សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៖ ការឆ្លើយតប និងបកស្រាយរបស់ប្រតិភូក្រសួងយុត្តិធម៌ ហាក់ជាការឆ្លើយយកតែរួចខ្លួន
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា ការឆ្លើយតប និងបកស្រាយរបស់ប្រតិភូក្រសួងយុត្តិធម៌ ទៅលើបញ្ហា និងសំនួរដែលសមាជិកឧត្តមក្រុមប្រឹក្សា ចោទសួរទាក់ទិនបញ្ហាអសកម្មនាពេលកន្លងមក ហាក់ជាការឆ្លើយយកតែរួចខ្លួន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ក្នុងកិច្ចប្រជុំពិភាក្សារវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងប្រតិភូក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ នេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ៥ សំនួររបស់លោក ដែលបានលើកឡើងជូនប្រតិភូក្រសួងយុត្តិធម៌ នោះ ត្រូវលោករដ្ឋមន្រ្តី បានឆ្លើយតប និងបកស្រាយយ៉ាងខ្លីថា បញ្ហាទាំងអស់នេះ បណ្ដាលមកពី អំពើពុករលួយ ដោយលោកសោកស្ដាយចំពោះចម្លើយ ហាក់គេចវេស ឆ្លើយយករួចតែខ្លួន នោះ ។
លោក ពេជ្រ ស្រស់ បានបន្ថែមទៀតថា ចម្លើយបែបគេចវេសរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជាការបង្ហាញថា ក្រសួងយុត្តិធម៌ ហាក់មិនបានរៀបចំនូវយុទ្ធសាស្រ្តណាច្បាស់លាស់នោះទេ ក្នុងការកែទម្រង់ និងការពង្រឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ។
ជាមួយគ្នានេះ លោក គង់ មុនីកា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើកឡើងដែរថា ក្នុងការបកស្រាយ ក៏ដូចជាការឆ្លើយទៅនឹងសំនួររបស់សមាជិកឧត្តមក្រុមប្រឹក្សា នោះ ប្រតិភូក្រសួងយុត្តិធម៌ បានបកស្រាយជាបញ្ហាទូទៅ ដែលមិនទាន់បានឆ្លើយតបទៅតាមអ្វីដែលពួកលោក ចង់បាននោះ ទេ ។
សម្រាប់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើកយកបញ្ហាការអនុវត្តបទដ្ឋានគតិយុត្តិ ក្នុងទំនាស់ដីធ្លី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក៏ប៉ុន្តែការឆ្លើយតបរបស់លោករដ្ឋមន្រ្តី អង្គវង្ស វឌ្ឍនា មិនទាន់គ្រប់ជ្រុងជ្រោយ និងជាក់លាក់ ដែលលោកចង់បាននោះឡើយ ទោះជាយ៉ាងណាលោក វឌ្ឍនាសាប៊ុង ក៏ទទួលយកការការបកស្រាយនេះ ហើយលោកនឹងធ្វើរបាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ។
ទាក់ទងនឹងករណីទំនាស់ដីធ្លី នៅខេត្តព្រះសីហនុ នេះផងដែរ លោក វឌ្ឍនាសាប៊ុង បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី បានប្រគល់ភារកិច្ចអោយលោក ជា សុផារ៉ា និងលោក វេង សុខុន ធ្វើការសិក្សាគតិយុត្តិឡើវិញហើយ ហើយក៏អាចនឹងប្ដឹងសារើឡើងវិញទៅកាន់តុលាលការកំពូល ផងដែរ ។
ដោយឡែក លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតប បាននោះទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ ប្រតិភូក្រសួងយុត្តិធម៌ ដែលដឹកនាំដោយ លោករដ្ឋមន្រ្តី អង្គវង្ស វឌ្ឍនា បានជួបប្រជុំពិភាក្សាការងារ ជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅវិមានសន្តិភាព ។ ក្នុងនោះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើកឡើងពីបញ្ហា និងសំនួរ ជាច្រើនទៅកាន់ប្រតិភូក្រសួងយុត្តិធម៌ ដែលក្នុងនោះមាន ការកំណែទម្រង់ប្រព័ន្ធតុលាការ បញ្ហាអំពើពុករលួយក្នុងស្ថាប័នតុលាការ បញ្ហានិទណ្ឌភាព ការបង្កើនប្រសិទ្ធភាពការងារ បញ្ហាចង្អៀតណែនពន្ធនាគារ និងបញ្ហាសំខាន់ៗមួយចំនួនទៀត ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!