អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លើកឡើងថា ស្ថានីយទាំង ៤ មិនទាន់អាចបំពេញតម្រូវការបាន ១០០ % នោះទេ ក៏ប៉ុន្តែបានជួយសម្រួលជាអតិបរមា ក្នុងការកាត់បន្ថយការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រ
អ្នកជំនាញបរិស្ថាន និងអ្នកវិភាគ ជម្រុញអោយអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង និងការប្រើប្រាស់ស្ថានីយ៍បូម និងចម្រោះទឹកកខ្វក់អោយមានប្រសិទ្ធភាព ខណៈអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លើកឡើងថា ស្ថានីយទាំង ៤ មិនទាន់អាចបំពេញតម្រូវការបាន ១០០ % នោះទេ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកជំនាញផ្នែកបរិស្ថាន លោក ហែម ឧត្តម មើលឃើញថា ស្ថានីយ៍បូមទឹកកខ្វក់ទាំង ៤ ក្នុងខេត្តព្រះសីហនុ ជាបច្ចេកវិទ្យាទំនើបថ្មីមួយក្នុងការចម្រោះទឹកកខ្វក់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ប៉ុន្តែបញ្ហាសំខាន់ដែលអាជ្ញាធរ ត្រូវយកចិត្តទុកដាក់នោះ គឺការគ្រប់គ្រង និងការប្រើប្រាស់ស្ថានីយ៍បូមទឹកកខ្វក់នេះ ដោយរបៀបណានោះវិញ ។
អ្នកបរិស្ថានរូបនេះ ក៏បានជម្រុញអោយអាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ ត្រូវមានការពិភាក្សាគ្នា ជាមួយម្ចាស់អាជីវកម្ម ក៏ដូចជាប្រជាជន ទៅលើតម្រូវការជាក់ស្ដែង និងមានតម្លាភាព ក្នុងការប្រើប្រាស់ស្ថានីយបូមទឹកកខ្វក់នៅក្នុងតំបន់ឆ្នេរសមុទ្រមូយនេះ ។
ជាមួយគ្នានេះ អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ សាទរចំពោះការខិតខំរបស់អាជ្ញាធរខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការដោះស្រាយបញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រ ក៏ប៉ុន្តែកញ្ញា លី ស្រីស្រស់ បានលើកឡើងថា នៅមានបញ្ហាមួយចំនួនទៀតដែលទាក់ទងនឹងបរិស្ថាននៅក្នុងខេត្តជាប់សមុទ្រមួយនេះ គឺ បញ្ហាការគ្រប់គ្រងសំអាម និងបញ្ហាកាកសំណល់ ព្រមទាំងកម្ទេចកម្ទីការដ្ឋានសំណង់ មួយចំនូនទៀត ដែលជាបញ្ហាប្រឈម ហើយអាជ្ញាធរ ត្រូវមានការដោះស្រាយផងដែរ ។
ដោយឡែក លោក ឳ សារឿន អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ស្ថានីយ៍បូម និងចម្រោះទឹកកខ្វក់ទាំង ៤ នេះ មិនទាន់អាចបំពេញតម្រូវការបាន ១០០ % នោះទេ ក៏ប៉ុន្តែបានជួយសម្រួលបានជាអតិបរមា លើការកាត់បន្ថយការបង្ហូរទឹកស្អុយចូលទៅសមុទ្រមួយចំណែកធំនៅរដូវប្រាំងនេះ ។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា អាជ្ញាធរខេត្ត និងគណៈកម្មការអន្តរក្រសួង នឹងពិនិត្យទៅលើលទ្ធភាពថវិកាចំណាយបន្ថែមទៀត ទៅលើគម្រោងសាងសង់ស្ថានីយ៍ចម្រោះទឹកស្អុយនេះ ជាច្រើនកន្លែងទៀតផងដែរ ដោយលោកបញ្ជាក់ថា ដោយឆ្នេរសមុទ្រកម្ពុជា មានប្រវែងលាតសន្ធឹងវែង ដូច្នេះអាជ្ញាធរធ្វើការដោះស្រាយលើតំបន់សំខាន់ៗ និងមានអូរធំៗ ជាមុនសិន ។
នៅថ្ងៃនេះ ផងដែរ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាននោះទេ ដោយលោកជាប់ប្រជុំ ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី ២៦ មីនា អាជ្ញាធរខេត្តព្រះសីហនុបានលុបដីបិទអូរដែលបង្ហូរទឹកកខ្វក់ចូលសមុទ្រដោយបង្វែរទឹកនោះតាមរយៈស្ថានីយបូមទឹកកខ្វក់ទាំង ៤ ទីតាំងដែលទើបសង់រួចឲ្យបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយចម្រោះដែលមានទំហំ ១៦ ហិកតានៅឆ្នេរអូរឈើទាលមុនពេលបង្ហូរទៅសមុទ្រ។ ជាមួយការបិទមាត់អូរកុំឱ្យទឹកកខ្វក់ហូរចូលសមុទ្រនេះធ្វើឡើងបន្ទាប់ពីស្ថានីយបូមទឹកកខ្វក់ទី១ ទី២ ទី៣ និងទី៤ បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់តាំងពីថ្ងៃទី ២៥ មីនា ដើម្បីសម្អាតទឹកសមុទ្រឲ្យស្អាតដូចដើមវិញ ។ បន្ថែមពីនេះ កាលពីថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩ កន្លងទៅ ខេត្តព្រះសីហនុ ក៏ទទួលបាននូវគ្រឿងចក្រសំអាតឆ្នេរចំនួនពីរ គ្រឿង ពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!