោជន៍ ពីបក្សកាន់អំណាច មុនហើយ ទើបស្រម៉ៃថា អ្នកស្នើសិទ្ធិនយោបាយឡើងវិញ សុទ្ធតែទទួលលាភសក្ការៈពីបក្សកាន់អំណាច នោះ ខណៈអ្នកវិភាគ លើកឡើងថា ជាសិទ្ធិសេរីភាពរបស់អ្នកទាំងនោះ ក្នុងការស្នើសុំសិទ្ធិធ្វើនយោបាយ ដែលកំណត់ដោយច្បាប់ តែប៉ុណ្ណោះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ក្រោយមេដឹកនាំជាន់ខ្ពស់បក្សសង្គ្រោះជាតិ បានលើកឡើងថា អ្នកដែលស្នើសុំសិទ្ធិនយោបាយឡើងវិញ សុទ្ធតែ បានទទួលផលប្រយោជន៍ជាទឹកប្រាក់ជាច្រើន ពីបក្សកាន់អំណាច នោះ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានឆ្លើយតបទៅការចោទប្រកាន់របស់មេដឹកនាំខ្លួន ថា ដោយអ្នកទាំងនោះធ្លាប់ទទួលបានផលប្រយោជន៍ ដែលជាថ្នូរក្នុងការជួយបំពេញការងារអោយបក្សកាន់អំណាច ពីមុនហើយ ទើបពួកគេគិតបែបនេះមកលើពួកលោក ។
លោក គង់ គាំ បានបញ្ជាក់ដែរថា កត្តាដែលជម្រុញអោយលោកសម្រេចស្នើសុំនីតិសម្បទានយោបាយឡើងវិញនេះ ដោយលោកមិនចង់ឃើញដង្ហើមប្រជាធិបតេយ្យនៅកម្ពុជា បាត់បង់នោះទេ ដូច្នេះលោកត្រូវប្រើសិទ្ធិរបស់លោក ក្នុងការស្នើសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ ស្របតាមច្បាប់ដែលបានកំណត់ ។
សម្រាប់លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្ត នៃអតីតបក្សសង្គ្រោះជាតិ ដែលទើបតែទទួលបាននីតិសម្បទានយោបាយឡើងវិញ ពីប្រមុខរដ្ឋស្ដីទី កាលពីថ្ងៃទី ១៨ ខែ មីនា នោះ លោកសុំមិនទាន់បកស្រាយអ្វីនោះទេ ដោយលោកនឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃទី ២៥ ខែ មីនា ខាងមុខនេះ ។
ជាមួយនឹងបញ្ហានេះដែរ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា លោក សន ជ័យ បានលើកឡើងថា ជាសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ ដែលអ្នកទាំងចង់បាននូវសិទ្ធិពេញលេញរបស់ខ្លួនតាមច្បាប់កំណត់ តែប៉ុណ្ណោះ មិនគួរមានការលាបពណ៌គ្នានោះឡើយ ។
ដើម្បីស្ដារស្ថានការណ៍នយោបាយ និងការលើកកម្ពស់ប្រជាធិបតេយ្យនៅកម្ពុជា នោះ លោក សន ជ័យ ក៏ចង់អោយមានការផ្ដល់សិទ្ធិសេរីភាព និងភាពស្របច្បាប់ដល់លោក កឹម សុខា រួមទាំងថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិឡើងវិញ ផងដែរ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមកម្ពុជា លោក មាស នី នឹងរង់ចាំមើលថា អ្នកដែលត្រូវគេលាបពណ៌នោះ នឹងមានចំហយ៉ាងណាក្រោយទទួលបានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ នេះ ក្នុពិធីប្រគល់សញ្ញាបត្រអោយនិស្សិត នៅវិទ្យាស្ថានជាតិអប់រំ បានថ្លែងថា អ្នកនយោបាយ គួរបញ្ឈប់ការលាបពណ៌គ្នា គួរមានការគោរពសិទ្ធិគ្នាទៅវិញទៅមក ដោយលោកលើកឡើងថា ការលាបពណ៌ពីសំណាក់អ្នកនយោបាយប្រឆាំង មកលើអតីតមន្រ្តីរបស់ខ្លួន គឺជាការបំពានសិទ្ធិនយោបាយរបស់បុគ្គល ។
គួរកត់សម្គាល់ដែរថា រយៈពេលចុងក្រោយនេះ មានមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ ឆ្នាំ តាមរយៈសាលក្រមរបស់តុលាការអំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៧ នោះ បានដាក់លិខិតជាបន្តបន្ទាប់ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិនយោបាយឡើងវិញ ហើយក៏ត្រូវបានព្រះមហាក្សត្រ និងប្រមុខស្ដីទី បានចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទានយោបាយជាផ្លូវការ ឡើងវិញ ដោយគិតរហូតដល់ថ្ងៃទី ២១ នេះ មានមន្រ្តីរបស់បក្សសង្គ្រោះជាតិចំនួន ៩ នាក់ ក្នុងនោះមាន ៖ ១. លោក គង់ គាំ ២. លោក គង់ បូរ៉ា ៣. លោក ស៊ឹម សុវណ្ណនី ៤. លោក. រៀល ខេមរិន្ទ្រ ៥. លោក អ៊ូ ច័ន្ទរ័ត្ន ៦. លោកស្រី ទេព សុទ្ធី ៧. លោក កង គឹមហាក់ ៨. លោក ជីវ កត្តា និង ៩. លោក ច័ន្ទ សិលា ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!