អ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ជាការជម្រុញដល់កំណើនផលិតកម្មក្នុងប្រទេស និងបង្កើនទីផ្សារប្រកួតប្រជែង ដោយនិរន្តរភាព
ប្រមុខរាជរដ្ឋាភិបាល កម្ពុជា នឹងធ្វើបទបង្ហាញអំពីកំណែទម្រង់ស៊ីជម្រៅ លើប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន នៅថ្ងៃទី ២៩ ខែ មីនា ខាងមុខនេះ ខណៈអ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ការធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ច ជាការជម្រុញដល់កំណើនផលិតកម្មក្នុងប្រទេស និងបង្កើនទីផ្សារប្រកួតប្រជែង ដោយនិរន្តរភាព ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅព្រឹកថ្ងៃទី ២៧ ខែ មីនា នេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ ២០១៧-២០១៨ សរុបចំនួន១,៩១៨នាក់ នៅវិទ្យាស្ថានាជាតិអប់រំ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នៅថ្ងៃ សុក្រទី ២៩ ខែ មីនា ខាងមុខនេះ លោកនឹងចូលរួមវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីធ្វើបទអន្តរាគមលើបញ្ហាសំខាន់ៗជាច្រើន ពីកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ។
ក្នុងនោះដែរ លោកនាយករដ្ឋមន្រ្តី ក៏ប្រកាសកាត់បន្ថយថ្ងៃឈប់សម្រាក ផងដែរ ដើម្បីជួយសម្រួលដល់ភាពងាយស្រួលរបស់ក្រុមធុរកិច្ច ដែលបច្ចុប្បន្នកម្ពុជា មានថ្ងៃឈប់សម្រាកទៅដល់ ២៨ ទៅ ៣០ ថ្ងៃ ឯណោះ ។
ទាក់ទិននឹងការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី បណ្ឌិតសេដ្ឋកិច្ច លោក គី សេរីវឌ្ឍ បានលើកឡើងថា កំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនេះ ជាការបង្កើនមូលដ្ឋានគ្រឹះផលិតកម្មក្នុងប្រទេសដោយខ្លួនឯង ក៏ប៉ុន្តែកម្ពុជា ក៏មិនអាចកាត់ផ្ដាច់ទាំងស្រុងនោះទេ ពីបរទេសខាងក្រៅនោះ ដែលត្រូវតែមានទំនាក់ទំនងគ្នាទៅវិញទៅមក ។
ជាមួយនឹងការកាត់បន្ថយថ្ងៃឈប់សម្រាក លោក គី សេរីវឌ្ឍ លើកឡើងថា ជាការរួមចំឡែកមួយក្នុងការជម្រុញការកាត់បន្ថយថ្លៃដើមក្នុងផលិតកម្មរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងមានឳកាសក្នុងការប្រកួតប្រជែងទីផ្សារ ទៀតផង ។
សម្រាប់លោក ចាន់ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច លើកឡើងថា ការខិតខំកែទម្រង់បែបនេះ នឹងជួយអោយសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ ព្រមទាំងបង្កើនភាពប្រជែងទីផ្សារ ដោយមាននិរន្តរភាព ។
លោកសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន មានខឿនសេដ្ឋកិច្ច ល្អប្រសើរបានមួយកម្រិតទៅលើវិស័យនីមួយៗ តែទោះជាយ៉ាងណាក៏នៅតែមានភាពខ្វះចន្លោះចំណុចមួយចំនួនទៀតផងដែរ ។
គួរកត់សម្គាល់ថា ក្រោយសហភាពអឺរ៉ុប ប្រកាសដក ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា នោះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ស៊ីជម្រៅទៅលើប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះរដ្ឋាភិបាល បានសម្រេចលុបចោលកាំកុងត្រូលនៅតាមព្រំដែន លុបចោលស្ថាប័នកាំសាប និងទម្លាប់ថ្លៃត្រួតពិនិត្យកុងទីនឺរ ផងដែរ ដើម្បីជួយសម្រួល និងធានានូវការធ្វើពាណិជ្ជកម្មរបស់ក្រុមធុរកិច្ចនៅកម្ពុជា ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!